សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យអាជ្ញាធរមូលដ្ឋានដោះស្រាយបញ្ហាជូនពលរដ្ឋ និងកម្មករនិយោជិតឱ្យបានឆាប់រហ័ស
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋានរួមគ្នាជួយដោះស្រាយរាល់បញ្ហារបស់ប្រជាពលរដ្ឋ និងកម្មករនិយោជិតឱ្យបានឆាប់រហ័សប្រកបដោយតម្លាភាព ហើយកុំធ្វើឱ្យឈានទៅដល់ការប្តឹងផ្តល់នៅតុលាការ។
នៅក្នុងពិធីសំណេះសំណាលជាមួយកម្មករនិយោជិតចំនួន១៨ ១០៨នាក់ មកពីបណ្តារោងចក្រ សហគ្រាស ដែលមានមូលដ្ឋានក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចធិបតី បានថ្លែងដូច្នេះថា៖«ការដោះស្រាយបញ្ហាវិវាទផ្សេងៗ គឺត្រូវធ្វើឱ្យបាន ធ្វើឱ្យមានប្រសិទ្ធភាព យន្តការទី១ គឺដោះនៅនឹងកន្លែងឱ្យបាន យើងមានយន្តការក្រសួង និងអធិការកិច្ចក្រសួងសម្របសម្រួលធ្វើការឱ្យមានប្រសិទ្ធភាព ហើយឱ្យមានតម្លាភាព ហើយឱ្យបានរហ័ស កុំធ្វើរឿងតូច ឱ្យទៅជាធំ អត់រឿង ក្លាយទៅជាមានរឿង»។
សម្តេចធិបតី បានណែនាំឱ្យកម្មករនិយោជិត និងនិយោជកចូលរួមថែរក្សាសុខុមរមណីយកម្មនៅក្នុងរោងចក្រ និងសហគ្រាស ហើយប្រសិនមានបញ្ហាទាស់ទែងគ្នាត្រូវដោះស្រាយដោយសន្តិវិធី។
ជាមួយគ្នានេះនាយករដ្ឋមន្ត្រីក៏បានណែនាំឱ្យអ្នកតំណាងខាងសហជីពកុំអូសទាញឱ្យកម្មករនិយោជិតទៅធ្វើការខុសជំនាញ ជាពិសេសខាងនយោបាយដែលនាំឱ្យមានបញ្ហាកើតឡើង។
សម្តេចនាយករដ្ឋមន្ត្រីបានអំពាវនាវឱ្យពលរដ្ឋចូលរូមកសាង និងអភិវឌ្ឍន៍ប្រទេសកម្ពុជាឱ្យបន្តរីកចម្រើន។ ជាមួយគ្នានេះសម្តេចធិបតីបានអំពាវនាវឱ្យពលរដ្ឋបន្តជឿទុកចិត្តលើការដឹកនាំ និងបម្រើរបស់រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាដែលមានបទពិសោធន៍ និងបម្រើប្រជាពលរដ្ឋដោយមិនរត់ចោលប្រជាពលរដ្ឋនៅគ្រប់កាលៈទេសណាក៏ដោយ៕