ហ្វីលីពីន និងជប៉ុនចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិដ៏សំខាន់មួយនៅថ្ងៃចន្ទនេះ | ទេសចរមកច្រើនពេកនៅអេស្ប៉ាញធ្វើឱ្យពលរដ្ឋធ្វើបាតុកម្មដេញទៅផ្ទះវិញ | អាជ្ញាធរសង្គ្រោះស្ត្រីជនជាតិថៃម្នាក់ បន្ទាប់ពីលោតរត់គេចខ្លួនពីបន្ទប់ក្នុងសណ្ឋាគារមួយកន្លែងក្នុងក្រុងព្រះសីហនុ | ក្រសួងសុខាភិបាលរកឃើញករណីជំងឺផ្តាសាយបក្សី H5N1 លើក្មេងស្រីអាយុ ៥ឆ្នាំម្នាក់នៅស្រុកគិរីវង្ស ខេត្តតាកែវ |

ផ្លូវជាតិលេខ៥ ជាខ្សែផ្លូវស្ថិតក្នុងរបៀងសេដ្ឋកិច្ចភាគខាងត្បូងដ៏មានសក្តានុពុល

ភ្នំពេញ៖ គម្រោងធ្វើឱ្យប្រសើរឡើងវិញនូវ «ផ្លូវជាតិលេខ៥» ដែលតភ្ជាប់ពីរាជធានីភ្នំពេញ ទៅខេត្តកណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និងបណ្តាខេត្តជាប់ព្រំប្រទល់ផ្សេងៗទៀត ត្រូវបានដាក់ឱ្យសម្ពោធជាផ្លូវការនាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមអធិបតីភាពនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត និងឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោក អ៊ូអិណុ អាត់ស៊ូស៊ី (UENO Atsushi)។

ផ្លូវជាតិលេខ៥ ប្រវែងសរុបជាង ៣៣០គីឡូម៉ែត្រ ត្រូវបានធ្វើឱ្យប្រសើរឡើងវិញក្នុងរយៈពេល ៧ឆ្នាំ ដោយប្រើថវិកាសរុបប្រមាណ ៦៩១លានដុល្លារអាមេរិកដែលជាឥណទានសម្បទានពីរដ្ឋាភិបាលជប៉ុន។

ផ្លូវជាតិលេខ៥ គឺជាផ្នែកមួយនៃផ្លូវអាស៊ានហាយវ៉េលេខ១ (AH1) ដែលតភ្ជាប់គ្នារវាងទីក្រុងបាងកក រាជធានីភ្នំពេញ និងទីក្រុងហូជីមិញ និងជាខ្សែផ្លូវស្ថិតក្នុងរបៀងសេដ្ឋកិច្ចខាងត្បូងដ៏មានសក្តានុពលដែលនឹងជំរុញឱ្យមានការប្រកួតប្រជែងខ្លាំងក្នុងមហាអនុតំបន់មេគង្គ (GMS) និងក្នុងតំបន់អាស៊ានផងដែរ។

លោក អ៊ូអិណុ អាត់ស៊ូស៊ី បានថ្លែងឱ្យដឹងថា កម្ពុជាត្រូវបានរំពឹងទុកថានឹងក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូនក្នុងតំបន់។ លោកបន្តថា ផ្លូវជាតិលេខ៥ ដែលតភ្ជាប់ពីភ្នំពេញ ទៅប្រទេសវៀតណាមនិងថៃ នឹងក្លាយជាហេដ្ឋារចនាសម្ព័ន្ធយ៉ាងសំខាន់សម្រាប់បម្រើឱ្យការអភិវឌ្ឍក្នុងតំបន់ និងជួយសម្រួលដល់ការផ្លាស់ប្តូរធនធានមនុស្ស និងសម្ភារ ក៏ដូចជាទំនិញផ្សេងៗឱ្យកាន់តែរលូនជាមួយនឹងប្រទេសថៃ និងវៀតណាម។

លោកបន្តថា ផ្លូវជាតិលេខ៥នេះ នឹងរួមចំណែកឱ្យកម្ពុជាក្លាយជាគោលដៅស័ក្តិសមសម្រាប់ការវិនិយោគឯកជន និងជួយគាំទ្រដល់ការលើកកម្ពស់សេដ្ឋកិច្ច និងកម្រិតជីវភាពរបស់ពលរដ្ឋនៅប្រទេសកម្ពុជា និងតំបន់មេគង្គទាំងមូល។

នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា គម្រោងធ្វើឱ្យប្រសើរឡើងនូវកំណាត់ផ្លូវជាតិលេខ៥នេះ គឺជានិមិត្តរូបនៃទំនាក់ទំនងដ៏រឹងមាំរវាងកម្ពុជា និងជប៉ុន។ សម្តេចធិបតីរំពឹងថា រដ្ឋាភិបាលជប៉ុននឹងបន្តគាំទ្រក្នុងការកសាង និងការអភិវឌ្ឍនៅកម្ពុជាជាបន្តទៀត ខណៈឆ្នាំនេះខួប៧០ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងជប៉ុន៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក