លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

ធនាគារជាតិកម្ពុជា និងចិន ចុះ MoU ចំនួន២ ដើម្បីជំរុញនវានុវត្តន៍ក្នុងវិស័យធនាគារ និងប្រព័ន្ធទូទាត់សងប្រាក់

ភ្នំពេញ៖ ធនាគារជាតិកម្ពុជា និងធនាគារកណ្តាលចិន នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីក្រុងប៉េកាំង បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការនវានុវត្តន៍ហិរញ្ញវត្ថុនិងប្រព័ន្ធទូទាត់សងប្រាក់ និងកិច្ចសម្របសម្រួលក្នុងការទូទាត់ និងផាត់ទាត់នៅកម្ពុជា រវាងធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលចិន។

ទេសាភិបាល ធនាគារកណ្តាលចិន លោក Pan Gongsheng និងលោកស្រី ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអញ្ជើញ ចូលរួមជាអធិបតីក្នុងពិធីនេះ និងបានអញ្ជើញចុះហត្ថលេខាលើអនុស្សរណៈទាំងពីរ។

ភាគីទាំងពីរបានចុះ MOU ចំនួន២ គឺអនុស្សរណៈទី១ ផ្ដោតលើកិច្ចសហប្រតិបត្តិការនវានុវត្តន៍ហិរញ្ញវត្ថុ និងប្រព័ន្ធទូទាត់សងប្រាក់ ដើម្បីលើកកម្ពស់សុវត្ថិភាព និងប្រសិទ្ធភាពប្រតិបត្តិការទូទាត់ឆ្លងដែនរវាងព្រះរាជាណាចក្រកម្ពុជានិង សាធារណរដ្ឋប្រជាមានិតចិន និងជំរុញនវានុវត្តន៍ និងវិសាលភាពបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុឱ្យកាន់តែទូលំទូលាយ។

កិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌនេះនឹងជួយបង្កើនទំនុកចិត្ត សុវត្ថិភាព ប្រសិទ្ធភាព ស្ថិរភាព និងបរិយាបន្តបន្ថែមទៀត ព្រមទាំងគាំទ្រគោលនយោបាយដែលរាជរដ្ឋាភិបាល កម្ពុជាបានដាក់ចេញ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល។ សម្រាប់អនុស្សរណៈទី ២ ផ្តោតទៅលើការបង្កើតកិច្ចសម្របសម្រួលក្នុងការទូទាត់ និងផាត់ទាត់នៅកម្ពុជា។

ភាគីទាំងពីរបានឯកភាពគ្នាបង្កើនកិច្ចសម្របសម្រួល និងកិច្ចសហប្រតិបត្តិការ ដើម្បីពង្រឹងសមត្ថភាព នៃវិស័យធនាគារនៅកម្ពុជា សំដៅជួយសម្រួលពាណិជ្ជកម្ម វិនិយោគ និងលំហូរហិរញ្ញវត្ថុរវាងប្រទេស ទាំងពីរដែលកំពុងកើនឡើងជាលំដាប់ឱ្យកាន់តែរលូនជាងមុនបន្ថែមទៀត។

ក្របខណ្ឌកិច្ចសហប្រតិបត្តិការ នេះក៏នឹងចូលរួមចំណែកក្នុងការពង្រឹងសមត្ថភាពប្រកួតប្រជែង និងបង្កើនសក្តានុពលរបស់កម្ពុជាឱ្យ ក្លាយជាគោលដៅវិនិយោគដ៏គួរឱ្យទាក់ទាញ តាមរយៈផលិតផល និងសេវាកម្មហិរញ្ញវត្ថុថ្មីៗ ដែលគ្រឹះស្ថានធនាគារនៅកម្ពុជានឹងផ្តល់ជូនដល់វិនិយោគិនចិន៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក