បន្ទាយមានជ័យ៖ ពិធីប្រណាំងទូកងនៅខេត្តបន្ទាយមានជ័យត្រូវបានបញ្ចប់ ខណៈភ្ញៀវទេសចរណ៍ចូលរួមទស្សនាបុណ្យអុំទូក២ថ្ងៃមានប្រមាណជាង១៥ ម៉ឺននាក់។
ប្រធានមន្ទីរទេសចរណ៍ខេត្តបន្ទាយមានជ័យនេះ លោក ឈឿន សេរីវុធ ឱ្យដឹងថា រយៈពេល២ថ្ងៃនៃការប្រណាំងទូកងថ្នាក់ខេត្ត នៅដងស្ទឹងសិរីសោភ័ណ នៅក្រោយសាកលវិទ្យាល័យជាតិ មានជ័យ ស្ថិតនៅភូមិបាណយ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ដោយមានភ្ញៀវទេសចរណ៍ចូលរួមទស្សនាសរុបចំនួន ១៥២ ៨៥៦នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន ១៥២ ៨៤៧ ភ្ញៀវបរទេសមានចំនួន៩នាក់។
លោក ឈឿន សេរីវុធ បន្តថា នៅថ្ងៃទី១មានភ្ញៀវទេសចរបានអញ្ជើញចូលរួមទស្សនាការប្រណាំងទូក សរុបចំនួន ៣៨ ២៣៣នាក់ ក្នុងនោះភ្ញៀវបរទេស មាន២នាក់។ ដោយឡែកថ្ងៃទី២ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា មានភ្ញៀវទេសចរ សរុបចំនួន ១១៤ ៧២៣នាក់ ក្នុងនោះភ្ញៀវបរទេស មាន០៧នាក់។
គួរឱ្យដឹងដែរថា ការប្រណាំងទូក ត្រូវបានបញ្ចប់នៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា ដែលមានការអញ្ជើញចូលរួមបិទកម្មវិធីក្រោមអធិបតីភាព លោក កែ គឹមយ៉ាន អ្នកតំណាងរាស្ត្រមណ្ឌលបន្ទាយមានជ័យ និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះខេត្តបន្ទាយមានជ័យ និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំខេត្ត សមាជិកព្រឹទ្ធសភា រដ្ឋសភា មេបញ្ជា ស្នងការកងកម្លាំងគ្រប់កងឯកភាព ប្រតិភូខេត្តស្រះកែវប្រទេសថៃ កុងស៊ុលវៀតណាមប្រចាំខេត្តបាត់ដំបង ធ្វើឡើងនៅក្រោយបិរវេណសាកលវិទ្យាល័យជាតិ មានជ័យ ស្ថិតនៅភូមិបាណយ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ៕