ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

បណ្តាភាគីពាក់ព័ន្ធប្រជុំមូលព័ត៌មាន និងធាតុចូលលើការងារប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស សម្រាប់ការរៀបចំផែនការយុទ្ធសាស្ត្រជាតិ៥ឆ្នាំ

ភ្នំពេញ៖ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស រៀបចំសិក្ខាសាលាថ្នាក់ជាតិការវាយតម្លៃការអនុវត្តផែនការយុទ្ធសាស្ត្រជាតិ៥ឆ្នាំ (២០១៩-២០២៣) និងការបង្កើតផែនការយុទ្ធសាស្ត្រជាតិ៥ឆ្នាំ (២០២៤-២០២៨)។

សិក្ខាសាលាខាងលើនេះមានការចូលរួមរបស់ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស លោកស្រី ជូ ប៊ុនអេង និងតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ តំណាងអង្គការជាដៃគូរ និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប នាថ្ងៃចន្ទ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងមហាផ្ទៃ។

លោកស្រី ជូ ប៊ុនអេង បានលើកឡើងថា សិក្ខាសាលានៅក្នុងថ្ងៃនេះគឺជាកិច្ចប្រជុំក្បាលម៉ាស៊ីនថ្នាក់ជាតិដើម្បីវាយតម្លៃចំណុចខ្វះខាត ចន្លោះប្រហោង នៃការអនុវត្តផែនការយុទ្ធសាស្ត្រជាតិ៥ឆ្នាំ (២០១៩-២០២៣) ក៏ដូចជាពិភាក្សាប្រមូលធាតុចូល និងទិន្នន័យពីអ្នកពាក់ព័ន្ធទាំងអស់ដែលជាសមាជិកនៃគណៈកម្មាធិការជាតិគ.ជ.ប.ជ សម្រាប់រៀបចំផែនការយុទ្ធសាស្ត្រជាតិ៥ឆ្នាំបន្ត (២០២៤-២០២៨)។

លោកស្រីបានបញ្ជាក់បន្ថែមថា ការរៀបចំផែនការយុទ្ធសាស្ត្រជាតិ៥ឆ្នាំ (២០២៤-២០២៨) នេះគឺផ្អែកលើការវាយតម្លៃយុទ្ធសាស្ត្រចាស់ដែលជាមូលដ្ឋានគ្រឹះ ពោលគឺការអនុវត្តយុទ្ធសាស្ត្រ៥ឆ្នាំកន្លងទៅ (២០១៩-២០២៣) និងផែនការយុទ្ធសាស្ត្រឆ្នាំមុនៗ រួមមាន ផែនការសកម្មភាពឆ្នាំ២០១១-២០១៣ ផែនការសកម្មភាព២០១៤-២០១៨ និងឯកសារគោលសម្រាប់អនុវត្តឆ្នាំ២០១៦-២០១៨ ជាដើម។

លោកស្រីបានបន្តថា ការប្រមូលព័ត៌មាន និងធាតុចូលពីអ្នកអនុវត្តផ្ទាល់ និងអ្នកអនុវត្តសកម្មលើការងារប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស សម្រាប់ការរៀបចំផែនការយុទ្ធសាស្ត្រនេះ គឺពិតជាមានសារៈសំខាន់ សម្រាប់ជាព័ត៌មានមូលដ្ឋាន ដោយពួកគាត់ជាអ្នកចុះផ្ទាល់ជាមួយស្ថាប័នពាក់ព័ន្ធ ចុះតាមសហគមន៍ដើម្បីប្រមូលមតិ សម្លេងពីជនរងគ្រោះ។

ទន្ទឹមនេះ លោកស្រីមានក្តីសង្ឃឹម និងជឿជាក់ថា តាមរយៈការបែងចែងជាក្រុមពិភាក្សា នៃកិច្ចប្រជុំថ្ងៃនេះនឹងផ្ដល់ជាទិន្នន័យ ធាតុចូល និងព័ត៌មានខុសៗគ្នា ដើម្បីយកមកបញ្ចូលគ្នាសម្រាប់កំណត់នូវចំណុចជាអាទិភាពក្នុងផែនការ៥ឆ្នាំទៅមុខ ក៏ដូចជារួមគ្នាប៉ាន់ប្រមាណនូវការវិវត្តនៃបទល្មើសនានាបន្តទៀត។

រដ្ឋលេខាធិការរូបនេះក៏បានសង្កត់ធ្ងន់ផងដែរថា ពាក់ព័ន្ធនឹងការងារប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស រហូតមកដល់ពេលនេះ ប្រទេសកម្ពុជាមានស្ថានភាពនឹងនរ ហើយការងារនេះគឺជាការងាររួម រវាងអន្តរក្រសួងស្ថាប័ន និងអង្គការជាដៃគូទាំងថ្នាក់ជាតិ និងអន្តរជាតិ រួមទាំងកិច្ចសហការជាមួយបណ្ដាប្រទេសនានា ដើម្បីកាត់បន្ថយនូវការរងគ្រោះរបស់ជនរងគ្រោះ និងដើម្បីឆ្ពោះទៅរកទស្សនវិស័យលុបបំបាត់នូវបទល្មើសតែម្ដង។

គួរជម្រាបថា ផែនការយុទ្ធសាស្ត្រជាតិ៥ឆ្នាំ សម្រាប់ឆ្នាំ២០២៤-២០២៨ មានយុទ្ធសាស្ត្រចំនួនបួន រួមមាន ពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងការកសាង និងអនុវត្តច្បាប់ គោលនយោបាយ និងបទដ្ឋានគតិយុត្តនានា លើកកម្ពស់ការបង្ការទប់ស្កាត់រាល់ទម្រង់ នៃអំពើជួញដូរមនុស្ស និងការរំលោភបំពានផ្លូវភេទលើកុមារ ពង្រឹងប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌ ឆ្លើយតបទៅនឹងអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ និងបង្កើនកិច្ចការពារជនរងគ្រោះ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក