វេទិកាស្វាយចន្ទី ដែលគ្រោងធ្វើនៅខេត្តកំពង់ធំ នឹងជំរុញ និងលើកកម្ពស់កេរ្តិ៍ឈ្មោះស្វាយចន្ទីកម្ពុជា
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការរួមគ្នារៀបចំ «វេទិកាស្វាយចន្ទី» ក្រោមមូលបទ «យើងរួមគ្នាផ្សព្វផ្សាយសក្តានុពលស្វាយចន្ទីកម្ពុជា» នៅថ្ងៃទី៦-៧ ខែធ្នូ ឆ្នាំ២០២៣ នៅសួនច្បារស្ទឹងសែន ខេត្តកំពង់ធំ។
ក្នុងវេទិកានោះ នឹងមានការប្រមូលផ្តុំគ្រប់តួអង្គពាក់ព័ន្ធក្នុងវិស័យស្វាយចន្ទី ការតាំងបង្ហាញផលិតផល ស្វាយចន្ទី និងឧបករណ៍ សម្ភារៈពាក់ព័ន្ធនឹងខ្សែច្រវាក់ផលិតកម្មស្វាយចន្ទី និងការផ្គូរផ្គងធុរកិច្ច ជាដើម សំដៅជំរុញ និងលើកកម្ពស់កេរ្តិ៍ឈ្មោះស្វាយចន្ទីកម្ពុជា។
ក្រសួងពាណិជ្ជកម្មលើកទឹកចិត្តឱ្យសាធារណជន និងភាគីពាក់ព័ន្ធអញ្ជើញចូលរួមឱ្យបានច្រើនកុះករ។ ចំពោះ និងលោក លោកស្រីជាផលិតករ សិប្បករ ម្ចាស់ក្រុមហ៊ុន សហគ្រាស ដែលមាន បំណងចង់ចូលរួមដាក់តាំងបង្ហាញផ្សព្វផ្សាយ និងស្វែងរកដៃគូពាណិជ្ជកម្មក្នុងឱកាសនេះ សូមទំនាក់ទំនង ទូរស័ព្ទ ឬតេឡេក្រាម៖ ០៨៩ ៩៣៧ ៩៦៧ / ០៧៨ ២៧០ ០០៩ / ០៧០ ២១១ ៣១១ ដើម្បីទទួលបានព័ត៌មានលម្អិត។
គូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្ត «គោលនយោបាយជាតិស្តីពីស្វាយចន្ទីឆ្នាំ២០២២-២០២៧» ដើម្បីជំរុញការអភិវឌ្ឍវិស័យស្វាយចន្ទីកម្ពុជា សំដៅប្រែក្លាយកម្ពុជាទៅជាប្រទេសកែច្នៃនិងនាំចេញគ្រាប់ស្វាយចន្ទីដ៏ធំមួយក្នុងពេលឆាប់ៗខាងមុខ។
តាមប្រភពពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ផលិតកម្មស្វាយចន្ទីឆ្នាំ២០២២ មានផ្ទៃដីដាំដុះ ៤៣៥,៧៣៣ ហិកតា ផ្ទៃដីប្រមូលផលមាន ៣៣០ ៨៦១ហិកតា បរិមាណទិន្នផលមាន ៥០៨ ២៨៣តោន។
នៅក្នុងឆ្នាំ២០២២ កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅទីផ្សារអន្តជាតិ ៦៧ម៉ឺនតោន គិតជាទឹកប្រាក់ ១ពាន់ ៧៧លានដុល្លាអាមេរិក ក្នុងនោះប្រទេសដែលនាំចូលគ្រាប់ស្វាយចន្ទីពីកម្ពុជា មានដូចជា ប្រទេសវៀតណាម ជប៉ុន និងចិន ខណៈប្រទេសផ្សេងៗទៀតក៏កំពុងតែសម្លឹងមើលឱកាសក្នុងការនាំចូលគ្រាប់ស្វាយចន្ទីកម្ពុជាទៅកាន់ទីផ្សារប្រទេសខ្លួនដែរ៕