ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣

សៀមរាប៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ "អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (Siem Reap Angkor International Airport)" នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣។

អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មានទីតាំងស្ថិតនៅក្នុងភូមិសាស្ត្រ ឃុំ តា ប៉ែក ស្រុកសូទ្រនិគម និងឃុំគោកធ្លកលើ ស្រុកជីក្រែង នៃខេត្តសៀមរាប មានចម្ងាយ ជាង ៤០គីឡូម៉ែត្រពីរមណីយដ្ឋានអង្គរ និងជាង៥០គីឡូម៉ែត្រពីក្រុងសៀមរាប។

រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោក ម៉ៅ ហាវណ្ណាល់ បានលើកឡើងថា ទោះបីនាពេលបច្ចុប្បន្ននេះមានជើងហោះហើរប្រចាំត្រឹមតែ៣៤ជើង ឬស្មើនឹង៣២ ភាគរយនៃឆ្នាំ២០១៩ តែលោកសង្ឃឹមថា ហេដ្ឋារចនាសម្ព័ន្ធថ្មីស្រឡាងនៃអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ នឹងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក៏ដូចជាទាក់ទាញក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក និងក្រៅស្រុក ជាពិសេសជើងហោះហើរពីប្រទេសចិន នឹងអាចធ្វើឱ្យវិស័យអាកាសចរនៅប្រទេសកម្ពុជា ត្រលប់មកប្រក្រតីភាពវិញនាពេលឆាប់នេះៗ។

ទន្ទឹមនោះដែរ អភិបាលខេត្តយូណាន ប្រទេសចិន លោក Wang Yubo បានលើកឡើងថា ការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៃអាកាសយានដ្ឋានសៀមរាបអង្គរនេះ បានបង្កើតផ្លូវអាកាសសម្រាប់កិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចពាណិជ្ជកម្មចិន និងកម្ពុជា ដែលពិតជាជំរុញឱ្យប្រទេសទាំងពីររួមគ្នាកសាងអនាគតដ៏ល្អប្រសើរ និងជំរុញការកសាងខ្សែក្រវាត់ និងផ្លូវ ឱ្យទទួលបាន លទ្ធផលផ្លែផ្កាបន្ថែមទៀត។

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នេះ សម្តេចធិបតី បានលើកឡើងថា ព្រលានយន្តហោះដែលមានលក្ខណៈទំនើបអាចទទួលបានជើងយន្តហោះច្រើនជាសមិទ្ធផលមួយ មិនមែនសម្រាប់តែបច្ចុប្បន្នកាល ការឆ្លើយតបតម្រូវការបច្ចប្បន្នកាល ប៉ុន្តែវាជាការត្រៀមលក្ខណៈសម្បត្តិ សម្រាប់អនាគត។

ជាមួយគ្នានេះ សម្តេចធិបតី ក៏បានជំរុញឲ្យមានការគ្រប់គ្រងព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរថ្មី ធ្វើយ៉ាងណាឲ្យក្លាយទៅជាកន្លែងទទួលបដិសណ្ឋារកិច្ចដ៏ល្អមួយ ដើម្បីឱ្យភ្ញៀវទេសចរណ៍ ទទួលបានអនុស្សាវរីយ៍ដ៏ល្អជាដំបូង។

សម្តេចថ្លែងថា៖ «ត្រូវធ្វើយ៉ាងណាឱ្យការងារទាំងអស់រួមទាំងការងារបដិសណ្ឋារកិច្ច ការងារផ្តល់សេវាផ្សេងៗ ទាំងសេវានៅខាងក្រៅ និងខាងក្នុង យើងធ្វើឱ្យទៅជាកន្លែងមួយដែលថាអ្នកដំណើរឆ្លងកាត់មានអនុស្សាវរីយ៍ល្អ ហើយជាព្រលានយន្តហោះមួយ ដែលមានទទួល និងផ្តល់សេវាដោយភាពកក់ក្តៅ»។

គួរឱ្យដឹងដែរថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បានចាប់ផ្តើមសាងសង់កាលពីខែមីនា ឆ្នាំ២០២០ ដោយក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co.,Ltd (AIAI) ក្រោមទុនវិនិយោគប្រមាណ១ ១០០ លានដុល្លារអាមេរិក ដែលជាការវិនិយោគ BOT (សាងសង់ ដំណើរការ និងផ្ទេរមកវិញ) ក្នុងរយៈពេល ៥៥ឆ្នាំ។ ព្រលានយន្តនេះ ត្រូវកសាងឲ្យទៅជាលំដាប់ថ្នាក់ 4E សម្រាប់យន្តហោះធំៗគ្រប់ប្រភេទ ដែលអាចហោះឡើង និងចុះចតបាន៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក