ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

បារាំងបន្តជួយកម្ពុជាលើវិស័យសុខាភិបាល វិស័យវប្បធម៌ និងការបណ្តុះបណ្តាលធនធានមនុស្ស

បារាំង៖ ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង លោក Emmaruel MACRON បានបញ្ជាក់ពីការប្តេជ្ញារបស់រដ្ឋាភិបាលបារាំងក្នុង ការបន្តជួយដល់វិស័យនានា ពិសេសវិស័យសុខាភិបាលនៅកម្ពុជា តាមរយៈការជួយដល់ការបណ្តុះបណ្តាល ធនធានមនុស្ស ការគាំទ្រដល់កម្មវិធីបង្ការជំងឺឆ្លងពីសត្វទៅមនុស្ស ការវះកាត់ពីចម្ងាយ (Tele-Chirurgie) និងការប្រើប្រាស់បញ្ញាសិប្បនិម្មិតនៅក្នុងវិស័យនេះ។

លោក Emmaruel MACRON លើកឡើងដូចនេះក្នុងឱកាសជួបព្រះរាជសវនាការជាមួយព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅវិមាន Élysée។

តាមលទ្ធផលនៃព្រះរាជសវនាការរវាង ព្រះមហាក្សតនៃព្រះរាជាណាចក្រកម្ពុជា និងប្រធានាធិបតីនៃសាធារណរដ្ឋបារាំង បានឱ្យដឹងថា លោក Emmanuel MACRON ក្រៅពីបន្តជួយដល់វិស័យសុខាភិបាលនៅកម្ពុជា និងបណ្តុះបណ្តាលធនធានមនុស្ស ក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលបារាំងក្នុងការជួយដល់ វិស័យវប្បធម៌ ជាពិសេស គម្រោងការជួសជុល និងការពង្រីកសារមនី្ទរជាតិ និងគម្រោងជួសជុលរូបព្រះវិស្ណុធ្វើពីសំរឹទ្ធ ដើម្បីយកមកតាំងនៅប្រទេសបារាំង ជាមួយនឹងវត្ថុបុរាណមួយចំនួនទៀត ខណៈលោកបានចាត់ទុកថាជោគជ័យនៃយន្តការអន្តររដ្ឋាភិបាលស្តីពីការអភិរក្ស រមណីយដ្ឋានប្រវត្តិសាស្ត្រតំបន់អង្គរ គឺជាគំរូនៃពហុភាគីនិយម។

ជាមួយគ្នានេះ ប្រធានាធិបតីបារាំងក៏បានសន្យាថានឹងបញ្ជូនអ្នកបច្ចេកទេសមកសិក្សា និងជួសជុលព្រះរាជដំណាក់ Pavillon Napoleon III នៅក្នុងបរិវេណ ព្រះបរមរាជវាំងផងដែរ។ ដោយបានដឹងថាកម្ពុជាមានឆន្ទៈក្នុងការទទួលរៀបចំព្រឹត្តិការណ៍សំខាន់មួយរបស់អង្គការហ្វ្រង់កូហ្វូនី ប្រធានាធិបតីបារាំង បានលើកទឹកចិត្តឱ្យកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅឆ្នាំ២០២៦ ហើយបានសន្យាថាបារាំងនឹងគាំទ្របេក្ខភាពកម្ពុជា។

ព្រះករុណា ព្រះមហាក្សត្រ បានថ្លែងអំណរគុណ ចំពោះជំនួយគ្រប់រូបភាពដែល រដ្ឋាភិបាលបារាំងបានផ្ដល់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា និងការដើរតួនាទីសំខាន់ក្នុងការបន្តយន្តការអន្តររដ្ឋាភិបាលស្ដីពីការអភិរក្សរមណីយដ្ឋានប្រវត្តិសាស្ត្រតំបន់អង្គររយៈពេល ១០ឆ្នាំបន្ថែមទៀត (២០២៣-២០៣២) ដែលយន្តការនេះត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៩៣ ក្រោមការផ្តួចផ្តើម និងអំពាវនាវនៃព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ «ព្រះបរមរតនកោដ្ឋ»។

ព្រះករុណា ព្រះមហាក្សត្រ ក៏បានសំដែងនូវក្តីរំពឹងយ៉ាងខ្លាំងចំពោះ គម្រោងនៃការសិក្សាការជួសជុល និងការពង្រីកសារមនី្ទរជាតិដោយអ្នកជំនាញរបស់បារាំង កិច្ចសហប្រតិបត្តិការរវាងសារមន្ទីរជាតិ និងសារមន្ទីរ Guimet និងការជួសជុលរូបព្រះវិស្ណុផ្ទុំធ្វើពីសំរិទ្ធ រួមទាំងការតាំងបង្ហាញវត្ថុបុរាណ ខ្មែរនៅប្រទេសបារាំង និងសារមន្ទីរនានា។

ទន្ទឹមនេះ ព្រះករុណា ព្រះមហាក្សត្រ បានមានព្រះបន្ទូលថា កម្ពុជាពិតជាមានមោទភាពនឹងដាក់បេក្ខភាព រៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី នៅឆ្នាំ២០២៦ ហើយ ព្រះអង្គទ្រង់មានព្រះរាជតម្រិះថា ការគាំទ្ររបស់បារាំង មានតម្លៃយ៉ាងខ្លាំង ពីព្រោះកិច្ចគាំទ្រនេះ នឹងឆ្លុះបញ្ចាំងពីឆន្ទៈក្នុងការពង្រឹងវត្តមានដ៏មានសារៈសំខាន់របស់បារាំងនៅអាស៊ី។

លោក Emmanuel MACRON បានសូមយាងព្រះករុណា ព្រះមហាក្សត្រ ចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី១៩ នៅទីក្រុងបារីស នាថ្ងៃទី៤-៥ ខែតុលា ឆ្នាំ ២០២៤ ខណៈព្រះករុណា ព្រះមហាក្សត្រ ទ្រង់បានអញ្ជើញប្រធានាធិបតីនៃសាធារណរដ្ឋបារាំង ចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅឆ្នាំ២០២៦ នៅកម្ពុជា ដោយប្រធានាធិបតី បានបញ្ជាក់នូវសេចក្ដីរីករាយក្នុងការចូលរួម៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក