
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភ និងលើកទឹកចិត្តដល់គ្រួសារកុមារីដែលមានការចុះផ្សាយតាមបណ្តាញសង្គមស្ថិតនៅខេត្តបាត់ដំបង
បាត់ដំបង៖ ប្រធានកាកបាទក្រហមកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជា ជូនដល់គ្រួសារកុមារីជាសិស្សថ្នាក់ទី៧ ដែលមានការចុះផ្សាយតាមបណ្តាញសង្គម មានម្តាយមានជំងឺសតិអារម្មណ៍ និងកំពុងមានការលំបាកក្នុងជីវភាពគ្រួសារ។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្រោយពីទទួលបានព័ត៌មានពីបណ្តាញសង្គម នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះបានចាត់លោក សុខ លូ អភិបាលនៃគណៈអភិបាលខេត្តនិងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបងនិងសហការី ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជាគ្រឿង ឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងថវិកា ផ្តល់ជូនដល់គ្រួសារកុមារីជាសិស្សថ្នាក់ទី៧ (ថ្មី) ដែលបណ្តាយសង្គមផ្សព្វស្តីពីខ្សែជីវិតដែលមានឳពុកឈ្មោះ ចក់ អ៊ីម អាយុ ៤៤ឆ្នាំ ម្តាយឈ្មោះ ហោ ណារ៉ា អាយុ ៣៦ឆ្នាំ មានជំងឺសតិអារម្មណ៍ មានកូន ៣នាក់ ក្មួយស្រីជាកូនទី២ ក្នុងចំណោមបងប្អូនទាំង៣ ស្ថិតនៅភូមិបឹងទឹម ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបត់ដំបង។
ក្នុងឱកាសនោះ លោក សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា បាននាំនូវប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតអាសូរ និងការគិតគូរពីជីវភាពរស់នៅរបស់កុមារីខាងលើ។
លោកបានបញ្ជាក់ថា៖ «សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្ទាប់ពីបានឃើញព័ត៌មានអំពីករណីដ៏លំបាកមួយនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត មានក្តីអាណិតអាសូរជាពន់ពេកហើយបានចាត់ឱ្យក្រុមការងារចុះភ្លាមៗដើម្បីជួយសម្រាលការលំបាកក្នុងជីវភាព និងជាការលើកទឹកចិត្តឱ្យខិតខំតស៊ូប្រឹងប្រែង រៀនសូត្រ តទៅមុខទៀតដើម្បីជីវភាពគ្រួសារ និងអនាគតរបស់កូនៗ»។
ជាមួយគ្នានេះ លោកក៏បានថ្លែងកោតសរសើចំពោះកុមារីដែលបានខិតខំតស៊ូក្នុងការសិក្សាទោះបីជីវភាពគ្រួសារខ្វះខាតយ៉ាងណាក៏ដោយ និងណែនាំឱ្យកុមារីនោះត្រូវចេះថែរក្សាសុខភាព ព្រោះការសិក្សានិងសុខភាពត្រូវដើរទន្ទឹមគ្នា និងត្រូវខិតខំប្រឹងប្រែងតស៊ូបន្ដទៀតទាំងការសិក្សា ព្រមទាំងត្រូវចេះស្ដាប់បង្គាប់ ឪពុកម្ដាយ អ្នកគ្រូ លោកគ្រូ ក្លាយជាកូនល្អ សិស្សល្អ មិត្តល្អ និងជាពលរដ្ឋល្អ សម្រាប់ពេលអនាគត ក្លាយជាទំពាំងស្នងឬស្សី បន្តវេនមនុស្សជំនាន់ក្រោយៗ ទៀត ដើម្បីជាមូលដ្ឋានដោះស្រាយទុក្ខលំបាកសម្រាប់ខ្លួនឯង គ្រួសារ និងសង្គមជាតិ។
ជាមួយគ្នានេះ ក្រុមគ្រួសារខាងលើបានសម្តែងនូវក្តីរំភើប និងថ្លែងអំណរគុណចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាមាតាមនុស្សធម៌ បានគិតគូរ និងលើកទឹកចិត្តឱ្យមានក្តីសង្ឃឹមតទៅមុខទៀត រួមជាមួយអំណោយមនុស្សធម៌ជួយសម្រាលការលំបាកក្នុងជីវភាពដែលកំពុងជួបប្រទះចំពោះមុខមានដូចជា អង្ករ មី ត្រីខ មុង ភួយ សារុង ក្រមា សម្ភារៈសិក្សាកង់ និងថវិកាមួយចំនួនផងដែរ៕