ទូកចំនួន៣៣៨ នឹងចូលរួមប្រកួតព្រមទាំងប្រទីបចំនួន៣០ ក៏នឹងបង្ហាញខ្លួនក្នុងពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងអកអំបុកសំពះព្រះខែ
ភ្នំពេញ៖ តំណាងក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ លោក ឃី សុវណ្ណរតនា បានឱ្យដឹងថា ពិធីបុណ្យអុំទូកទ្រង់ទ្រាយធំឆ្នាំនេះនឹងមានទូកប្រណាំងចំនួន ៣៣៨ទូក និងប្រទីបធំៗចំនួន ៣០ប្រទីបផងដែរ។
លោក ឃី សុវណ្ណរតនា លើកឡើងឱ្យដឹងដូចនេះបន្ទាប់ពីចូលរួមប្រជុំអន្តរក្រសួងស្តីពីការត្រៀមរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែអកអំបុក នាថ្ងៃចន្ទ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្តីការគណៈកម្មាធិការរៀបចំបុណ្យជាតិ-អន្តរជាតិ។
លោកបានបង្ហោះសារលើបណ្តាញសង្គមលោកថា៖ «ឆ្នាំនេះ ពិធីបុណ្យអុំទូកនឹងត្រូវប្រារព្ធក្នុងទ្រង់ទ្រាយធំ នឹងមានទូកប្រណាំងចំនួន ៣៣៨ទូក និងប្រទីបធំៗចំនួន ៣០ប្រទីប ព្រមទាំងមានការសម្តែងសិល្បៈ និងការប្រគំតន្ត្រីកំសាន្តច្រើនកន្លែងផងដែរ»។
គួរឱ្យដឹងដែរថា ព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អាណត្តិទី ៧ បានប្រារព្ធរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដ៏មហោឡារិកនិងអធិកអធមជាទីបំផុត៕