ភ្នំពេញ៖ នាយករដ្ឋមន្ត្រីបានបញ្ជាឱ្យមានការពិភាក្សាជាមុនពីវិស័យឯកជនលើការរៀបចំច្បាប់ណាដែលពាក់ព័ន្ធសំខាន់ៗជាមួយពួកគេ និងត្រូវទុកពេលអន្តរកាល ៦ខែមុននឹងការអនុវត្តន។
ថ្លែងក្នុងវេទិការដ្ឋាភិបាល និងវិស័យឯកជនលើកទី១៩ នៅវិមានសន្ដិភាព ព្រឹកថ្ងៃច័ន្ទ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាថា៖ «រាល់ការតាក់តែងបទដ្ឋានគតិយុត្តដែលមានពាក់ព័ន្ធកិច្ចប្រតិបត្តិការរបស់សហគ្រាស អាជីវកម្មនៃវិស័យឯកជន ត្រូវមានការពិគ្រោះយោបល់ជាមួយវិស័យឯកជនពាក់ព័ន្ធសំខាន់ៗហើយការដាក់ឱ្យអនុវត្តន៍ត្រូវមានការផ្សព្វផ្សាយឱ្យបានទូលំទូលាយនឹងត្រូវទុកពេលអន្តរកាលយ៉ាងហោចណាស់ ៦ខែមុននឹងចាប់ផ្ដើមអនុវត្តន៍»។
សម្ដេចធិបតីបានបញ្ជាក់ថា ការធ្វើបែបនេះគឺដើម្បីបញ្ជៀសនូវភាពត្រួតគ្នានេះច្បាប់ និងប្រព័ន្ធរដ្ឋបាលដែលបានធ្វើឱ្យប៉ះពាល់ដល់វិស័យឯកជនកាលពីកន្លងមក៕