ភ្នំពេញ៖ ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្ដេចតេជោ ហ៊ុន សែន បានសរសេរសំណេរមួយរៀបរាប់ពីការឈឺចាប់ដែលមិនអាចបំភ្លេចបានចំពោះការស្លាប់របស់កូនប្រុសរបស់សម្ដេចឈ្មោះ ហ៊ុន កំសត់ ដេលបានស្លាប់កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ១៩៧៦។
តាមរយៈសំណេរដ៏ឈឺចាប់នេះសម្ដេចតេជោ ហ៊ុន សែន បានរៀបរាប់ថា ថ្ងៃនេះជាខួប៤៧ឆ្នាំ នៃការសម្លាប់របស់កូនប្រុសដ៏កំសត់របស់សម្ដេចនៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ដោយសម្ដេចថាសម្ដេចនិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតមិនដែលភ្លេចនូវសោកនាដកម្មដែលបានកើតឡើងចំពោះកូនម្នាក់នេះនោះទេ។
សម្ដេចសរសេរថា៖ «ការរៀបចំឡើងនូវផ្នូររបស់កូន និងចម្រៀង “អនិច្ចារកូនកំសត់ប្រវត្តិម្ដាយកម្ម” “ទំនួញកំសត់ប្រវត្តិវិទ្យាល័យ” និង “ព្រលឹងកំសត់” ដែលពុកម៉ែបានធ្វើឡើងក្នុងបំណងរំលឹកដល់វិញ្ញាណក្ខន្ឋកូន និងការឈឺចាប់នាពេលនោះ»។
សម្ដេចតេជោបានឱ្យដឹងថា ទារក ហ៊ុន កំសត់ បានទទួលមរណភាពនៅម៉ោង៦ព្រឹក ថ្ងៃទី១០ ខែវិច្ចិកា ឆ្នាំ១៩៧៦ ក្រោយពេលកូនប្រសូត្រចាកផ្ទៃម្តាយកូន គ្រូពេទ្យបានធ្វើឱ្យរបូតធ្លាក់ពីដៃត្រូវនឹងជ្រុងគ្រែធ្វើឱ្យបាក់ឆ្អឹងខ្នងធ្លាក់ដល់ដីគាប់ជួនដែលសម្ដេចបានធ្វើដំណើរពីភូមិកោះថ្មឃុំទន្លូង ទៅដល់មន្ទីរពេទ្យតំបន់ដែលតាំងនៅអតីតអនុវិទ្យាល័យស្រុកមេមត់។
សម្ដេចថា៖ «ម្តាយកូនឆ្លងទន្លេម្នាក់ឯងដោយមិនមានពុកនៅមើលថែទេ។ ពុកមិនបានបំពេញការងារជាប្តី ជាឪពុកទេ ព្រោះពេលនោះមិនថាតែពុកនោះទេ គឺប្រជាជនទូទាំងប្រទេសមានសិទ្ឋិតិចជាងសត្វឆ្កែឬឆ្មាទៅទៀត។ ឆ្កែ ឆ្មារវាមានសិទ្ឋិការពារកូនវាច្រើនជាងមនុស្ស»។
សម្ដេចបានរៀបរាប់បន្ដថា ភាពតក់ស្លុតបានកើតឡើងចំពោះរូបសម្ដេចនៅពេលដែលសម្ដេចឈានជើងចូលដល់មន្ទីរពេទ្យ ហើយត្រូវអ្នកជម្ងឺដែលសម្រាកជាមួយសម្ដេចកិត្តព្រឹទ្ធបណ្ឌិតស្រែកប្រាប់ថា “រ៉ានីឆ្លងទន្លេ ហើយកូនស្លាប់ហើយ”។
សម្ដេចប្រឹងរត់ទៅរកកូនឃើញឈាមកូនកំពុងហូរចេញតាមមាត់ ដោយសម្ដេចប្រឹងស្រែកឱ្យគេជួយដើម្បីសង្គ្រោះជីវិតកូន ក្នុងពេលដែលភរិយាសន្លប់មិនទាន់ដឹងខ្លួន និងមិនទាន់ដឹងថាកូនស្លាប់នៅឡើយ អាស្រ័យដោយនៅបន្ទប់នៅផ្សេងគ្នា។
សម្ដេចបន្តថា៖ «ពុកអត់ធ្វើអ្វីបានទេកូន ពុកបានសុំមេបញ្ជាការឃោរឃៅ ដើម្បីយកសពកូនទៅកប់នឹងនៅមើលថែទាំ ម្តាយកូនក្រោយឆ្លងទន្លេ។ មិនត្រឹមតែមិនបានទទួលការអនុញ្ញាតប៉ុណ្ណោះទេ តែពុកត្រូវរងនូវការប្រមាថយ៉ាងធ្ងន់ធ្ងរទៀតផង “កម្មសិទ្ឋិមនោសញ្ចេតនាក្រាស់” “ មិត្តឯងមិនមែនគ្រូពេទ្យទេ” “បើមិត្តឯងនៅ ក៏អាកូននេះមិនរស់ឡើងវិញដែរ” “មានពេទ្យយកខ្មោចកូននេះទៅកប់ហើយ មិនបាច់កប់ខ្លួនឯងទេ” “ការងារអង្គការសំខាន់ជាងការងារបុគ្គល” ។ល។»
សម្ដេចថានេះជាការឈឺចាប់ណាស់! តែសម្ដេចត្រូវទ្រាំដើម្បីបុព្វហេតុរំដោះប្រជាជនកម្ពុជាទូទាំងប្រទេសចេញពីរបបឃោរឃៅនេះ។
អ្វីដែលសម្ដេចអាចឱ្យទៅកូនដ៏កំសត់ពេលនោះគ្មានអ្វីក្រៅតែពីក្រម៉ា១ ដែលដោះចេញពីកដើម្បីរុំសពកូននោះទេ ហើយសម្ដេចខំប្រឹងទៅរកភរិយាដែលទើបដឹងខ្លួនបន្ទាប់ពីសន្លប់ ហើយប្រាប់គាត់ថា៖ «កូនស្លាប់ហើយនឹងដាក់ឈ្មោះកូនថា “កំសត់”។ ឈ្មោះនេះនៅជាប់ជានិច្ចក្នុងវិញ្ញាណពុក ហើយកូន កំសត់នេះហាក់តាមថែរក្សាពុកម៉ែគ្រប់ពេលវេលា។
សម្ដេចបន្តថា៖ «ពួកគេបង្ខំឱ្យពុកចាកចេញពីម្តាយកូននិងខ្មោចកូនទាំងការឈឺចាប់ជាមួយទឹកភ្នែករាប់ម៉ឺនដំណក់។ ៣ថ្ងៃក្រោយមកទើបពុកបានការអនុញ្ញាតទៅជួបម្តាយកូនសារជាថ្មីដែលកំពុងមានជម្ងឺជាទម្ងន់ ដែលខ្មែរយើងនិយមហៅថា ”សល់សុក”។ ពុកត្រូវយកម្តាយកូនចេញពីពេទ្យដើម្បីឱ្យឆ្មបបុរាណខ្មែរកាយទម្លាក់សុកចេញ ទើបសង្គ្រោះជីវិតម្ដាយកូនបាន។ ពុកសុំទោសកូន ដែលពុកមិនដឹងថា សាកសពកូនគេយកទៅកប់ ឬបោះចោលនៅទីណា ព្រោះការងារបន្ទាន់របស់ពុក គឺត្រូវយកម្តាយកូនចេញពីមន្ទីរពេទ្យទៅព្យាបាលតាមបែបបុរាណវិញ។ ពុកពុំមានពេលស្វែងរកសាកសពកូននៅពេលនោះទេ សង្ឃឹមថាកូនយោគយល់ ហើយមកនៅផ្នូរដែលពុកម៉ែបានសាងសង់សំរាប់កូនតាំងពីទសវត្សឆ្នាំ១៩៨០ មក»។
ទោះបីមកដល់ពេលនេះមានរយៈពេល ៤៧ឆ្នាំហើយក្ដីតែទឹកភ្នែករបស់សម្ដេចនៅតែហូរពេលដែលសម្ដេចនឹកដល់រឿងឈឺចាប់នេះ។
សម្ដេចបន្តថា៖ «នេះជាទឹកភ្នែកនឹកដល់កូនកំសត់ ជាទឹកភ្នែកនឹកដល់ការឈឺចាប់លើសពីការអត់ធ្មត់បានរបស់មនុស្ស ជាទឹកភ្នែកនឹកដល់ប្រជាជនកម្ពុជារាប់លាននាក់ដែលត្រូវពួកប៉ុលពត សម្លាប់ និងធ្វើបាបដូចក្រុមគ្រួសារយើងដែរ»។
សម្ដេចនៅតែបន្ទោសខ្លួនឯង ដែលមិនបានយកសពកូនទៅបញ្ចុះដោយខ្លួនឯង តែសម្ដេចថាការអត់ធ្មត់ និងធ្វើតាមបញ្ជាររបស់ពួកឃាតករពេលនោះគឺដើម្បីរក្សាជីវិតសម្ដេច និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងផ្តល់ឱកាសឱ្យសម្ដេចរួមចំណែកដឹកនាំចលនាតស៊ូរំដោះជាតិ និងប្រជាជនពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងកសាងប្រទេសបានរីកចម្រើនរហូតសព្វថ្ងៃ៕