ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

រដ្ឋមន្រ្តីសង្គមកិច្ច៖ រាជរដ្ឋាភិបាលកម្ពុជាតែងផ្តោតការយកចិត្តទុកដាក់ពីការងារពិការភាពធ្វើយ៉ាងណាឲ្យមានគុណភាពជីវិតល្អ និងពេញលេញក្នុងសង្គម

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក ជា សុមេធី ថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា តែងតែផ្តោតការយកចិត្តទុកដាក់គិតគូរអំពីការងារពិការភាព ក្រោមចក្ខុវិស័យធ្វើយ៉ាងណាឲ្យជនមានពិការភាព មានគុណភាពជីវិតល្អ ចូលរួមយ៉ាងសកម្ម ស្មើភាព និងពេញលេញនៅក្នុងសង្គម ដែលមានការគោរពសិទ្ធិ សេចក្តីថ្លៃថ្នូរ និងការធ្វើបរិយាបន្នពិការភាពទៅក្នុងគ្រប់វិស័យ និងការអភិវឌ្ឍ។

លោក ជា សុមេធី លើកឡើងដូចនេះក្នុង ពិធីខួបទី៣០ឆ្នាំ របស់ដេប៉ាតឺម៉ង់វិស្វកម្មឧបករណ៍សិប្បនិម្មិត និងរណប នាថ្ងៃពុធ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសណ្ឋាគាកាំបូឌីយ៉ាណា។

ថ្លែងក្នុងពិធីខាងលើនេះ លោក ជា សុមេធី បានបញ្ជាក់ថា ការបណ្តុះបណ្តាលបច្ចេកទេសផលិតឧបករណ៍អវយវៈ និងរណប និងការស្តារលទ្ធភាពពលកម្ម ដែលមានតួនាទីយ៉ាងសំខាន់ក្នុងការផលិត និងបំពាក់ឧបករណ៍សិប្បនិម្មិត និងរណប និងឧបករណ៍ជំនួយ ផ្សេងៗទៀត នៅតាមមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាទូទាំងប្រទេស ដើម្បីឆ្លើយតបនឹងកម្មវិធី នយោបាយ ឆ្នាំ២០២៣-២០២៨ ក៏ដូចជាយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា និងផែនការយុទ្ធសាស្ត្ររបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។

លោក ជា សុមេធី បានលើកឡើងឱ្យដឹងទៀតថា ក្រសួងសង្គមកិច្ច បាននឹងកំពុងអនុវត្តផែនការយុទ្ធសាស្ត្រ រយៈពេល ៥ឆ្នាំ (២០១៩-២០២៣) ដោយបាន ចាត់ទុកការងារពិការភាព និងស្តារលទ្ធភាពពលកម្មជូនជនមានពិការភាព ជាការងារអាទិភាពមួយក្នុងចំណោម ការងារអាទិភាព ទាំង៧ របស់ក្រសួង ខណៈការងារអាទិភាពទាំងនេះ បាននឹងកំពុងត្រូវបានអនុវត្តដោយ ក្រុមប្រឹក្សាសកម្មភាពជនពិការ មូលនិធិជនពិការ និងនាយកដ្ឋានសុខុមាលភាពជនពិការ។

ជាមួយគ្នានេះ លោកក៏បានបញ្ជាក់ដែរថា ដើម្បីកែលម្អវិស័យពិការភាពនៅកម្ពុជា ឱ្យមានប្រសិទ្ធិភាព តាមរយៈការលើកកម្ពស់សិទ្ធិ និងគុណភាពជីវិតរបស់ជនមានពិការភាព ក្រសួងសង្គមកិច្ចបានផ្តល់ឱកាសឲ្យជនមានពិការភាពទទួលបានសមភាពក្នុងការប្រើប្រាស់សេវាសង្គម និងសេវាសាធារណៈប្រកបដោយគុណភាព។

លោកបានបន្ថែមទៀតថា ក្រសួងក៏បានលើកទឹកចិត្តជនមានពិការភាពចូលរួមរាល់សកម្មភាពសង្គម ដូចជាការចូលរួមក្នុងសកម្មភាពនយោបាយ (ការបោះឆ្នោត និងឈរជាបេក្ខជនសម្រាប់ការបោះឆ្នោត) ការចូលបម្រើការងារក្នុងស្ថាប័នរដ្ឋ និងវិស័យឯកជន ការចូលរួមក្នុងការផ្តល់សេចក្តីសម្រេចចិត្តក្នុងការរៀបចំផែនការ អភិវឌ្ឍន៍នានា ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ការចូលរួមសកម្មភាពសិល្បៈ កីឡា ធានាបាននូវសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់ជនមានពិការភាពត្រូវបានគោរព និងលើកកម្ពស់។

រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក ជា សុមេធី បានអំពាវនាវដល់ដៃគូទាំងអស់ សូមពិនិត្យមើលលទ្ធភាពរបស់ខ្លួនតាមលទ្ធភាពដែលអាចធ្វើទៅបាន ក្នុងការចូលរួមចំណែកដើម្បីសម្រេចបាននូវគោលបំណងរួមរបស់យើងក្នុងការធានានូវប្រសិទ្ធភាព សក្តិសិទ្ធភាព និងនិរន្តរភាពនៃកម្មវិធីស្តារលទ្ធភាពពលកម្មកាយសម្បទាជូនជនមានពិការភាព និងបន្តការគាំទ្រលើការបណ្តុះបណ្ដាលអ្នកបច្ចេកទេសផលិតអវយវៈ សប្បនិម្មិត និងរណបឲ្យមានដំណើរការប្រកបដោយនិរន្តរភាព។

គួរឱ្យដឹងដែរថា រាជរដ្ឋាភិបាលតែងតែលើកទឹកចិត្ត និងជំរុញឲ្យមានការចូលរួមពីអង្គការមិនមែនរដ្ឋាភិបាលជាតិ-អន្តរជាតិ និងដៃគូអភិវឌ្ឍន៍ ដើម្បីបង្កើត និងអនុវត្តកម្មវិធីនានា ឆ្លើយតបនឹងត្រូវការរបស់ជនមានពិការភាព៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក