ភ្នំពេញ៖ ប្រទេសទីម័រលេស្តេ បានបញ្ជាទិញអង្ករពីកម្ពុជាចំនួន ៤០០០តោន ជាលើកដំបូងតាមរយៈចុះហត្ថលេខាជាមួយគ្នាក្រសួងពាណិជ្ជកម្មលើកិច្ចសន្យាទិញអង្ករពីកម្ពុជាកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោយពីប្រទេសទាំងពីរបានចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការធ្វើពាណិជ្ជកម្មអង្ករ កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ កន្លងទៅរវាងក្រសួងពាណិជ្ជកម្ម និងក្រសួងការបរទេស និងសហប្រតិបត្តិការទីម័រលេស្តេ។
ពិធីចុះហត្ថលេខាខាងលើនេះ បានធ្វើឡើងក្នុងកិច្ចជំនួបពិភាក្សាការងាររវាង លោក ចាន់ សុខទី ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកក្រុមហ៊ុនហ្រ្គីនត្រេដ នៃក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកស្រី ចម និម្មល ជាមួយនឹង គណៈប្រតិភូមកពីប្រទេសទីម័រលេស្តេ ដែលដឹកនាំដោយ លោក Anibal Carvalho Muniz តំណាងជាន់ខ្ពស់មកពីក្រសួងកិច្ចការសេដ្ឋកិច្ច នៃប្រទេសទីម័រលេស្តេ និងសហការីមកពី National Logistic Center (CLN) ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តមឯកអគ្គរដ្ឋទូតទីម័រលេស្តេប្រចាំកម្ពុជាផងដែរ។
កិច្ចពិភាក្សាការងារនេះ បានធ្វើឡើងក្នុងគោលបំណងដើម្បីស្វែងយល់ពីសក្តានុពលក្នុងកិច្ចសហប្រតិបត្តិការធ្វើពាណិជ្ជកម្មអង្ករ រវាងក្រុមហ៊ុនហ្រ្គីនត្រេដ និងចរចាពីលក្ខខណ្ឌបច្ចេកទេស ក្នុងការនាំចេញទៅប្រទេសទីម័លេស្តេផងដែរ។
លោកប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ចាន់ សុខទី បានបញ្ជាក់ផងដែរថា នេះជាការបើកច្រកទីផ្សារថ្មីបន្ថែមទៀតសម្រាប់កម្ពុជា ក្នុងវិស័យស្រូវអង្ករ ហើយកម្ពុជាដែលមានក្រសួងពាណិជ្ជកម្មជាសេនាធិការនឹងបន្តខិតខំស្វែងរកទីផ្សារថ្មីៗបន្ថែមទៀតលើវិស័យនេះ៕