ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

WHO ប៉ាន់ប្រមាណថាប្រជាជនកម្ពុជាក្នុងមួយឆ្នាំជិត ៦ម៉ឺននាក់បានស្លាប់ដោយសារទឹកនោមផ្អែម និងជំងឺផ្សេងទៀត

ភ្នំពេញ៖ យោងតាមការប៉ាន់ប្រមាណរបស់អង្គការសុខភាពពិភពលោក ប្រជាជនកម្ពុជាជិត ៦០ ០០០នាក់ បានស្លាប់ជារៀងរាល់ឆ្នាំដោយសារជំងឺទឹកនោមផ្អែម និងជំងឺមិនឆ្លងផេ្សងទៀត (NCDs) ដែលស្មើនឹង ៦៤% នៃការស្លាប់ទាំងអស់ក្នុងឆ្នាំ២០១៨។

នេះបើតាមការឱ្យដឹងពី «ទិវាជំងឺទឹកនោមផ្អែមពិភពលោក» ក្រោមប្រធានបទ «ការទទួលបាននូវការថែទាំជំងឺទឹកនោមផ្អែម» ដែលរៀបចំឡើងដោយក្រសួងសុខាភិបាល រួមសហការជាមួយអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា (WHO) នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣។

រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ឈាង រ៉ា បានគូសបញ្ជាក់ថា ជំងឺទឹកនោមផ្អែម នៅកម្ពុជាគឺជាជំងឺរ៉ាំរ៉ៃមួយ និងជាបញ្ហាប្រឈមផ្នែកសុខភាពដ៏ចម្បងមួយចំពោះបុគ្គល គ្រួសារ និងប្រព័ន្ធសុខាភិបាល។

លោករដ្ឋមន្ត្រីបានប្រាប់ឱ្យដឹងថានៅប្រទេសកម្ពុជា ជំងឺទឹកនោមផ្អែមមានអត្រាមរណភាព ២% ក្នុងចំណោមករណីស្លាប់ទាំងអស់ ហើយមានអត្រាប្រេវ៉ាឡង់ ៩,៦% (ផ្អែកតាមការអង្កេតពីកត្តាហានិភ័យនៃជំងឺមិនឆ្លងនៅប្រទេសកម្ពុជាឆ្នាំ២០១៦)។

បើតាមការបញ្ជាក់ឱ្យដឹងពីអង្កការសុខាភិបាលពិភពលោក ជំងឺទឹកនោមផ្អែមគឺជាមូលហេតុផ្ទាល់នៃការស្លាប់ដែលមានចំនួន ១,៥លាននាក់ ចំពោះអ្នកដែលមានអាយុក្រោម ៧០ឆ្នាំ ក្នុងអត្រាស្លាប់ចំនួន ៤៨% នាឆ្នាំ២០១៩ នៅទូទាំងពិភពលោក។

លោករដ្ឋមន្ត្រីបានបញ្ជាក់ពីមូលហេតុដែលបណ្តាលឱ្យមានជំងឺទឹកនោមផ្អែម គឺបណ្តាលមកពីទម្លាប់នៃការទទួលទានអាហារដែលមិនល្អសម្រាប់ការទ្រទ្រង់សុខភាព និងទម្លាប់មិនបានបញ្ចេញពលកម្ម ឫធ្វើលំហាត់ប្រាណគ្រប់គ្រាន់ជាប់ជាប្រចាំ។

បើតាមលោក ឈាង រ៉ា ជំងឺទឹកនោមផ្អែមអាចបង្កផលវិបាកដូចជាជំងឺគាំងបេះដូង គ្រោះថ្នាក់សរសៃឈាមខួរក្បាល ពិការភ្នែក ខ្សោយតម្រងនោម និងពិការអវៈយវៈ។

លោកគូសបញ្ជាក់ថា ការព្យាបាលជំងឺទឹកនោមផ្អែមគឺត្រូវព្យាបាលអស់មួយជីវិត ក៏ប៉ុន្តែជំងឺទឹកនោមផ្អែមអាចបង្ការបានតាមរយៈការផ្លាស់ប្តូរឥរិយាបទនៃការរស់នៅប្រកបដោយសុខភាពដូចជា ការបរិភោគអាហារដែលមានសុខភាពល្អ (កាត់បន្ថយអាហារផ្អែម ប្រៃ និងសំបូរកាឡូរីលើសពីតំរូវការ) ព្រមទាំងការហាត់ប្រាណត្រឹមត្រូវទៀងទាត់ រក្សាទម្ងន់ក្នុងកម្រិតល្អ ការកាត់បន្ថយការទទួលទានគ្រឿងស្រវឹងប្រកបដោយគ្រោះថ្នាក់ និងឈប់ពិសារបារី។

លោករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ដល់មន្ត្រីសុខាភិបាលនិងដៃគូរអភិវឌ្ឍន៍ទាំងអស់ ត្រូវជំរុញលើកទឹកចិត្តអ្នកជំងឺទឹកនោមផ្អែម ចែករំលែកបទពិសោធន៍ក្នុងការរស់នៅទាំងមុនពេល និងអំឡុងពេលមានជំងឺទឹកនោមផ្អែម ដល់ប្រជាពលរដ្ឋទូទៅសម្រាប់ការបង្ការការធ្វើរោគវិនិច្ឆ័យ និងការគ្រប់គ្រងថែទាំសុខភាព ឱ្យកាន់តែប្រសើរឡើង។

លោករដ្ឋមន្ត្រីក្រសួងសុខាភិបាលបានណែនាំឱ្យប្រជាពលរដ្ឋដែលប្រឈមហានិភ័យ ឬមានប្រវត្តិគ្រួសារមានជំងឺទឹកនោមផ្អែម ត្រូវមកធ្វើតេស្តស្វែងរកជំងឺទឹកនោមផ្អែម នៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតបំផុត៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក