ព្រះសីហនុ៖ នាវាទេសចរណ៍មួយទៀតឈ្មោះ Oceania Regatta ដែលមានផ្ទុកភ្ញៀវទេសចរចម្រុះជាតិសាសន៍ជាង ៦០០នាក់ ចូលចតនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ។
នាព្រឹក ថ្ងៃពុធ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ មាននាវាទេសចរណ៍ឈ្មោះ Oceania Regatta សញ្ជាតិ Marshal Islands មកពីប្រទេសវៀតណាម ផ្ទុកភ្ញៀវទេសចរសរុប ៦២៨នាក់ ក្នុងនោះមានស្រី ៣៥នាក់ មាននាវិក ៣៩២នាក់ ស្រី ៨៧នាក់។
នាវាទេសចរណ៍ Oceania Regatta នេះ មានភ្ញៀវទេសចរភាគច្រើនជា ជនជាតិអាមេរិក កាណាដា និងអង់គ្លេស។
ទន្ទឹមនោះដែរ ភ្ញៀវមកពីនាវាទេសចរណ៍ខាងលើនេះ បានទៅទស្សនានៅតាមតំបន់ឆ្នេរ ផ្សារលើ វត្តលើ និងវត្តក្រោមជាដើម។ អាជ្ញាធរខេត្ត សមត្ថកិច្ច និងមន្ទីរជំនាញពាក់ព័ន្ធ បានទទួលបដិសណ្ឋារកិច្ច ផ្តល់ឯកសារ និងព័ត៌មានអំពីគោលដៅទាក់ទាញទេសចរណ៍ និងរៀបចំសម្របសម្រួលសណ្តាប់ធ្នាប់ និងសុវត្ថិភាពនៅក្នុងក្រុង ក៏ដូចជាតំបន់គោលដៅផ្សេងៗដែលភ្ញៀវទៅទស្សនាកម្សាន្តផងដែរ។
គួរឱ្យដឹងដែរថា កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ មាននាវាទេសចរណ៍ឈ្មោះ AIDA BELLA ដែលមានភ្ញៀវទេសចរណ៍សរុបជាង ២ពាន់នាក់ ចូលចតនៅ កំពង់ផែស្វ័យ័តក្រុងព្រះសីហនុ ផងដែរ ខណៈភ្ញៀវទេសចរបរទេសដែលធ្វើដំណើរតាមនាវាទេសចរណ៍ Aida Bella ធ្វើដំណើរ ទស្សនកិច្ចនៅតាមទីប្រជុំជនក្នុងក្រុងព្រះសីហនុ មានដូចជា ផ្សារលើ រមណីយដ្ឋានវប្បធម៌ មានដូចជា វត្តឥន្ទញ្ញាណ វត្តជោតញ្ញាណ តំបន់នេសាទទំនប់រលក (ភូមិ៣) និងតាមតំបន់ ឆ្នេរសមុទ្រក្នុងក្រុងព្រះសីហនុ៕