នាយករដ្ឋមន្ត្រីណែនាំឱ្យក្រសួងពាក់ព័ន្ធយកចិត្តទុកដាក់ថែទាំ និងជួសជុលហេដ្ឋារចនាសម្ព័ន្ធនៅតាមគ្រប់តំបន់ឱ្យបានល្អប្រសើរ
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងពាក់ព័ន្ធ និងអាជ្ញាធរគ្រប់ជាន់ថ្នាក់គ្រប់បណ្តារាជធានីខេត្តទាំងអស់យកចិត្តទុកដាក់ថែទាំ និងជួសជុលគ្រប់បណ្តាហេដ្ឋារចនាសម្ព័ន្ធទាំងអស់។
នាយករដ្ឋមន្ត្រីក៏បានណែនាំឱ្យពង្រឹងសុវត្ថិភាពនៅតាមដងផ្លូវ សម្រួលលំហូរចរាចរណ៍ និងពង្រឹងលើស្លាកសញ្ញាចរាចរណ៍ដើម្បីកាត់បន្ថយនៃហានិភ័យគ្រោះថ្នាក់ចរាចរណ៍កើតឡើង។ ទន្ទឹមគ្នានេះដែរ សម្តេចធិបតី បានណែនាំឱ្យប្រជាពលរដ្ឋរួមគ្នាចូលរួមថែទាំហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ផ្លូវ ថ្នល់ ជាពិសេសគោរពច្បាប់ចរាចរណ៍ និងគោរពផ្លូវគន្លងឱ្យបានគ្រប់ៗគ្នា។
ការណែនាំនេះធ្វើឡើងនៅក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ «កំណាត់ផ្លូវជាតិលេខ៥ ចាប់ពីព្រែកក្តាម ទៅដល់បាត់ដំបង ប្រវែងសរុប ២៤៦,១៥គីឡូម៉ែត្រ» និងបើកការដ្ឋានសាងសង់ «កំណាត់ផ្លូវជាតិលេខ៥ ចាប់ពីសិរីសោភ័ណ្ឌ ទៅដល់ប៉ោយប៉ែត ប្រវែងសរុប ៣៥,១៤គីឡូម៉ែត្រ» ក្រោមជំនួយឥណទានពីរដ្ឋាភិបាលជប៉ុន នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣៕