ព្រះមហាក្សត្រនឹងយាងទៅចូលរួមសន្នីសីទអន្តររដ្ឋាភិបាលលើកទី៤ ស្ពីពីរមណីយដ្ឋានអង្គរ នៅប្រទេសបារាំង
ភ្នំពេញ៖ ព្រះមហាក្សត្រកម្ពុជា សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី នឹងស្តេចយាងចូលរួមក្នុងសន្នីសីទអន្តររដ្ឋាភិបាលលើកទី៤ ស្តីអំពីរមណីយដ្ឋានប្រវត្តិសាស្ត្រតំបន់អភិរក្សអង្គរ នៅទីក្រុងប៉ារីស សាធារណរដ្ឋបារាំង នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣។
ក្នុងព្រះរាជសារឡាយព្រះហស្តលេខាដោយព្រះមហាក្សត្រចុះថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្ដេចព្រះ បរមនាថ នរោត្តម សីហមុនី មានរាជឱង្ការថា ក្នុងពេលអវត្តមានព្រះអង្គ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នឹងទទួលជួយព្រះអង្គជាប្រមុខរដ្ឋស្ដីទី។
ក្នុងព្រះរាជសារ ព្រះមហាក្សត្រពុំបានបញ្ជាក់ពីថ្ងៃដែលព្រះអង្គនឹងត្រលប់មកកម្ពុជាវិញនោះទេ។
យោងតាមអាជ្ញាធរជាតិអប្សរា សន្និសីទអន្តររដ្ឋាភិបាលលើកទី៤ ស្តីពីអង្គរនិងសំបូរព្រៃគុក នឹងប្រព្រឹត្តនាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្នាក់ការធំរបស់អង្គការយូណេស្កូ នាទីក្រុងប៉ារីស ប្រទេសបារាំង។ សន្និសីទអន្តររដ្ឋាភិបាលនេះរៀបចំឡើងដើម្បីកំណត់នូវគោលនយោបាយ និងទិសដៅសកម្មភាពនានាសំដៅពង្រឹងប្រសិទ្ធភាព អភិបាលកិច្ចល្អនៃកិច្ចអភិរក្សនិងអភិវឌ្ឍន៍ប្រកបដោយចីរភាពរមណីយដ្ឋានអង្គរនិងរមណីយដ្ឋានសំបូរព្រៃគុក។
សូមបញ្ជាក់ថា គណៈកម្មាធិការអាយស៊ីស៊ី-អង្គរត្រូវបានប្រារព្ធឡើងលើកទី១ នៅឆ្នាំ១៩៩៣ នាទីក្រុងតូក្យូ ប្រទេសជប៉ុន លើកទី២ នៅឆ្នាំ២០០៣ នាទីក្រុងប៉ារីស ប្រទេសបារាំង និងលើកទី៣ នៅឆ្នាំ២០១៣ ប្រទេសកម្ពុជា។ នៅឆ្នាំ២០១៩ គណៈកម្មាធិការនេះត្រូវបានពង្រីកសមត្ថកិច្ចបន្ថែមដល់រមណីយដ្ឋានសំបូរព្រៃគុក ដោយប្តូរឈ្មោះថា គណៈកម្មការអាយស៊ីស៊ី-អង្គរនិងសំបូរព្រៃគុក៕