ផលិតផលសាច់បង្កកពុំមានប្រភពច្បាស់លាស់ជាង ៥ពាន់គីឡូ និងសាច់បង្កក ប្រហិតចម្រុះ ៣០គីឡូក្រាម ត្រូវបានមន្រ្តីជំនាញឃាត់ទុក
ភ្នំពេញ៖ មន្រ្តីជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឃាត់ទុកផលិតផលសាច់បង្កកមួយកន្លែងជាង៥ពាន់គីឡូក្រាម ស្ថិតនៅខណ្ឌមានជ័យក្រោយរកឃើញថាពុំមានប្រភពច្បាស់លាស់។
មន្រ្តីជំនាញ ក.ប.ប. សហការជាមួយតំណាងសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា និងអាជ្ញាធរដែនដីនៃខណ្ឌមានជ័យបានចុះឆែកឆេរទីតាំងឃ្លាំងស្ដុកទុកនិងចែកចាយផលិតផលសាច់បង្កកដែលពុំមានប្រភពច្បាស់លាស់ និងឯកសារត្រឹមត្រូវចំនួន ៤ ៧១០គីឡូក្រាម នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣។
ផលិតផលសាច់បង្កកទាំងអស់នោះត្រូវបានមន្រ្តីជំនាញឃាត់ទុកនៅនឹងកន្លែង ដោយតម្រូវឱ្យម្ចាស់ចូលខ្លួនមកបំភ្លឺនៅអគ្គនាយកដ្ឋាន ក.ប.ប. ជាមួយនឹងឯកសារបញ្ជាក់ឱ្យបានត្រឹមត្រូវផងដែរ។
ទន្ទឹមនោះ នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ មន្រ្តីជំនាញ ក.ប.ប. សាខារាជធានីភ្នំពេញ ដឹកនាំកម្លាំងដោយប្រធានសាខាចុះត្រួតពិនិត្យទីតាំងស្ដុកទុក និងចែកចាយសាច់បង្កក និងប្រហិតមួយកន្លែងនៅខណ្ឌទួលគោក ដោយរកឃើញសាច់បង្កក និងប្រហិតហួសកាលបរិច្ឆេទប្រើប្រាស់ចំនួន ៣០គីឡូក្រាម ដែលពុំបានអនុវត្តតាមលក្ខខណ្ឌតម្រូវស្ដីពីសុវត្ថិភាពម្ហូបអាហារ។
មន្រ្តីជំនាញ ក.ប.ប. រាជធានីភ្នំពេញបានអនុវត្តតាមគោលការណ៍របស់ព្រះរាជអាជ្ញា ដោយសហការជាមួយអាជ្ញាធរមូលដ្ឋានចុះត្រួតពិនិត្យកន្លែងកែច្ឆៃជើងទានិងអណ្ដាតទាដែលពុំមានអនាម័យសមស្របតាមលក្ខខណ្ឌតម្រូវស្ដីពីម្ហូបអាហារ ដោយបានផ្អាកបណ្ដោះអាសន្ន និងស្រង់យកសំណាកគំរូទៅវិភាគនៅមន្ទីរពិសោធន៍នៃអគ្គនាយកដ្ឋានដើម្បីរកសារធាតុហាមឃាត់ផងដែរ៕