លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ |

លោក ហ៊ុន ម៉ានី ដឹកនាំកិច្ចប្រជុំពិនិត្យវាយតម្លៃ បេក្ខភាពអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ឆ្នាំ២០២២-២០២៣

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ.) លោក ហ៊ុន ម៉ានី បានដឹកនាំកិច្ចប្រជុំ ជាមួយសមាជិក និងក្រុមការងារបច្ចេកទេសនៃគ.វ.ជ ដើម្បីពិនិត្យវាយតម្លៃជ្រើសសម្រាំងបេក្ខភាពអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ឆ្នាំ២០២២-២០២៣។

កិច្ចប្រជុំនេះដែរ មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ សមាជិក សមាជិកា គ.វ.ជ. ដែលមានសមាសភាពអន្តរក្រសួងពាក់ព័ន្ធសរុបអ្នកចូលរួមចំនួនប្រមាណ ៤៥នាក់ នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងមុខងារសាធារណៈ។

កាលពីឆ្នាំ២០១៨ រាជរដ្ឋាភិបាលបានដាក់ចេញអនុក្រឹត្យស្តីពី «ការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល» ក្នុងគោលបំណងជំរុញ និងលើកកម្ពស់ប្រសិទ្ធភាព និងគុណភាពនៃដំណើរការរបស់អង្គភាពផ្តល់សេវាសាធារណៈក្នុងវិស័យអប់រំ និងសុខាភិបាល ឱ្យកាន់តែប្រសើរឡើងតាមរយៈការកំណត់ឱ្យមានការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ ដោយឈរលើគោលការណ៍សុក្រឹតភាព តម្លាភាព និងសមិទ្ធកម្ម។

ជាមួយគ្នានេះ កាលពីឆ្នាំ២០១៩ ជ័យលាភីចំណាត់ថ្នាក់លេខ១ អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ បានទៅលើវិទ្យាល័យពេជ្រចិន្តា ខេត្តបាត់ដំបង រីឯជ័យលាភីលេខ១ អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យ សុខាភិបាល ក្នុងកម្រិតមន្ទីរពេទ្យបង្អែកផ្តល់សេវាសំណុំសកម្មភាពបង្រ្គប់កម្រិត១ កម្រិត២ និងកម្រិត៣ បានទៅលើមន្ទីរពេទ្យបង្អែកបាកាន ខេត្តពោធិ៍សាត់ មន្ទីរពេទ្យបង្អែកខេត្តកោះកុង និងមន្ទីរពេទ្យខេត្តកំពង់ចាម។

ដោយឡែកសម្រាប់ឆ្នាំ២០២៣ គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ តាមរយៈប្រកាសអន្តរក្រសួងស្តីពីការដាក់ឱ្យដំណើរការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ ចុះថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ បានកំណត់យក អនុវិទ្យាល័យ និងសាលាបឋមសិក្សា សម្រាប់វិស័យអប់រំ និងមណ្ឌលសុខភាព សម្រាប់វិស័យសុខាភិបាល ជាអង្គភាពផ្តល់សេវាសាធារណៈ ក្នុងការវាយតម្លៃ ឆ្នាំ២០២២-២០២៣។

គួរឱ្យដឹងដែរថា បច្ចុប្បន្ន ការអនុវត្តដំណើរការការវាយតម្លៃ និងការទទួលស្គាល់ បាន និងកំពុងឈានដល់ដំណាក់កាលជ្រើសរើសសម្រាំងបេក្ខភាព ដើម្បីបន្តនីតិវិធីវាយតម្លៃបន្ទាប់ មុនឈានដល់ដំណាក់កាលជ្រើសរើសជ័យលាភី នាពេលខាងមុខ ស្របតាមកាលបរិច្ឆេទកំណត់៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក