ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា លោក Patrick Murphy បញ្ជាក់ថា អាមេរិកនឹងជួយជំរុញភ្ញៀវទេសចររបស់ខ្លួនឱ្យមកទស្សនានៅកម្ពុជាឱ្យមានកំណើនបន្ថែមទៀត និងបន្តរួមចំណែកជួយអភិវឌ្ឍ និង អភិរក្ស វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់របស់កម្ពុជា ជាពិសេសនឹងបន្តប្រគល់វត្ថុបុរាណដែលខ្លួនសម្របសម្រួល និងចាត់ចែងឱ្យមានប្រគល់ត្រលប់ជូនប្រទេសកម្ពុជា ជាម្ចាស់ដើមវិញ។
លោក Patrick Murphy ថ្លែងដូចនេះ ក្នុងឱកាសជួបពិភាក្សាការងារជាមួយ ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ លើបញ្ហាសំខាន់ៗមួយចំនួន ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ។
ក្នុងជំនួបនេះដែរ ឯកអគ្គរដ្ឋទូត Patrick Murphy បានធ្វើកត់សម្គាល់ឃើញថា កន្លងមក សហរដ្ឋអាមេរិក បានធ្វើកិច្ចសហប្រតិបត្តិការជាច្រើន ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ដោយគោរពអធិបតេយ្យភាព និងឯករាជ្យភាពរបស់ប្រទេសកម្ពុជា។
លោក Patrick Murphy ក៏បានលើកឡើងថា អាមេរិកគឺជាទីផ្សារនាំចេញធំជាងគេរបស់កម្ពុជា លើ ផលិតផលវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ ដោយអាមេរិកស្នើឱ្យកម្ពុជាបង្កើនការនាំចូលផលិតផលពីអាមេរិកមកកាន់ទីផ្សារកម្ពុជាឱ្យកាន់តែច្រើនបន្ថែមទៀតផងដែរ។
ជាមួយគ្នានេះ លោក វង្សី វិស្សុត បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងសហរដ្ឋអាមេរិក ទោះបីពេលខ្លះក៏ធ្លាប់មាន ភាពប្រសើរឡើង ហើយពេលខ្លះទៀតក៏ធ្លាក់ចុះក្តី (ups and downs) តែអាមេរិក ពិតជាមានសារៈសំខាន់ចំពោះកម្ពុជា ហើយកម្ពុជាពិតជាចង់ឃើញទំនាក់ទំនងរវាងកម្ពុជា-អាមេរិកកាន់តែ ប្រសើរឡើង ដើម្បីផលប្រយោជននៃប្រទេសទាំងពីរ។
ឧបនាយករដ្ឋមន្ត្រីប្រចាំ វង្សី វិស្សុត ក៏បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់សហរដ្ឋអាមេរិកក្នុងការជួយអភិរក្ស និងអភិវឌ្ឍន៍វប្បធម៌ និងបេតិកភណ្ឌជាតិ ដូចជាការ ជួសជុលប្រាសាទបាក់ខែង និងប្រាសាទព្រះវិហារ ជាដើម ជាពិសេសការចូលរួមសហការជួយបញ្ជូនវត្ថុបូរាណពីសហរដ្ឋអាមេរិកមកកាន់ប្រទេសកម្ពុជាវិញផងដែរ។
ទន្ទឹមនេះ លោក វង្សី វិស្សុត បានស្នើសុំភាគីអាមេរិកជួយជំរុញភ្ញៀវទេសចរ និងវិនិយោគិនអាមេរិក ឱ្យមកដើរលេងកម្សាន្ត និងសម្លឹងឱកាសវិនិយោគនៅកម្ពុជាបន្ថែមទៀត។ ជាពិសេស លោកបានលើកទឹកចិត្តឱ្យភ្ញៀវទេសចរអាមេរិកទស្សនាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្របេតិកភណ្ឌជាតិ នៅខេត្តសៀមរាបអង្គរ ស្របពេលរាជរដ្ឋាភិបាលកំណត់យកឆ្នាំ២០២៤ គឺជា «ឆ្នាំទស្សនាខេត្តសៀមរាប»។
ក្នុងជំនួបនេះដែរ ភាគីទាំងពីរ ក៏បានពិភាក្សា និងផ្លាស់ប្តូរមតិយោបល់លើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ក៏ដូចជាក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការ ក្នុងក្របខណ្ឌតំបន់ ដើម្បីចូលរួមចំណែកជួយពង្រឹងវិបុលភាព ស្ថិរភាព និងសន្តិភាពក្នុងតំបន់ ក៏ដូចជាពិភពលោកផងដែរ។ ភាគីទាំងពីរក៏បានពិភាក្សាគ្នាលើការពង្រឹង និងពង្រីកកិច្ចសហការប្រតិបត្តិការលើ វិស័យសំខាន់ៗមួយចំនួន ដូចជាវិស័យអប់រំ សេដ្ឋកិច្ច កសិកម្ម និងបរិស្ថានជាដើម។
ភាគីទាំងពីរ ក៏បានជជែកគ្នាលើបញ្ហាប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ការប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាពិសេសភាគីទាំងពីរបានផ្លាស់ប្តូរយោបល់គ្នាជុំវិញដំណើការលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស នៅក្នុងពិភពលោក ក៏ដូចនៅប្រទេសកម្ពុជាផងដែរ៕