ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ធ្វើមហាសន្និបាតលើកទី៦ ជ្រើសតាំងសមាសភាពដឹកនាំថ្មី

ភ្នំពេញ៖ រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានធ្វើមហាសន្និបាត លើកទី៦ និងបានអនុម័តជ្រើសតាំង ប្រធាន អនុប្រធាន ថ្មីនិងសមាជិកក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្កី អភិវឌ្ឍន៍មាតុភូមិកម្ពុជា។

មហាសន្និបាតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា លើកទី៦នេះ ធ្វើឡើងក្រោមអធិបតីសម្តេចអគ្គមហាពញ្ញាចក្រី ហេង សំរិន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អធិបតីកិត្តិយស នៃរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាព្រមទាំងមានការចូលរួមពីសមាជិក សមាជិកា ប្រមាណ ៥០០អង្គ/នាក់ នាថ្ងៃពុធ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ។

អង្គមហាសន្និបាតបានដាក់ចេញនូវសេចក្តីសម្រេច ដោយបានអនុម័តជ្រើសតាំង សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ជាប្រធានកិត្តិយសក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាគណៈអធិបតី កិត្តិយស សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជាប្រធាន និងឯកឧត្តម ហ៊ុន ម៉ានី ជាអនុប្រធាន នៃក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និងឥសជនចំនួន ៤៤អង្គ/នាក់ ផ្សេងៗទៀត។

ទន្ទឹមនោះ អង្គមហាសន្និបាត បានឯកភាពទាំងស្រុងលើរបាយការណ៍ និងការវាយតម្លៃនូវលទ្ធផលនៃ សកម្មភាពការងាររបស់រណសិរ្សគ្រប់ថ្នាក់ក្នុងរយៈពេល ១៧ឆ្នាំ ពីឆ្នាំ២០០៦ ដល់ឆ្នាំ២០២៣ និងកំណត់ទិសដៅ កម្មវិធី សកម្មភាពការងារនាពេលខាងមុខ ស្របតាមការវិវឌ្ឍថ្មីនៃសភាពការណ៍របស់ ប្រទេសជាតិ ដែលកំពុងឈានទៅមុខយ៉ាងរលូនលើមាគ៌ាសន្តិភាព និងការអភិវឌ្ឍ។

អង្គមហាសន្និបាត សូមវាយតម្លៃខ្ពស់ និងកោតសរសើរដោយស្មោះចំពោះរណសិរ្សគ្រប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងអនុវត្តការងាររបស់ខ្លួន តាមភារកិច្ចដែលបានកំណត់ និងប្រគល់ជូនពីប្រជាជន ក្នុងរយៈកាលកន្លងមក ដោយទទួលបានលទ្ធផលល្អប្រសើរគួរជាទីមោទនៈ និងសូមអំពាវនាវដល់សមាជិក សមាជិការណសិរ្សគ្រប់លំដាប់ថ្នាក់ត្រូវបន្តគាំទ្រ និងចូលរួមអនុវត្តយ៉ាងសកម្មនូវកម្មវិធីនិងផែនការសកម្មភាព នានារបស់រណសិរ្សដែលបានដាក់ចេញ រួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការបង្កើតសមិទ្ធផលធំៗថ្មីៗ ថែមទៀត ក្នុងការកសាង និងអភិវឌ្ឍន៍ ប្រទេសជាតិ។

សេចក្តីប្រកាសព័ត៌មានរបស់អង្គមហាសន្និបាតបានលើកឡើងថា៖«សូមសម្តែងនូវកតញ្ញុតាធម៌ដ៏ជ្រាលជ្រៅជាទីបំផុតចំពោះឥស្សរជនអ្នកស្នេហា ជាតិគ្រប់រូប ជាពិសេសសម្តេចអគ្គមហាពញាចក៏ ហោ សំរិន និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាអគ្គស្ថាបនិកដ៏ឧត្ដុង្គឧត្តមរបស់អង្គការរណសិរ្ស គឺជាបុព្វការីដ៏មានគុណូបការៈបំផុត ដែលបានធ្វើពលីកម្មសាច់ស្រស់ ឈាមស្រស់ ប្រកបដោយមហាវីរភាពក្នុងបុព្វហេតុរំដោះជាតិ មាតុភូមិ និងប្រជាជនចេញពីរបបប្រល័យពូជសាសន៍ និងបានខិតខំស្តារ កសាង និងអភិវឌ្ឍប្រទេសជាតិរហូតមានការ រីកចម្រើនដូចសព្វថ្ងៃ»

ជាមួយគ្នានេះ អង្គមហាសន្និបាត ក៏អំពាវនាវដល់ជនរួមជាតិទាំងមូល និងគ្រប់មជ្ឈដ្ឋានសង្គម ឱ្យបន្តរួមសាមគ្គីគ្នាជាធ្លុងមួយនៅក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ និងក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ ដើម្បីសម្រេចបាននូវសមិទ្ធផលធំៗថ្មីៗថែមទៀត ក្នុងការងារកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យមាន ការរីកចម្រើនដូចបណ្តាប្រទេសអភិវឌ្ឍន៍នានានៅក្នុងតំបន់ និងនៅលើសកលលោក៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក