រដ្ឋមន្ត្រី ថោ ជេដ្ឋា ចុះពិនិត្យវឌ្ឍនភាពគម្រោងជួសជុលការខូចខាតដោយសារទឹកជំនន់ឆ្នាំ២០២០ ខេត្តបាត់ដំបង | កម្ពុជា-វៀតណាបេ្តជ្ញាកសាងនូវមិត្តភាព ជាបងប្អូនឲ្យកាន់តែរឹងមាំយូរអង្វែង | នាវាដឹកប្រេងជាង ១,៤លានលីត្របានលិចចូលទៅក្នុងសមុទ្រក្បែររដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន | រដ្ឋមន្ត្រីក្រសួងការងារចុះសួរសុខទុក្ខ និងទទួលទានអាហារជាមួយកម្មកររោងចក្រតារាលជាង៦ពាន់នាក់ |

ជប៉ុននឹងជួយពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ជប៉ុន លើវិស័យសុខាភិបាល

ភ្នំពេញ៖ ប្រធានសមាគមជប៉ុន-កម្ពុជា លោក តាកាហាស៊ី ហ្វូមីអាគី បានសន្យាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ គាំទ្រផែនការអាទិភាពរបស់ក្រសួងសុខាភិបាល ព្រមទាំងជួយពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ជប៉ុន លើវិស័យសុខាភិបាល ដោយខិតខំជាបន្ថែមទៀត ជំរុញឱ្យសមាគមធុរកិច្ចជប៉ុន សហការ និងបង្កើនទំនាក់ទំនងការងារ ជាមួយភាគីពាក់ព័ន្ធនៃប្រទេសទាំងពីរ។

លោក តាកាហាស៊ី ហ្វូមីអាគី (Fumiaki Takahashi) លើកឡើងដូចនេះក្នុងឱកាសដឹកនាំគណៈប្រតិភូ ដែលមកពីក្រុមហ៊ុនសហគ្រាសចំនួន២៦ ចូលជួបជាមួយ រដ្ឋលេខាធិការក្រសួងសុខាភិបាល លោក កុយ វ៉ាន់នី នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងសុខាភិបាល។

ប្រធានសមាគមជប៉ុន-កម្ពុជា បានលើកឡើងពីគោលបំណងនៃកិច្ចជំនួបនាឱកាសនេះគឺដឹកនាំក្រុមការងារ សហគ្រាសធុនតូច និងមធ្យម ដែលមានចំណាប់អារម្មណ៍ចង់បណ្តាក់ទុនវិនិយោគលើវិស័យសុខាភិបាល មកជម្រាបជូនក្រសួងសុខាភិបាល និងស្នើសុំការណែនាំ ក៏ដូចជាសុំការសហការគាំទ្ររបស់ក្រសួងសុខាភិបាលផងដែរ ក្នុងនោះរួមមានការវិនិយោគលើផលិតផលគ្រឿងសម្អាង និងការបណ្តុះបណ្តាលការថែរក្សាសម្ផស្ស ការវិនិយោគបណ្តុះបណ្តាលការថែទាំមនុស្សចាស់ និងរៀបចំមន្ទីរពេទ្យដែលស្តិតក្នុងគម្រោងអភិវឌ្ឍន៍JICA ព្រមទាំងការបង្កើតការិយាល័យរបស់ សមាគមជប៉ុន-កម្ពុជា នៅកម្ពុជានាឆ្នាំខាងមុខ។

ជាមួយគ្នានេះ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានស្វាគមន៍ និងថ្លែងអំណរគុណឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី ដែលកន្លងមកតែងតែជួយគាំទ្រ ដល់ការអភិវឌ្ឍវិស័យសុខាភិបាល តាមរយៈការជួយសម្របសម្រួលផ្តល់ហិរញ្ញប្បទានឥតសំណង ក្រោមក្របខណ្ឌជំនួយសហប្រតិបត្តិការបច្ចេកទេស របស់រដ្ឋាភិបាលជប៉ុនដល់វិស័យសុខាភិបាលកម្ពុជា ទាំងក្នុងនាមជាឯកអគ្គរដ្ឋទូតវិសមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុននៅកម្ពុជា និងក្នុងនាមជាប្រធានសមាគមកម្ពុជា-ជប៉ុន។

លោក កុយ វ៉ាន់នី បានសំដែងសេចក្តីរីករាយ និងស្វាគមន៍សហគ្រាសធុនតូច និងមធ្យម នៃប្រទេសជប៉ុន ដែលមានបំណងចង់មកបណ្តាក់ទុនវិនិយោគនៅកម្ពុជា ដែលជាការឆ្លើយតបទៅនិងយុទ្ធសាស្ត្រអាទិភាពសុខាភិបាលរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយផ្តោតលើភាពជាដៃគូសាធារណៈនិងឯកជនផ្ទាល់ផងដែរ។

ទន្ទឹមនេះ ក៏បានលើកទឹកចិត្តសមាគមកម្ពុជា-ជប៉ុន ជាពិសេសក្រុមហ៊ុនដែលមានបំណងមកវិនិយោគនៅកម្ពុជា ឱ្យពិភាក្សាជាមួយមន្ត្រីជំនាញនៃផ្នែកនីមួយៗដើមី្បស្វែងយល់ពីយន្តការ ទទួលបានការសម្របសម្រួល និងផ្តល់ការណែនាំច្បាស់លាស់ដល់ក្រុមហ៊ុន ព្រមទាំងបានអបអរសាទរ សមាគមកម្ពុជា-ជប៉ុន ដែលត្រៀមនឹងបើកទីស្នាក់ការនៅរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា។

រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនដល់ប្រជាជន និងរដ្ឋាភិបាលជប៉ុន ជាពិសេស ប្រធានសមាគម ដែលបានបញ្ជាក់ជំហរគាំទ្ររួមចំណែកជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាលនៃកម្ពុជា ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកលស្របតាមយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអាណត្តិទី៧៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក