កម្ពុជា-ចិន រៀបចំព្រឹត្តិការណ៍ធំៗពីរ នៅខាងជើងប្រាសាទបាយ័ន នាថ្ងៃទី២៤ ខែមេសា ខាងមុខនេះ | កងកម្លាំងហ្វីលីពីន និងសហរដ្ឋអាមេរិកចាប់ផ្តើមសមយុទ្ធយោធាប្រចាំឆ្នាំរបស់ខ្លួននៅថ្ងៃចន្ទនេះ | ប្រធានាធិបតីតួកគីបំពេញទស្សនកិច្ចផ្លូវការលើកដំបូងទៅកាន់ប្រទេសអ៊ីរ៉ាក់រាប់ចាប់តាំងពីឆ្នាំ២០១១ | ពិព័រណ៌រថយន្តខ្នាតធំដំបូងគេនឹងរៀបចំនៅថ្ងៃទី២៧-២៨ ខែមេសានេះ |

រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច លើកទឹកចិត្តឱ្យយុវជនមានពិការភាពខិតខំប្រឹងប្រែងរៀនសូត្រ ខណៈក្រសួងនឹងបន្តស្វែងរកដៃគូដើម្បីគាំទ្រ

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក ជា សុមេធី បានជួបសំណេះសំណាលជាមួយយុវជនមានពិការភាពកម្ពុជាចំនួន ៤រូបដែលបានទទួលមេដាយមាសក្នុងការប្រកួតជាសាកលផ្នែកព័ត៌មានវិទ្យាឆ្នាំ២០២៣ (Global IT Challenge for Youth with Disability 2023) នៅទីក្រុងអាប៊ូដាប៊ី សហព័ន្ធអារ៉ាប់អេមីរ៉ាត កាលអំឡុងចុងខែតុលា ឆ្នាំ២០២៣។

រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច លោក ជា សុមេធី ដែលបានអញ្ជើញទទួលស្វាគមន៍យ៉ាងកក់ក្តៅជូនប្រតិភូជ័យលាភី នៅឯច្រកទ្វារព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលពីនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ បានថ្លែងអបអរសាទរម្តងទៀតចំពោះយុវជនមានពិការភាពទាំង ៤រូបដែលបានឈ្នះមេដាយមាស និងសំរឹទ្ធិ លើការប្រកួតលើវិញ្ញាសាសាកលផ្នែកព័ត៌មានវិទ្យាឆ្នាំ២០២៣ កន្លងមក ដោយនេះជាមោទកភាពដែលកម្ពុជាទទួលបាន។

លោករដ្ឋមន្ត្រី ជា សុមេធី បានលើកទឹកចិត្តឱ្យយុវជនមានពិការភាពទាំងអស់បន្តសិក្សារៀនសូត្រឱ្យចប់បាក់ឌុប និងពង្រឹងលើជំនាញរបស់ខ្លួនដែលមានដើម្បីអនាគតខ្លួនឯង និងក្រុមគ្រួសារ ខណៈក្រសួងសង្គមកិច្ចនឹងបន្តស្វែងរកដៃគូដើម្បីផ្តល់អាហារូបករណ៍ដល់យុវជនមានពិការភាព។

រដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា បានលើកឡើងថា កម្ពុជាបានបញ្ជូនយុវជនមានពិការភាពទៅប្រកួតប្រជែងនៅក្រៅប្រទេសចំនួន ១២លើកមកហើយ ពោលតាំងពីឆ្នាំ២០១១មកម្ល៉េះ ដោយលើកទី១ នៅឆ្នាំ២០១១ ទី២នៅឆ្នាំ២០១២ និងទី៣នៅឆ្នាំ២០១៣ ពុំទទួលបានមេដាយឡើយ។ សម្រាប់ការប្រកួតនៅលើកទី៤ នៅឆ្នាំ២០១៤ ជនមានពិការភាពកម្ពុជាចំនួន ៦រូប ទទួលបានមេដាយមាស៧ ប្រាក់៧ និងសំរឹទ្ធ១គ្រឿង។

លោក ឯម ច័ន្ទមករា បន្តថា ចំពោះលើកទី៥ កាលពីឆ្នាំ២០១៥ និងលើកទី៦ កាលពីឆ្នាំ២០១៦ ពុំទទួលបានមេដាយឡើយ។ លើកទី៧ កាលពីឆ្នាំ២០១៧ ទទួលបានមេដាយសំរឹទ្ធ ៤គ្រឿង។ លើកទី៨ កាលពីឆ្នាំ២០១៨ និងលើកទី៩ ឆ្នាំ២០១៩ ពុំទទួលបានមេដាយឡើយ។ លើកទី១០ កាលពីឆ្នាំ២០២១ ប្រកួតតាមបណ្តាញ Online (កម្ពុជាមិនបានចូលរួមទេ អវត្តមាន ដោយសារបញ្ហាការរាតត្បាតនៃជំងឺកូវីដ-១៩)។ លើកទី១១ កាលពីឆ្នាំ២០២២ ប្រកួតតាមរយៈអនឡាញ និងផ្ទាល់នៅទីក្រុងសេអ៊ូលសាធារណៈរដ្ឋកូរ៉េ កម្ពុជាទទួលបានមេដាយសំរឹទ្ធ ៤គ្រឿង។ ដោយឡែកនៅលើកទី១២ នៅឆ្នាំ២០២៣នេះ នៅទីក្រុងអាប៊ូដាប៊ី សហព័ន្ធអារ៉ាប់អេមីរ៉ាត ទទួលបានមេដាយមាស១ សំរឹទ្ធ៤ សរុបចំនួន ៥គ្រឿង។

បើតាមលោករដ្ឋលេខាធិការក្រសួងសង្គមកិច្ច កាលពីឆ្នាំ២០១៤ បន្ទាប់ពីជ័យលាភីយុវជនមានពិការភាពកម្ពុជាទទួលបាន មេដាយច្រើនជាងគេ ពីទីក្រុងប៊ូសាន សាធារណៈរដ្ឋកូរ៉េ អតីតនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានទទួលជួបសំណេះសំណាលអបអរសាទរដោយផ្ទាល់ ហើយសម្តេចកាលនោះក៏បានសម្រេចផ្តល់ក្របខណ្ឌពិសេស ជូនជ័យលាភីយុវជនមានពិការភាពសរុបចំនួន ៦រូប ខណៈបច្ចុប្បន្នពួកគេកំពុងតែបម្រើការជាមន្រ្តីរាជការនៅក្នុងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ។

លោក ឯម ច័ន្ទមករា បានសុំការអនុញ្ញាតពីលោករដ្ឋមន្ត្រីសង្គមកិច្ច លើកសំណើជូនដល់នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យយុវជនមានពិការភាពជាប់ជ័យលាភីចូលរួមសម្តែងការគួរសមដើម្បីលើកទឹកចិត្តដល់យុវជនមានពិការភាពដែលយកជ័យជម្នះជាមេដាយមាស និងមេដាយសំរឹទ្ធជូនជាតិកម្ពុជា។

ជាការឆ្លើយតប លោករដ្ឋមន្ត្រីបានឯកភាពលើសំណើនេះជូនដល់សម្តេចធិបតី ហ៊ុន ម៉ាណែត។ ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ជា សុមេធី បានណែនាំឱ្យមន្ត្រីក្រសួងធ្វើប័ណ្ឌសម្គាល់ជនមានពិការភាពដល់យុវជនមានពិការភាពជ័យលាភីចំនួន ៤រូប និងជនមានពិការភាពដទៃទៀត ដើម្បីផ្តល់ភាពងាយស្រួលដល់ពួកគេទទួលបានការយោគយល់ច្រើនពីស្ថាប័នរដ្ឋ និងស្ថាប័នឯកជន។

លោករដ្ឋមន្ត្រី ជា សុមេធី ក៏បានណែនាំឱ្យក្រសួងរៀបចំកន្លែងសមរម្យឱ្យយុវជនមានពិការភាព និងយុវជនមានពិការភាពជ័យលាភីទាំងអស់ដែលធ្លាប់បានប្រកួតឱ្យចូលរួមក្នុងទិវាជនមានពិការភាពកម្ពុជាលើកទី២៥ នៅទីក្រុងកោះពេជ្រ នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣ ខាងមុននេះ ក្រោមអធិបតីភាពនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។

លើសពីនេះលោករដ្ឋមន្ត្រី ជា សុមេធី បានណែនាំឱ្យមានការបន្តធ្វើផ្លូវជម្រាលជូនដល់ជនមានពិការភាពបន្ថែមទៀតនៅតាមកន្លែងផ្សេងៗ និងធ្វើចំណតដោយដាក់សញ្ញា ឡូហ្គូសម្គាល់សម្រាប់ជនពិការភាពផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក