ឡាវ៖ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កម្ពុជា-ឡាវ ជួបពិភាក្សាការងារទ្វេភាគី ក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យដឹកជញ្ជូនរវាងប្រទេសទាំងពីរ។
រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា លោក ប៉េង ពោធិ៍នា និង រដ្ឋមន្រី្តក្រសួងសាធារណការ និងដឹកជញ្ជូនឡាវ លោក Ngampasong Muongmanyបានជួបពិភាក្សាទ្វេភាគី ដែលជំនួបនេះបានប្រព្រឹត្តទៅកាលពីថ្ងៃសុក្រទី ១០ ខែវិច្ឆិកា ឆ្នាំ២០២៣ នាទីក្រុងហ្លួងព្រះបាង សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
ក្នុងជំនួបនោះដែរ រដ្ឋមន្រ្តីសាធារណការ និងដឹកជញ្ជូន ឡាវ បានស្នើឱ្យភាគីកម្ពុជា ពិនិត្យពិចារណាទៅលើការបង្កើនការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ បង្កើនការកែលម្អច្រករបៀងដឹកជញ្ជូន និងបង្កើនរំហូរទំនិញ-ទេសចរណ៍-សេវា រវាងប្រទេសពីរ ឱ្យកាន់តែប្រសើរឡើង សំដៅរួមចំណែកជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងវប្បធម៌ ទាំងក្នុងក្របខណ្ឌទ្វេភាគី និងតំបន់។
ឆ្លើយតបទៅនឹងការលើកឡើងរបស់ភាគីឡាវ រដ្ឋមន្រ្តីសាធារណការ លោក ប៉េង ពោធិ៍នា បានគូសបញ្ជាក់ថា ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរវាងប្រទេសទាំងពីរ ពិតជាមានសារៈសំខាន់ណាស់ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ហើយដែលការតភ្ជាប់នេះគឺស្របទៅតាមផែនការមេគ្រប់ជ្រុងជ្រោយ ស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្ម ២០២៣-២០៣៣ ដែលរាជរដ្ឋាភិបាលកម្ពុជាទើបបានអនុម័តកាលពីពេលថ្មីៗនេះផងដែរ។
ថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នាបង្កលក្ខណៈងាយស្រួលទៅវិញទៅមកដើម្បីបន្ត និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ពិសេសការអនុវត្តគម្រោងនានាដែលនឹងផ្តល់ផលប្រយោជន៍ទៅវិញទៅមកជូនប្រជាពលរដ្ឋប្រទេសទាំងពីរ៕