
រដ្ឋមន្ត្រីអធិការកិច្ច ថ្លែងអំណរគុណដល់ចក្រភពអង់គ្លេស ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគី និងការផ្តល់ជំនួយជាច្រើន ដល់ប្រទេសកម្ពុជា
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច លោក ហួត ហាក់ បានថ្លែងអំណរគុណដល់ថ្លែងអំណរគុណដល់ចក្រភពអង់គ្លេស ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគី និងការផ្តល់ជំនួយជាច្រើន ដល់ប្រទេសកម្ពុជាមានជាអាទិ៍ ជំនួយវ៉ាក់សាំង AstraZeneca នៅក្នុងវិបត្តិជំងឺកូវីដ-១៩ សាលាក្តីខ្មែរក្រហម សកម្មភាព កម្ចាត់មីន និងវិស័យអប់រំក្រោមអាហារូបករណ៍ឈឺវិននឹង (Chevening)។
លោក ហួត ហាក់ ថ្លែងអរគុណដូចនេះ ក្នុងឱកាសទទួលស្វាគមន៍ និងពិភាក្សាការងារជាមួយ ឯកអគ្គរាជទូតនៃចក្រភពអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជា លោក Dominic WILLIAMS នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួង។
ជាកិច្ចបន្ទាប់ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនអំពីស្ថានភាពនយោបាយដែលមានសភាពល្អប្រសើរលើគ្រប់ ទិដ្ឋភាពរួមមាន៖ នយោបាយ សង្គម សេដ្ឋកិច្ច ដែលបង្កបរិយាកាសអនុគ្រោះ និងអំណោយផលដល់ការអភិវឌ្ឍ សង្គមជាតិ និងទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសបន្ថែមទៀត។
ឆ្លៀតក្នុងឱកាសនៃជំនួបទ្វេភាគីនេះ លោក ហួត ហាក់ បានលើកសំណូមពរមួយចំនួនតាមរយៈ ឯកអគ្គរដ្ឋទូត រួមមាន ការផ្សារភ្ជាប់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងក្រសួងអធិការកិច្ច និងស្ថាប័នដែលបំពេញការងារ លើវិស័យអធិការកិច្ចនៅចក្រភពអង់គ្លេស ដើម្បីអាចធ្វើការផ្លាស់ប្តូរ និងដកស្រង់បទពិសោធល្អៗក្នុងការពង្រឹង សមត្ថភាពស្ថាប័ន និងការផ្តល់ជំនួយបច្ចេកទេស ជាពិសេសអ្នកជំនាញបច្ចេកទេស ដើម្បីជួយក្នុងការរៀបចំសេចក្តីព្រាងច្បាប់ ស្តីពីអធិការកិច្ច និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងៗទៀតដែលក្រសួងកំពុងរៀបចំ ព្រមទាំងស្នើសុំកិច្ចសហប្រតិបត្តិការដើម្បីពង្រឹងសមត្ថភាពវិទ្យាស្ថានជាតិអធិការកិច្ច។
ទន្ទឹមនោះ ឯកអគ្គរាជទូតរូបនេះ ក៏បានថ្លែងអំណរគុណដល់រដ្ឋមន្ត្រអធិការកិច្ចកម្ពុជា ដែលបានឆ្លៀតពេលវេលា អនុញ្ញាតឱ្យលោក និងសហការី ជួបសម្តែងការគួរសម និងរាយការណ៍អំពី សកម្មភាពការងារកន្លងមក ជាពិសេសសកម្មភាពសំខាន់ៗទាក់ទងនឹងការអបអរសាទរខួបលើកទី៧០ឆ្នាំនៃ ទំនាក់ទំនងការទូតរវាងកម្ពុជា និងអង់គ្លេស។
ឯកអគ្គរដ្ឋទូត លោក Dominic WILLIAMS រីករាយស្វាគមន៍ទទួលយកសំណើផ្សារភ្ជាប់ទំនាក់ទំនងសហប្រតិបត្តិការ រវាងក្រសួងអធិការកិច្ចរបស់កម្ពុជា ជាមួយស្ថាប័នដែលបំពេញការងារលើវិស័យអធិការកិច្ចនៅចក្រភពអង់គ្លេស ក៏ដូចជា សំណើបញ្ជូនអ្នកជំនាញបច្ចេកទេស ដើម្បីរៀបចំលិខិតបទដ្ឋានគតិយុត្ត និងពង្រឹងសមត្ថភាពស្ថាប័ន ដោយ សម្របសម្រួលឱ្យមានការជួបពិភាក្សារវាងក្រុមការងារបច្ចេកទេសដែលមកពីចក្រភពអង់គ្លេស និងតំណាងក្រសួង អធិការកិច្ចនាពេលឆាប់ៗខាងមុខនេះ៕