ភ្នំពេញ៖ រាជរដ្ឋាភិបាលបានអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈ ដល់យុវជន មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅទូទាំងប្រទេស ចំនួន ១,៥លាននាក់ ដោយឥតគិតថ្លៃ។ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យយុវជនខិតខំរៀន និងអនុវត្តឱ្យបានច្រើនជាជាងរៀនតែទ្រឹស្តី។
សម្តេចធិបតី បានណែនាំឱ្យក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈយកចិត្តទុកដាក់លើកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដល់យុវជនដើម្បីផ្តល់ឱកាសឱ្យយុវជនមានជំនាញច្បាស់លាស់ និងអាចរកការងារធ្វើមានចំណូលល្អប្រសើរ។
សម្តេចធិបតី បានថ្លែងដូច្នេះថា៖ «រៀនឱ្យច្រើន កុំទ្រឹស្តីច្រើន អនុវត្តឱ្យបានច្រើន កុំឱ្យរៀនជួសជុលម៉ាស៊ីនស្រាប់តែរៀន៣ខែ រៀនជូតតែម៉ាស៊ីន គឺត្រូវរៀនជួសជុល»។
សម្តេចធិបតី គូសបញ្ជាក់ថា ក្នុងកម្មវិធីបណ្តុះបណ្តាលនេះ គឺត្រូវវិនិយោគលើសម្ភារឱ្យបានច្រើន ហើយត្រូវសហការជាមួយក្រុមហ៊ុនឯកជនដើម្បីបង្កើតកម្មវិធីអនុវត្តដល់យុវជន និងផ្តល់ឱកាសឱ្យយុវជនអាចចុះហាត់ការនៅតាមបណ្តាក្រុមហ៊ុន៕