ជនមានពិការភាពនៅខេត្តកែបទទួលផ្ទះ ១ខ្នង ពីមូលនិធិជនពិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
កែប៖ មូលនិធិជនពិការនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានប្រគល់ផ្ទះមួយខ្នងជូនជនមានពិការភាពភ្នែក ដែលមួយគ្រួសារសុទ្ធតែពិការទាំងអស់នៅ ស្រុកដំណាក់ចង្អើរ ខេត្តកែប។
ពិធីប្រគល់ផ្ទះនេះមានការចូលរួមពីប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជានាយកមូលនិធិជនពិការ លោក ខុម ផលលឿន និង អភិបាលនៃគណអភិបាលស្រុកដំណាក់ចង្អើរ លោក ឆាង ឆៃ រួមទាំងប្រធានសាខាមូលនិធិជនពិការខេត្តកែប មេឃុំពងទឹក និងមន្រ្តីមូលដ្ឋានជាច្រើនរូប នាថ្ងៃចន្ទ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣។
នាយកមូលនិធិជនពិការបានប្រគល់ផ្ទះ មានទំហំ ៤គុណនឹង៦ម៉ែត្រ ធ្វើពីថ្មប្រក់ស័ង្កសី ជូនជនមានពិការភាពមានឈ្មោះ ហ៊ិន ហ្វីនី ភេទប្រុស អាយុ ៤២ឆ្នាំ ជាជនមានពិការភាពភ្នែកទាំង២ ពីកំណើត សព្វថ្ងៃមានសមាជិកក្នុងគ្រួសារ៦នាក់ រួមមានប្រពន្ធ កូន២នាក់ ប្អូនស្រី និងឪពុកចាស់ សុទ្ធតែពិការទាំងអស់ ដោយសព្វថ្ងៃរស់នៅក្នុងភូមិអូរដូង ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។
ថ្លែងក្នុងកម្មវិធីនេះ លោក ខុម ផលលឿន បានឱ្យដឹងថា សម្រាប់ខេត្តកែប នេះគឺជាផ្ទះទី២ហើយដែលមូលនិធិជនពិការបានសាងសង់ជូន ខណៈផ្ទះទី១ បានសាងសង់ជូនក្នុងឆ្នាំ២០២២ ស្ថិតក្នុងភូមិលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប និងផ្ទះទី២នេះបានសាងសង់ជូនក្នុងឆ្នាំ២០២៣ ស្ថិតក្នុងភូមិអូរដូង ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។
គិតមកដល់ពេលនេះ មូលនិធិជនពិការ បានសាងសង់ផ្ទះបាន ៤៧ខ្នង ហើយគិតពីឆ្នាំ២០១៩មក ហើយនេះជាផ្ទះទី៤៤ហើយ ដែលបានប្រគល់ជាផ្លូវការ។ សម្រាប់ផ្ទះដែលសេសសល់ មូលនិធិជនពិការនឹងបន្តចុះប្រគល់ទទួលជាបន្តបន្ទាប់។
គួរឱ្យដឹងដែរថា នាពិធីប្រគល់ជូនផ្ទះនេះ មូលនិធិជនពិការក៏បាននាំយកនូវកញ្ចាប់អំណោយរួមមាន អង្ករ ២៥គីឡូក្រាម មី១កេះ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ត្រីខកំប៉ុង២យួរ អំបិល២កញ្ចប់ និងថវិកា ១០ម៉ឺនរៀល សម្រាប់ផ្តល់ជូនគ្រួសារ លោក ហ៊ិន ហ្វីនី ដើម្បីសម្រួលដល់ជីវភាព៕