នាយករដ្ឋមន្រ្តីថាកម្មវិធីជាតិបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជនប្រៀបដូចជាបង្រៀនពលរដ្ឋឱ្យចេះស្ទូចត្រី
ភ្នំពេញ៖ នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថាកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យប្រៀបបានដូចជាជីកស្រះធំដើម្បីចិញ្ចឹមត្រីនិងបង្រៀនពួកគេឱ្យចេះស្ទូចត្រី។
ថ្លែងក្នុងកម្មវិធីប្រកាសផ្លូវការនូវរបបសន្ដិសុខសង្គមផ្នែកថែទាំងសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត និងកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រនិងងាយរងហានិភ័យនៅថ្ងៃអង្គារ៍ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថាកម្មវិធីបណ្តុះបណ្តាលនេះនឹងធ្វើយុវជនមកពីគ្រួសារក្រីក្រនិងងាយរងហានិភ័យមានជីវភាពល្អប្រសើរដោយរក្សាបាននូវស្ថេរភាពនិងកំណើន ដោយថាពួកគេនឹងទទួលជំនាញប្រចាំជីវិតពិតប្រាកដឆ្លើយតបបានតាមតម្រូវការទីផ្សារការងារដែលនឹងលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់គ្រួសារ ចាកផុតពីភាពក្រីក្របាន។
សម្តេចធិបតីបន្តឱ្យដឹងថា បច្ចុប្បន្នរាជរដ្ឋាភិបាលកំពុងតែឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រជាង ៧០ម៉ឺនគ្រួសារនិងគ្រួសារងាយរងហានិភ័យជាច្រើនគ្រួសារទៀត ដែលនេះគឺគ្រាន់តែជាការជួយចំពោះការលំបាកចំពោះមុខប៉ុណ្ណោះមិនអាចធ្វើឱ្យពួកគេមានភាពរឹងមាំសម្រាប់កសាងជីវភាពនោះទេ។
សម្តេចធិបតីបន្តថា៖ «ជារួមការដាក់ចេញនៅកម្មវិធីបណ្ដុះបណ្ដាលជំនាញជីវិជ្ជាជីវៈនិងបច្ចេកទេសនេះគឺជាការខិតខំរបស់រាជរដ្ឋាភិបាលដើម្បីជួយបង ប្អូនប្រជាពលរដ្ឋនៅក្នុងគ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យអាចមានចំណេះដឹងចំណេះធ្វើនិងអាចស្វែងរកការងារធ្វើដោយខ្លួនឯងប្រៀបបានដូចជាជីកស្រះធំដើម្បីចិញ្ចឹមត្រីនិងបង្រៀនបងប្អូនដែលចេះស្ទូចត្រី។ វានឹងផ្ដល់ឱកាសនិងសិទ្ធិដល់បងប្អូននូវជម្រើសរបស់បងប្អូនក្នុងការចាប់ត្រីដោយខ្លួនឯងក្នុងការចាត់ចែងដោយខ្លួនឯង»។
រដ្ឋមន្ត្រីការងារលោក ហេង សួរ បានលើកឡើងថាក្នុងការបណ្ដុះបណ្ដាលនេះក្រសួងបានកំណត់យកជំនាញចំនួន ៣៨មុខដើម្បីបណ្ដុះបណ្ដាលរាប់ចាប់ពី សំណង់ អគ្គិសនី កម្មន្តសាល កសិកម្ម រហូតដល់ព័ត៌មានវិទ្យា ដែលសិស្សអាចដាក់ពាក្យនៅតាមអនឡាញ ឬតាមគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈដោយផ្ទាល់ មន្ទីរការងារ និងមជ្ឈមណ្ឌលការងាររាជធានីខេត្ត និងមជ្ឈមណ្ឌលការងារចល័តរបស់ទីភ្នាក់ងារជាតិមុខរបរនឹងការងារ។
នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត បានជំរុញដល់ក្រុមគ្រួសារ និងយុវជនផ្ទាល់ដាក់ចិត្តសិក្សាឱ្យបានចប់ចុង ចប់ដើម ដើម្បីទទួលបាននូវចំណេះដឹង ចំណេះធ្វើពិតប្រាកដ ខណៈការបណ្ដុះបណ្ដាលនេះមានគោលដៅគ្រប់ដណ្ដប់ដល់យុវជនកម្ពុជាដែលជាកម្លាំងនៃសេដ្ឋកិច្ចជាតិដល់ទៅ ១លាន ៥សែននាក់៕

























