
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់អំណោយដល់ព្រឹទ្ធាចារ្យចាប៉ីដងវែងលោកតា គង់ ណៃ បន្ទាប់ពីទទួលដំណឹងថាជំងឺចាស់លោកតាបានរើឡើងវិញ
កំពត៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្តាំធ្ញើរសួរសុខទុក្ខ និងផ្តល់អំណោយជាថវិកា និងគ្រឿងឧបភោគបរិភោគ បន្ទាប់ពីទទួលដំណឹងព្រឹទ្ធាចារ្យចាប៉ីដងវែងលោកតា គង់ ណៃ ជំងឺចាស់បានរើឡើងវិញ។
ប្រធានកាកបាទក្រហមកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់ នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា លោក អ៊ុយ សំអាត ចុះសួរសុខទុក្ខ ព្រឹទ្ធាចារ្យចាប៉ីដងវែងលោកតា គង់ ណៃ ដល់គេហដ្ឋាន ព្រឹទ្ធាចារ្យចាប៉ីដងវែង នៅភូមិដូង ឃុំស្វាយទងខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣។
ក្នុងឱកាសនោះដែរ លោក អ៊ុយ សំអាត បាននាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះព្រឹទ្ធាចារ្យចាប៉ីដងវែងលោកតា គង់ ណៃ និងសូមថែរក្សាសុខភាព និងទៅពិនិត្យសុខភាពនៅមណ្ឌលសុខភាពដែលនៅជិតបំផុត និងបានផ្តាំផ្ញើដល់ក្រុមគ្រួសារប្រសិនព្រឹទ្ធាចារ្យមានមិនស្រួលត្រូវរួសរាន់បញ្ជូនព្រឹទ្ធាចារ្យទៅមន្ទីរភ្នំពេញឱ្យបានឆាប់បំផុត។
ជាមួយគ្នានេះ ព្រឹទ្ធាចារ្យចាប៉ីដងវែងលោកតា គង់ ណៃ និងក្រុមគ្រួសារ សូមថ្លែងអំណរគុណ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់ដល់ក្រុមគ្រួសារលោកតា។
គួរឱ្យដឹងដែរថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្តល់អំណោយដល់ព្រឹទ្ធាចារ្យចាប៉ីដងវែង រួមមាន ទឹកត្រចៀកកាំមួយកន្ត្រក ស្ករស ១គីឡូ ទឹកដោះគោឆៅ ២យួរ និងថវិកា១០លានរៀល៕