
ផ្លូវមួយខ្សែដែលរងការខូចខាតដោយសារជំនន់ទឹកភ្លៀងក្នុងស្រុកត្រាំកក់ ខេត្តតាកែវ ត្រូវបានកែលម្អ និងក្រាលក្រួសក្រហមថ្មី
តាកែវ៖ ប្រជាពលរដ្ឋ ក្នុងឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ សម្តែងនូវការអបអរសាទរ និងគោរពអរគុណចំពោះ សម្តេចធិបតី ហ៊ុន ម៉ាណែត និងរដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ លោក ឆាយ ឫទ្ធិសែន ដែលបានជួយកែលម្អផ្លូវជនបទក្រាលក្រួសក្រហម ១ខ្សែ ដែលបានទទួលរងការខូចខាតដោយសារជំនន់ទឹកភ្លៀងកាលពីពេលថ្មីៗកន្លងទៅនេះ។
ប្រធានមន្ទីរ បានដឹកនាំក្រុមការងារបច្ចេកទេសនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ លោក លីវ សំណាង បានចុះពិនិត្យការងារឈូសឆាយដីដើម្បីកែលម្អផ្លូវជនបទក្រាលក្រួសក្រហម ១ខ្សែ ប្រវែង ២ ៧០០ម៉ែត្រ ទទឹង ៥ម៉ែត្រ ឆ្លងកាត់ភូមិចំនួន៤ រួមមាន ភូមិថ្មកែវ ភូមិក្រាំងគរ ភូមិត្រពាំងរំពាក់ និងភូមិយាយឡ ឃុំត្រាំកក់ ស្រុកត្រាំកក់ ដែលបានទទួលរងការខូចខាតដោយសារជំនន់ទឹកភ្លៀងកាលពីពេលថ្មីៗកន្លងទៅនេះ នៅថ្ងៃចន្ទ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣។
លោក លីវ សំណាង បានឱ្យដឹងថា ការកែលម្អផ្លូវ ១ខ្សែនេះជាឆ្លើយតបបន្ទាន់ទៅនឹងសំណូមពររបស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិសាស្រ្ដខាងលើ ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលដែលក្រោមការដឹកនាំដ៏ឈ្លៀសវៃ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ។
លោកបានឱ្យដឹងទៀតថា រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទបានធ្វើការណែនាំ និងចង្អុលបង្ហាញដល់មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ឲ្យធ្វើការកែលម្អខ្សែផ្លូវខាងលើនេះឡើងវិញ ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការដំណើរ និងដឹកជញ្ជូនកសិផល ទៅកាន់ទីផ្សារដើម្បីធានាដល់ការធ្វើសកម្មភាពសេដ្ឋកិច្ចនានា របស់ប្រជាពលរដ្ឋ។
ក្នុងឱកាសនោះ ក្រុមការងារបានពាំនាំនូវបណ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចធិបតីនាយករដ្ឋមន្រ្តី និង រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ជូនដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋាននោះផងដែ។
ជាមួយគ្នានេះ ប្រជាពលរដ្ឋ ក៏បានសម្តែងនូវការអបអរសាទរ និងគោរពអរគុណជូនចំពោះ សម្តេចធិបតីនាយករដ្ឋមន្រ្តី និង រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ ដែលតែងតែជួយដោះស្រាយបញ្ហាឱ្យបានទាន់ពេលវេលា។
គួរឱ្យដឹងដែរថា បច្ចុប្បន្នក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងយកចិត្តទុកដាក់ក្នុងការជួសជុល កែលម្អបន្ទាន់នូវហេដ្ឋារចនាសម្ព័ន្ធ និងសំណង់សិល្បការ្យទាំងឡាយណា ដែលទទួលរងការខូចខាតដោយសារជំនន់ទឹកភ្លៀង៕