ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារបានក្រើនរំលឹកឱ្យម្ចាស់យានយន្តគ្រប់ប្រភេទរួសរាន់មកបង់ពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ ខណៈការបង់ពន្ធនេះនឹងត្រូវបិទបញ្ចប់ជាស្ថាពរនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ។
តាមសេចក្តីប្រកាសរបស់អគ្គនាយកដ្ឋានពន្ធដារនាថ្ងៃទី១៦ ខែវិច្ឆិកា ករណីម្ចាស់យានយន្តខកខានក្នុងការបង់ពន្ធ ម្ចាស់យានយន្តនឹងត្រូវទទួលរងនូវពន្ធបន្ថែមចំពោះការយឺតយ៉ាវ តាមច្បាប់ស្តីពីសារពើពន្ធជាធរមាន។
ជាមួយគ្នានេះ អគ្គនាយកដ្ឋានពន្ធដារនឹងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ជាពិសេសនរគបាលចរាចរណ៍ និងកងរាជអាវុធហត្ថ ដើម្បីចុះត្រួតពិនិត្យការអនុវត្តប្រមូលពន្ធនេះនៅតាមដងផ្លូវនានា បន្ទាប់ពីបិទបញ្ចប់ការប្រមូលពន្ធនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ តទៅ។
អគ្គនាយកដ្ឋានពន្ធដារបានណែនាំម្ចាស់យានយន្តត្រូវរួសរាន់មកបង់ពន្ធឱ្យបានទាន់ពេលវេលា ដោយភ្ជាប់មកជាមួយនូវ អត្តសញ្ញាណបណ្ណ បណ្ណសម្គាល់យានយន្ត និងវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ដែលចេញដោយក្រសួងសាធារណការ និងដឹកជញ្ជូននៅសាខាពន្ធដារខេត្ត-ខណ្ឌ ឬនៅធនាគារកាណាឌីយ៉ា ក.អ ឬនៅធនាគារអេស៊ីលីដា ភីអិលស៊ី ឬនៅ ធនាគារវឌ្ឍនៈ ឬនៅធនាគារកម្ពុជាសាធារណៈ ភីអិលស៊ី ឬនៅធនាគារជេ ត្រាស់ រ៉ូយ៉ាល់ ឬនៅធនាការស្ថាបនា ភីអិលស៊ី ឬនៅធនាគារប្រៃសណីយ៍កម្ពុជា ក.អ ឬនៅ ជនាគារវឌ្ឍនៈ អាស៊ី ចំកាត់ ឬនៅធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា ឬនៅធនាគារដឹង (ខេមបូឌា) ម.ក (បង់តាមអនឡាញ) ឬនៅតាមធនាគារដែលបានចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
ម្ចាស់យានយន្តក៏អាចបង់តាមរយៈកម្មវិធី GOT Taxpayer App ដែលទាញយកចេញពី App Store ósm: ios y Play Store ចំពោះ Android សម្រាប់យានយន្តដែលធ្លាប់បានប្រកាសបង់ ពន្ធលើមធ្យោបាយដឹកជញ្ជូនកន្លងមក។
គូសបញ្ជាក់ថា ១០ខែឆ្នាំនេះ ពន្ធដារប្រមូលពន្ធគ្រប់ប្រភេទបានចំនួន ៣ ០៦៦ ៩៣លានដុល្លារ ស្មើនឹង ៨៥,៨៧ភាគរយនៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣៕