ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

ឯកអគ្គរដ្ឋទូតចិនជំរុញការផ្សព្វផ្សាយដើម្បីលុបបំបាត់ព័ត៌មានមិនពិតពីទំនាក់ទំនងកម្ពុជា-ចិន

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាលោក វ៉ាង វិនធាន បានជំរុញដល់បណ្ដាសារព័ត៌មានក្នុងការជំរុញធ្វើឱ្យទំនាក់ទំនងកម្ពុជា-ចិនកាន់តែរឹងមាំ និងរួមគ្នាលុបបំបាត់ព័ត៌មានដែលនិយាយបំផ្លើសពីប្រទេសទាំងពីរ។

ថ្លែងក្នុងវេទិកាជាន់ខ្ពស់នៃប្រព័ន្ធផុ្សព្វផ្សាយកម្ពុជា-ចិន និងវេទិការផ្លាស់ប្ដូរវប្បធម៌កម្ពុជា-ចិនលើកទី៣ ព្រឹកថ្ងៃសុក្រ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ លោក វ៉ាង វិនធាន Wang Wentian បានលើកឡើងថាថ្នាក់ដឹកនាំប្រទេសកម្ពុជា-ចិន បានប្រកាសរួមគ្នាពីការកំណត់យកឆ្នាំ២០២៤ជា «ឆ្នាំនៃការផ្លាស់ប្ដូរប្រជាជននិងប្រជាជន»រវាងប្រទេសទាំងពីរ ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយទៀតនៃការកសាងសហគមន៍ជោគវាសនារួមកម្ពុជាចិនក្នុងយុគសម័យថ្មី។

លោកឯកអគ្គរដ្ឋទូតបានបន្ថែមថាទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយគឺជាធាតុផ្សំសំខាន់នៃឆ្នាំនៃការផ្លាស់ប្ដូរប្រជាជននិងប្រជាជននេះ ដោយលោកជំរុញដល់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់យកចិត្តទុកដាក់ក្នុងការរាយការណ៍ពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជំរុញការផ្សារភ្ជាប់ទឹកចិត្តប្រជាជន ជំរុញការរៀនសូត្រអរិយធម៌ពីគ្នា និងធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការទំនាក់ទំនង សម្រេចបានការអភិវឌ្ឍរួមគ្នា។

លោកថា៖ «ចំពោះសំឡេងរំខានដែលនិយាបំផ្លើសអំពីប្រទេសទាំងពីរ ក៏ដូចជាកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ កម្ពុជានិងចិន ប្រព័ន្ធផ្សព្វផ្សាយប្រទេសទាំងពីរត្រូវតស៊ូជំនះបញ្ចេញសំឡេងដែលត្រឹមត្រូវ»។

កម្ពុជា-ចិន បានបង្កើតទំនាក់ទំនងការទូតជាមួយគ្នាមានអាយុកាល៦៥ឆ្នាំហើយ ដោយបានពូនជ្រំយ៉ាងយកចិត្តតុកដាក់ពីថ្នាក់ដឹកនាំជំនាន់មុនៗនៃប្រទេសទាំងពីរ ខណៈចំណងមិត្តភាពនៅតែបន្តរក្សាបានល្អជានិច្ច។

រដ្ឋមន្ត្រីព័ត៌មានលោក នេត្រ ភក្ត្រា មានប្រសាសន៍ថា ប្រទេសកម្ពុជា និងចិន គឺជាមិត្តពិតប្រាកដ និងជួយគ្នាក្នុងគ្រាលំបាក ប្រកបដោយភាពជឿជាក់។ លោកថារហូតមកដល់ពេលនេះកម្ពុជា-ចិន សម្រេចបង្កើតបាននូវកិច្ចសហប្រតិបត្តិការត្បូងពេជ្រដោយបានចាប់ផ្ដើមលើវិស័យធំៗចំនួន៦ រួមមាន នយោបាយ សមត្ថភាពផលិតកម្ម កសិកម្ម ថាមពល សន្ដិសុខ និងការផ្លាស់ប្ដូររវាងប្រជាជននិងប្រជាជន។

លោករដ្ឋមន្ត្រីបានជំរុញឱ្យមានកិច្ចសហការប្រព័ន្ធផ្សព្វផ្សាយកម្ពុជា-ចិនបន្ថែម និងបង្កើនការផ្សព្វផ្សាយពីសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការទំនាក់ទំនងប្រទេសទាំងពីរ ពង្រឹងគោលការណ៍យុត្តិធម៌ ជឿទុកចិត្ត និងប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ។

លោកថា៖ «ត្រូវរួមគ្នាការពារសណ្ឋាប់ធ្នាប់ សុចរិត យុត្តិធម៌ នៃព័ត៌មានអន្តរជាតិ ដោយត្រូវប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការជ្រៀតជ្រែកព័ត៌មាន ដើម្បីជំរុញការកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ»។

គួរឱ្យដឹងដែរថាការកំណត់រួមយកឆ្នាំ២០២៤ជាឆ្នាំនៃការផ្លាស់ប្ដូរប្រជាជននិងប្រជាជនត្រូវបានប្រកាសកាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ នៅពេលដែលនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយប្រធានាធិបតីចិនលោក ស៊ី ជីនពីង ក្នុងពេលដែលសម្ដេចធិបតីអញ្ជើញចូលរួមវេទិកាកំពូលខ្សែក្រវ៉ាត់និងផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិលើកទី៣៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក