
រដ្ឋមន្ត្រីកសិកម្មដឹកនាំក្រុមការងារក្រសួង និងកងកម្លាំងចម្រុះចុះជួយសង្គ្រោះស្រូវរបស់ប្រជាជន នៅស្រុកគិរីវង់ ខេត្តតាកែវ
តាកែវ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា ព្រមទាំងថ្នាក់ដឹកនាំនិងក្រុមការងារយុវជនក្រសួង និងដោយមានការសហការចូលរួមពីសំណាក់កងកម្លាំងយោធា នគរបាល និងអាជ្ញាធរខេត្តតាកែវ បានរួមគ្នាក្នុងប្រតិបត្តិការជួយសង្គ្រោះប្រមូលផលស្រូវរបស់ប្រជាជន នៅស្រុកគិរីវង់ ខេត្តតាកែវ ពេញមួយថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ ។
នៅក្នុងស្រុកគិរីវង់ ខេត្តតាកែវ ការប្រមូផលស្រូវរបស់ប្រជាជនធ្វើឡើងដោយលំបាកដោយសារទឹកភ្លៀងឡើងខ្លាំងជាហេតុធ្វើឱ្យម៉ាស៊ីនមិនអាចចូលច្រូតបាន។ ដូច្នេះហើយទើបក្រសួងសម្រេចចុះអន្តរាគមន៍បន្ទាន់ ដោយមានការសហការពីសំណាក់អាជ្ញាធរខេត្ត កងកម្លាំងយោធា នគរបាល និងយុវជនក្រសួង នៅក្នុងប្រតិបត្តិការជួយច្រូតសង្គ្រោះស្រូវប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ដើម្បីកុំឱ្យខូចស្រូវ បន្ទាប់មកទៀតទើបអាចយកទៅបោកម៉ាស៊ីនបាន។
បើតាមការគូសបញ្ជាក់ពី លោក ឌិត ទីណា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងសហការជាមួយក្រសួងធនធានទឹក ដើម្បីអន្តរាគមន៍បូមទឹកចេញឱ្យអស់ ដើម្បីអាចឱ្យម៉ាស៊ីនចូលច្រូតបានទាន់ពេលវេលា ដោយនៅតំបន់នេះ មានដីស្រែសរុបប្រមាណជាង ២ពាន់ហិចតា ដែលកំពុងត្រូវប្រមូលផល ហើយកម្លាំងនឹងនៅបន្តជួយប្រជាពលរដ្ឋក្នុងការច្រូតកាត់នេះរហូតដល់អស់ ដែលនឹងប្រើពេលយ៉ាងយូរ ១០ថ្ងៃទៀត។
ក្នុងឱកាសនោះដែរ លោក ឌិត ទីណា ក៏បានលើកឡើងអំពីគោលនយោបាយអាទិភាពពាក់ព័ន្ធនឹងវិស័យកសិកម្ម របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលសម្តេចធិបតីនាយករដ្ឋមន្ត្រីនឹងអញ្ជើញមកប្រកាសដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី២០ ខែវិច្ឆិកា ខាងមុខនេះ ដែលផ្ដោតសំខាន់លើការជួយទ្រទ្រង់វិស័យកសិកម្ម តាមរយៈការរក្សាស្ថិរភាពតម្លៃតាមរយៈសម្បទានក្នុងខ្សែច្រវាក់តម្លៃ ការដាក់ពង្រាយមន្ត្រីផ្សព្វផ្សាយកសិកម្មឃុំ ការកសាងសហគមន៍កសិកម្មទំនើប ធ្វើយ៉ាងណាជួយដល់កសិករឱ្យអស់លទ្ធភាព ដើម្បីចៀសផុតពីបញ្ហាប្រឈម ទាំងហានិភ័យអាកាសធាតុ ទីផ្សារ វិបត្តិដើមទុន និងកង្វះបច្ចេកទេស ដើម្បីឱ្យសហគមន៍ និងកសិករទាំងអស់ទទួលបានផលប្រយោជន៍ពីគោលនយោបាយ និងមានជីវភាពកាន់តែប្រសើរឡើង៕