ភ្នំពេញ៖ ស្ថាប័នកំណត់ត្រាពិភពលោកនឹងប្រគល់វិញ្ញាបនបត្រកំណត់ត្រាពិភពលោក(GUINNESS WORLD RECORDS) បញ្ចាក់ថាកម្ពុជាមានត្រីទឹកសាបធំជាងគេនៅលើពិភពលោក។
រដ្ឋបាលជលផល សហការជាមួយគម្រោងអច្ឆរិយភាពទន្លេ មេគង្គ និងដោយមានការគាំទ្រពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងរៀបចំសិក្ខាសាលាអន្តរជាតិស្តីពីស្ថានភាពត្រីបបែល យក្សទឹកសាប និងពិធីប្រគល់ជូនវិញ្ញាបនបត្រកំណត់ត្រាពិភពលោក (GUINNESS WORLD RECORDS) ស្តីពីត្រីទឹកសាបធំបំផុត ដល់រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសណ្ឋារគារ ហ៊ីម៉ាវ៉ារី ទីក្រុងភ្នំពេញ។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា កម្មវិធីខាងលើនេះក៏មានការផ្តល់បណ្ណសរសើរដល់បុគ្គលឆ្នើមដែលបានចូលរួមការពារ និងអភិរក្សត្រីបបែលយក្ស និងជីវៈចម្រុះទន្លេមេគង្គ ពិភាក្សាពីរបាយ ចំនួនប្រជាករ លក្ខណៈជីវសាស្ត្រ និងរៀបចំធ្វើសេចក្ដីថ្លែងការណ៍រួមមួយស្ដីពីត្រីបបែលយក្សទឹកសាប ដើម្បីរៀបចំផែនការនាពេលអនាគតក្នុងការស្រាវជ្រាវ គ្រប់គ្រង និងអភិរក្ស ក្នុងតំបន់ទន្លេមេគង្គនិងប្រព័ន្ធទន្លេនានាលើពិភពលោកផងដែរ។
គួរឱ្យដឹងដែរថា កាលពីខែមិថុនា ឆ្នាំ២០២២ កន្លងទៅនៅខេត្តស្ទឹងត្រែង ត្រីបបែលយក្សដែលជា ប្រភេទត្រីទឹកសាបមានទំហំធំជាងគេបំផុតនៅកម្ពុជាទម្ងន់ជាង ៣០០ គីឡូក្រាម ត្រូវបានអ្នកនេសាទចាប់បាន និងបានបំបែកកំណត់ត្រាពិភពលោកជាត្រីទឹកសាបដែលធំជាងគេលើពិភពលោក។
ត្រីបបែលយក្សនេះត្រូវបានគេដឹងថាជាត្រីមួយនៅក្នុងចំណោមត្រីមានទំហំធំបំផុតនៅលើផែនដី។ ត្រីបបែលនៅកម្ពុជាមាន ៥ ប្រភេទ ហើយត្រីបបែលយក្សគឺជាត្រីទឹកសាបដែលមានទំហំធំជាងគេ។ ត្រីបបែលយក្សនេះអាចលូតលាស់ និងអាចមានទម្ងន់រហូតទៅដល់ជាង ៦០០ គីឡូក្រាម និងមានប្រវែងរហូតដល់ជាង៥ម៉ែត្រ គិតរួមទាំងកន្ទុយវាផង៕