សម្តេចមហារដ្ឋសភា៖ សភានិងរាជរដ្ឋាភិបាល មានឆន្ទៈមុះមុតក្នុងការលើកទឹកចិត្ត ជំរុញលើកកម្ពស់ និងពង្រឹងតួនាទីស្រ្តី
ភ្នំពេញ៖ ប្រធានរដ្ឋសភាកម្ពុជា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី លើកឡើងថា ទាំងស្ថាប័ននីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិ មានឆន្ទៈនយោបាយមុះមុតក្នុងការលើកទឹកចិត្ត ជំរុញលើកកម្ពស់ និងពង្រឹងតួនាទីស្រ្តី សំដៅឈានទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងចក្ខុវិស័យឆ្នាំ២០៣០ និង២០៥០។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានមានប្រសាសន៍ដូច្នេះនៅក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីវេទិកាថ្នាក់ជាតិស្តីពី «ស្រ្តីក្នុងភាពជាអ្នកដឹកនាំនិងអភិបាលកិច្ច» ក្រោមប្រធានបទ «ស្រ្តីក្នុងថ្នាក់ធ្វើសេចក្តីសម្រេចក្នុងវិស័យនយោបាយនិងសាធារណៈ» នាព្រឹកថ្ងៃចន្ទ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ ដែលរៀបចំឡើងដោយក្រសួងកិច្ចការនារី។ សម្តេចបញ្ជាក់ថា នៅក្នុងនោះរដ្ឋសភាបានអនុម័តច្បាប់ដែលមានលក្ខណៈទូលំទូលាយ និងគ្របដណ្តប់ក្នុងការបញ្ជ្រាបសមភាពយេនឌ័រនៅក្នុងគោលនយោបាយ សាធារណៈ និងច្បាប់ ដែលគិតគូរពីបញ្ហាប្រឈមរបស់ស្រ្តី។
សម្តេចរដ្ឋសភាធិបតី បានឱ្យដឹងថា រដ្ឋសភាបានកំពុងជំរុញយ៉ាងខ្លាំងនូវបុព្វហេតុសមភាពយេនឌ័រ និងការពង្រឹងសមត្ថភាពរបស់ស្ត្រីតាមរយៈគំនិតផ្តួចផ្តើមនិងវេទិកាសភាជាច្រើនរបស់ក្រុមសភាជាតិកម្ពុជានៃអ្នកនយោបាយសភាស្ត្រី ព្រមទាំងចូលរួមយ៉ាងសកម្មក្នុងយន្តការថ្នាក់ជាតិ និងអន្តរជាតិជាច្រើនទៀត មានដូចជា យុទ្ធនាការ #girl2leader វេទិកាអន្តរសភា APPF APF ASEP និងAIPA ជាដើម។
សម្តេចរដ្ឋសភាធិបតី គូសបញ្ចាក់ថា ទោះជាមានកិច្ចខិតខំប្រឹងប្រែងយកចិត្តទុកដាក់យ៉ាងខ្លាំងលើកិច្ចការសមភាពយេនឌ័រយ៉ាងណាក៏ដោយ ក៏នៅមានបញ្ហាប្រឈមជាច្រើនជាពិសេសចំនួនស្រ្តីក្នុងវិស័យនយោបាយនិងសាធារណៈ។ យោងតាមរបាយការណ៍វឌ្ឍនភាពស្តីពីការអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០២៣ បានបង្ហាញថា ស្រ្តីនៅក្នុងស្ថាប័ននីតិប្បញ្ញត្តិមានប្រមាណ ២៦,៧% និងក្នុងជួររដ្ឋាភិបាល មានប្រមាណ ៣៥,៥%ប៉ុណ្ណោះ នៅទូទាំងសកលលោក។
ចំណែកនៅកម្ពុជា រដ្ឋសភានីតិកាលទី៧នេះ តំណាងស្រ្តីនៅក្នុងតំណែងថ្នាក់ដឹកនាំកំពូលដែលសមាជិកព្រឹទ្ធសភាជាស្រ្តី មានអត្រាកើនឡើងប្រមាណពី ១៤,៧៥% ដល់១៦,១៣% ប៉ុន្តែចំនួនសមាជិករដ្ឋសភាជាស្រ្តីមានអត្រាធ្លាក់ចុះពី ២០,៨% មក ១៣,៦% វិញ។ ចំណែកអត្រាស្រ្តីនៅក្នុងស្ថាប័ននីតិប្រតិបត្តិនៅហាក់មិនមានការប្រែប្រួលខ្លាំងទេ គឺប្រមាណ ១៥%។ ចំនួនស្រ្តីនៅក្នុងកម្រិតថ្នាក់ក្រោមជាតិ មានសញ្ញាណវិជ្ជមានគួរឱ្យកត់សម្គាល់។ ជាក់ស្តែង ការចូលរួមរបស់ស្ត្រីនៅថ្នាក់មេឃុំ/ចៅសង្កាត់និងសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ មានការកើនឡើងពី ១៣០នាក់ (ប្រមាណ ៨%) ដល់ ១៧៦នាក់ (ប្រមាណជា១១%) ក្នុងអាណត្តិទី៥ ពីឆ្នាំ២០២២-២០២៧។
សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា ការវិវឌ្ឍនេះសបញ្ជាក់ឱ្យឃើញថា នៅកម្ពុជា ទាំងស្ថាប័ននីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិ មានឆន្ទៈនយោបាយពិតប្រាកដក្នុងការលើកទឹកចិត្ត ជំរុញលើកកម្ពស់ និងពង្រឹងតួនាទីស្រ្តី សំដៅឈានទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងចក្ខុវិស័យឆ្នាំ២០៣០ និង២០៥០។ ប៉ុន្តែមានបញ្ហាមួយចំនួន បានប៉ះពាល់ដល់សង្គម សេដ្ឋកិច្ច ជាពិសេសលើស្រ្តីនិងកុមារ ដូចជាការប្រែប្រួល ស្មុគស្មាញ មិនប្រាកដប្រជារបស់ពិភពលោក វិបត្តិកូវីដ-១៩ ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ ជម្លោះប្រដាប់អាវុធ និង សង្គ្រាមកើតឡើងនៅអ៊ុយក្រែន និងមជ្ឈឹមបូព៌ា ជាដើម។
សម្តេចប្រធានរដ្ឋសភា បានផ្តល់នូវអនុសាសន៍មួយចំនួនដល់ការពង្រឹងវិសមភាពយេនឌ័រ មានដូចជា ការពង្រឹងអភិបាលកិច្ចដោយទទួលស្គាល់ និងប្រើប្រាស់ជំនាញ និងទេពកោសល្យរបស់ស្ត្រី។ ការលើកកម្ពស់ឱកាសស្មើគ្នាសម្រាប់ទាំងអស់គ្នា។ ការដោះស្រាយសមភាពយេនឌ័រ ក្នុងការអប់រំ និងការអភិវឌ្ឍជំនាញ ជាពិសេសជំនាញឌីជីថល និងវិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) ដែលជាកត្តាសំខាន់បំផុតក្នុងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន រួមនឹងការពង្រឹងសមភាពយេនឌ័រនៅគ្រប់កម្រិត តាមរយៈការ តាក់តែងគោលនយោបាយ និងច្បាប់ដែលឆ្លើយតបទៅនឹងយេនឌ័រ ដើម្បីបង្កលក្ខណៈកាន់តែប្រសើរដល់ស្រ្តីក្នុងការចូលរួមយ៉ាងសកម្មនៅក្នុងគ្រប់ទិដ្ឋភាពនៃជីវិតជាដើម៕