ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលថ្មីក្នុងអាណត្តិទី៧នេះ នឹងបន្តពង្រីកសមិទ្ធផលថ្មីៗបន្ថែមទៀត ពោលការកែលម្អ និងជួសជុលនូវបញ្ហាដែលសេសសល់ និងបង្កើតចំណុចវិជ្ជមានបន្ថែមទៀតជូនដល់ពលរដ្ឋ។
សម្តេចធិបតីថ្លែងដូច្នេះថា៖ «ថែរក្សាសមិទ្ធផលវិជ្ជមានទាំងអស់ដែលបានកសាងយ៉ាងលំបាកក្នុងរយៈពេល ៤០ឆ្នាំមកនេះដោយរាជរដ្ឋាភិបាលអាណត្តិមុនៗដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ថែរក្សាឱ្យបាននូវស្ថិរភាព សន្តិភាពកុំឱ្យបាត់ទៅវិញ ថែរក្សាប្រព័ន្ធសេដ្ឋកិច្ច និងកែទម្រង់ដែលយើងជោគជ័យរហូតមកដល់ម៉ោងនេះ»។
សម្តេចធិបតី បានថ្លែងដូច្នេះនេះនៅក្នុងពិធីសំណេះសំណាលជាមួយកម្មករនិយោជិតចំនួន ១៨ ១០៨នាក់ មកពីបណ្តារោងចក្រ សហគ្រាស ដែលមានមូលដ្ឋានក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣៕