
កងកម្លាំងកម្ពុជាចំនួន ៩០នាក់បានត្រឡប់មកកម្ពុជា បន្ទាប់ពីបញ្ចប់បេសកកម្មរក្សាសន្តិភាពនៅរដ្ឋម៉ាលី
ភ្នំពេញ៖ កងកម្លាំងវិស្វកម្មព្រលានយន្តហោះលេខ៧២៩ និងកងកម្ទេចគ្រាប់មិនទាន់ផ្ទុះលេខ៨២៨ សរុបចំនួន ៩០រូបបានធ្វើមាតុភូមិនិវត្តន៍ មកដល់កម្ពុជាប្រកបដោយសុវត្ថិភាព កាលពីយប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣។
អនុប្រធានទី១ គណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព លោកនាយឧត្តមសនីយ៍ សែម សុវណ្ណនី បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ទទួលដំណើរមកដល់របស់កងកម្លាំងកម្ពុជាទាំង ៩០រូបនោះដែលបានបញ្ចប់បេសកកម្មរក្សាសន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋម៉ាលី។
ក្នុងចំណោមកងកម្លាំងដែលមកដល់មាតុភូមិនេះ មានចំនួនសរុប ៩០នាក់ ក្នុងនោះ ៦៧នាក់ ជាកងកម្លាំងវិស្វកម្មព្រលានយន្តហោះលេខ៧២៩ ដែលបានបំពេញបេសកកម្មនៅតំបន់គីដាល់ និង ២៣នាក់ ជាកងកម្ទេចគ្រាប់មិនទាន់ផ្ទុះលេខ៨២៨ ដែលបានបំពេញបេសកកម្មនៅទីក្រុងហ្គាវ នៃសាធារណរដ្ឋម៉ាលី។
នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានលើកឡើងថា កិច្ចខិតខំប្រឹងប្រែងក្នុងការបំពេញភារកិច្ច ការគោរព និងការចូលរួមបេសកកម្មនេះ គឺជាការរួមចំណែកជាមគ្គុទេសក៍សម្រាប់ជំនាន់ក្រោយ ដើម្បីសន្តិភាពពិភពលោក។
លោកបានបន្ថែមថា កងកម្លាំងកម្ពុជា មិនត្រឹមតែជាកងយោធពលខេមរភូមិន្ទប៉ុណ្ណោះទេអ្នកក៏ជាគ្រួសារមួយរបស់អង្គការសហប្រជាជាតិ លើសពីនោះ អ្នកក៏ជានិមិត្តរូបនៃភាពក្លាហានក្នុងការចូលរួមចំណែកបំពេញភារកិច្ចក្នុងប្រទេសដែលរងជម្លោះ និងអស្ថិរភាព។
លោកថ្លែងថា៖ «ពិធីទទួលដំណើរនាពេលនេះ គឺជាការទទួលបណ្តោះអាសន្ន ដ្បិតនឹងមានពិធីទទួលជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីកងកម្លាំងទាំងអស់បានមកដល់នាពេលខាងមុខនេះ»។
គួរបញ្ជាក់ផងដែរថា នេះជាការមកដល់លើកទី២ បន្ទាប់ពីកងនាំមុខបានមកដល់មាតុភូមិ កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣៕