ស្ពាននាគភ្លោះកោះនរា ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ដែលនឹងផ្តល់ភាពងាយស្រួលដល់អ្នកដំណើរជាង ២០ម៉ឺននាក់
ភ្នំពេញ៖ ស្ពាននាគភ្លោះកោះនរា និងស្ពានបេតុងខ្សែកាបតភ្ជាប់តំបន់អភិវឌ្ឍកោះនរា និងតំបន់អភិវឌ្ឍកោះពេជ្រ បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ដែលនឹងរួមចំណែកកាត់បន្ថយដល់ការកកស្ទះចរាចរណ៍ និងផ្តល់ភាពងាយស្រួលដល់អ្នកដំណើរដែលស្ថិតប៉ែកខាងកើតនៃរាជធានីភ្នំពេញជាង ២០ម៉ឺននាក់។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ "ស្ពាននាគភ្លោះកោះនរា និងស្ពានបេតុងខ្សែកាបតភ្ជាប់តំបន់អភិវឌ្ឍកោះនរា និងតំបន់អភិវឌ្ឍកោះពេជ្រ" នាថ្ងៃពុធ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។
ស្ពាននេះនឹងរួមចំណែក ក្នុងការកាត់បន្ថយដល់ការកកស្ទះចរាចរណ៍ និងបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅប៉ែកខាងកើតនៃរាជធានីភ្នំពេញជាង២០ម៉ឺននាក់ ដែលរស់នៅក្នុងតំបន់ភូមិសាស្ត្រខណ្ឌច្បារអំពៅ ផ្លូវជាតិលេខ១ និងស្រុកកៀនស្វាយ ព្រមទាំងកាត់បន្ថយការកកស្ទះចរាចរណ៍នៅលើស្ពានព្រះមុនីវង្សទាំងពីរផងដែរ។
ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពាននាគភ្លោះកោះនរាជាផ្លូវការនេះ សម្តេចធិបតីលើកឡើងថា រដ្ឋាភិបាលបានគិតគូរជាខ្លាំងចំពោះការអភិវឌ្ឍន៍ដែលមានគោលដៅក្នុងការផ្ដល់ផលប្រយោជន៍ដល់ពលរដ្ឋជាចម្បង។
សម្តេចថ្លែងថា៖ «ហេដ្ឋារចនាសម្ព័ន្ធ គឺជាសរសៃឈាមតភ្ជាប់ដ៏សំខាន់របស់ជាតិ ដែ លរាជរដ្ឋាភិបាលកតែងយកចិត្តទុកដាក់ជាអាទិភាពក្នុងការអភិវឌ្ឍប្រទេសជាតិ»។
គួរឱ្យដឹងដែរថា សមិទ្ធផលថ្មីដ៏សំខាន់មួយនេះ គឺជាអាទិភាពគន្លឹះទី២ នៅក្នុងអាទិភាពគន្លឹះទាំង៥ "មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី ៧ ដែលនឹងជួយកាត់បន្ថយចំណាយលើឥន្ធនៈដោយសារការកកស្ទះ និងសម្រួលដល់ការធ្វើដំណើរប្រកបការងារដើម្បីសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ៕