លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

រយៈពេល ៤ថ្ងៃដំបូង ប.ស.ស. ចុះផ្សព្វផ្សាយដល់ប្រជាពលរដ្ឋជិត ២០ម៉ឺននាក់ឱ្យយល់ដឹងពីរបបថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត

ភ្នំពេញ៖ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កំពុងធ្វើយុទ្ធនាការចុះផ្សព្វផ្សាយរយៈពេល ៣០ថ្ងៃដើម្បីឱ្យប្រជាពលរដ្ឋដែលប្រកបរបរផ្ទាល់ខ្លួនឱ្យទទួលបានការយល់ដឹងកាន់តែច្បាស់ និងស៊ីជម្រៅពីរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្ត ខណៈក្នុងយុទ្ធនាការរយៈពេល ៤ថ្ងៃដំបូង ប.ស.ស. បានចុះផ្សព្វផ្សាយដល់ប្រជាពលរដ្ឋបានចំនួនជិត ២០ម៉ឺននាក់។

យុទ្ធនាការនេះបានចាប់ផ្តើមនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ គឺ១ថ្ងៃបន្ទាប់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣។

តាមរយៈការដាក់ចេញគោលនយោបាយថ្មីនេះ អ្នកប្រកបរបរផ្ទាល់ខ្លួន ដែលជាបុគ្គលស្វ័យនិយោជន៍ ដូចជាអ្នកលក់ដូរ អ្នករត់ម៉ូតូឌុប ម៉ូតូកង់បី ពិសេសអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. រួមមានប្តី ឬប្រពន្ធអាយុក្រោម ៦០ឆ្នាំ និងកូនអាយុក្រោម ១៨ឆ្នាំ អាចមានសិទ្ធិទៅស្នើសុំធ្វើបណ្ណ ប.ស.ស. និងបង់ភាគទានតាមគោលការណ៍ស្ម័គ្រចិត្តចំនួន ១៥ ៦០០រៀលក្នុង១នាក់ ដើម្បីទទួលបានអត្ថប្រយោជន៍របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពដូចកម្មករនិយោជិត និងមន្ត្រីសាធារណៈ។

អគ្គនាយករង ប.ស.ស. និងជាអ្នកនាំពាក្យនៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ហេង សុផាន់ណារិទ្ធ បានបញ្ជាក់ថា៖ «គិតត្រឹមថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ មានបងប្អូនប្រជាពលរដ្ឋ ពិសេសបងប្អូនប្រកបរបរផ្ទាល់ខ្លួន សរុបប្រមាណជា ១៩៧ ៤០៨នាក់ហើយ ទទួលបានការផ្សព្វផ្សាយស្តីពីរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្ត»។

លោកបានបញ្ជាក់បន្ថែមថា ដោយឡែក គ្រាន់តែនៅក្នុងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលជាថ្ងៃទី៤ នៃយុទ្ធនាការ ក្រុមការងារ ប.ស.ស. បានចុះធ្វើយុទ្ធនាការផ្សព្វផ្សាយតាមរោងចក្រ សហគ្រាស ផ្ទះជួល ផ្សារ និងទីប្រជុំជនសរុបចំនួន ១៩៦លើក ដែលមានអ្នកចូលរួមសរុបប្រមាណជា ៥២ ៣៥១នាក់។

របាយការណ៍ ប.ស.ស. បានឱ្យដឹងថា ក្នុងយុទ្ធនាការថ្ងៃទី២ ដែលត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រុមការងារ ប.ស.ស. បានចុះផ្សព្វផ្សាយសរុបបានចំនួន៩៦លើក និងមានអ្នកចូលរួមសរុបចំនួនជាង ៦៣ ០០០នាក់ ក្នុងរាជធានីភ្នំពេញ នៅតាមសហគ្រាសសរុបចំនួន ២៤សហគ្រាស ស្មើនឹង២៤លើក មានអ្នកចូលរួមសរុបជាង ៤១ ០០០នាក់ និងចុះផ្សព្វផ្សាយតាមផ្សារសរុបចំនួន ១៣ផ្សារ ស្មើនឹង ៣៦លើក មានអ្នកចូលរួមសរុបជាង ១០ ៣០០នាក់។ សម្រាប់សាខា ប.ស.ស. ខេត្ត-ខណ្ឌ ក្រុមការងារ ប.ស.ស. បានចុះផ្សព្វផ្សាយតាមសហគ្រាសសរុបចំនួន ៣៩សហគ្រាស ស្មើនឹង ៣៦លើក និងមានអ្នកចូលរួមសរុបជាង ១១ ៨០០នាក់។

ក្នុងយុទ្ធនាការចុះផ្សព្វផ្សាយទាំងនេះ ប្រជាពលរដ្ឋ អាជីវករ និងកម្មករនិយោជិតបានទទួលការផ្សព្វផ្សាយស្តីពីលក្ខខណ្ឌ និងនីតិវិធីនៃការស្នើសុំចុះឈ្មោះចូលជាសមាជិក ប.ស.ស. តាមរបបភាគទានដោយស្ម័គ្រចិត្ត ពិសេស ការផ្សព្វផ្សាយអំពីអត្ថប្រយោជន៍ដែលប្រជាពលរដ្ឋត្រូវទទួលបាន ពេលក្លាយជាសមាជិក ប.ស.ស.។

បណ្តាញសង្គម ប.ស.ស. បានលើកឡើងថា ការផ្សព្វផ្សាយគឺជារឿងសំខាន់ណាស់ ដែលអាចឱ្យប្រជាពលរដ្ឋ ពិសេសសមាជិក ប.ស.ស. បានយល់ដឹងកាន់តែច្បាស់ស្តីពីរបបសន្តិសុខសង្គម។ យុទ្ធនាការនេះកាន់តែសំខាន់ និងចាំបាច់បំផុត ដែលថ្នាក់ដឹកនាំ ប.ស.ស. ទាំងអស់ ទាំងថ្នាក់កណ្តាល និងតាមបណ្តាសាខាខេត្ត-ខណ្ឌ ត្រូវយកចិត្តទុកដាក់ និងពង្រីកការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយបន្ថែមទៀត ដោយត្រូវផ្សព្វផ្សាយឱ្យបានគ្រប់ទម្រង់ គ្រប់រូបភាព និងគ្រប់ទីកន្លែង ធ្វើយ៉ាងណាឱ្យការផ្សព្វផ្សាយនេះបានទៅដល់ប្រជាពលរដ្ឋ ពិសេសអ្នកប្រកបរបរផ្ទាល់ខ្លួន ក៏ដូចជាអ្នកក្នុងបន្ទុកសមាជិក ប.ស.ស.។

រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បានបង្ហោះសារក្នុងបណ្តាញសង្គមនាថ្ងៃទី១៨ វិច្ឆិកា ២០២៣ ថាតាមរយៈការចូលរួមជួយផ្សព្វផ្សាយ និងពន្យល់យ៉ាងទូលំទូលាយនេះ លោកមានជំនឿយ៉ាងមុតមាំថា ប្រជាពលរដ្ឋ ដែលជាមុខសញ្ញាត្រូវទទួលអត្ថប្រយោជន៍ពីកម្មវិធីទាំង២ខាងលើនេះនឹងទទួលបានព័ត៌មាន ហើយទៅចុះឈ្មោះដើម្បីទទួលបានអត្ថប្រយោជន៍ដ៏វិសេសវិសាលនេះ។

លោក ហេង សួរ បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋ និងសាធារណជនទាំងអស់បន្តចូលរួមជួយផ្សព្វផ្សាយ និងចែករំលែកព័ត៌មាននេះបន្ថែមទៀត ដោយលោកបញ្ជាក់ថា៖ «ការជួយផ្សព្វផ្សាយ ការជួយពន្យល់ណែនាំ និងការចែករំលែកបន្តនេះ គឺជាការធ្វើបុណ្យកុសលមួយដ៏ធំ ដែលអាចកែប្រែវាសនាមនុស្ស ១នាក់ ឬ ១គ្រួសារ ហើយក៏ជាការរួមចំណែកជួយកាត់បន្ថយភាពក្រីក្រ និងជួយអភិវឌ្ឍសង្គមជាតិ ដែលជាគោលដៅចុងក្រោយរបស់រាជរដ្ឋាភិបាលដែលមាន សម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ»

គួរឱ្យដឹងដែរថា យុទ្ធនាការរយៈពេល ៣០ថ្ងៃនេះមានគោលដៅពង្រីកការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយទៅដល់មូលដ្ឋានជាគោលដៅ ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋ កម្មករនិយោជិត ពិសេសប្រជាពលរដ្ឋដែលជាអ្នកប្រកបរបរផ្ទាល់ខ្លួនឱ្យទទួលបានការយល់ដឹងកាន់តែច្បាស់ និងស៊ីជម្រៅស្តីពីរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តនេះ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក