
សម្តេចតេជោថ្លែងអំណរគុណចំពោះសារលិខិតប្រធានាធិបតី ស៊ី ជីនភីង ក្នុងឱកាសខួបលើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិរបស់កម្ពុជា
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសារលិខិតអបអរសាទររបស់ឯកឧត្តម ស៊ី ជីនភីង អគ្គលេខាធិការបក្សកុម្មុយនីស្តចិន ក្នុងឱកាសខួបលើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិរបស់ព្រះរាជាណាចក្រកម្ពុជា ប្រកបដោយអត្ថន័យយ៉ាងជ្រាលជ្រៅចំពោះមិត្តភាពដែកថែបកម្ពុជា-ចិន ក្នុងដំណាក់កាលនៃការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន នា យុគសម័យថ្មី។ នេះបើយោងតាមសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ផ្ញើជូនឯកឧត្តម ស៊ី ជីនភីង នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣។
ឆ្លៀតឱកាសនេះ សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវការអបអរសាទរចំពោះការរៀបចំវេទិកាខ្សែក្រវ៉ាត់និងផ្លូវលើកទី៣ នៅទីក្រុងប៉េកាំង ប្រកបដោយជោគជ័យ និងសូមស្វាគមន៍គំនិតផ្តួចផ្តើមសកលថ្មីៗ ក្រោមការដឹកនាំរបស់ឯកឧត្តមអគ្គលេខាធិការ។ សម្តេចជឿជាក់ថា ប្រទេសចិននឹងដើរតួនាទីថ្មីនៅក្នុងការជំរុញភាពជាដៃគូពិភពលោកឱ្យរស់ឡើងវិញ តាមរយៈកិច្ចសន្ទនាដើម្បីលើកកម្ពស់ការយោគយល់គ្នា និងភាពជឿជាក់គ្នាទៅវិញទៅមកក្នុងចំណោមគណបក្សនយោបាយ រដ្ឋាភិបាល និងប្រជាជនដើម្បីសន្តិភាពនិងវិបុលភាពរួម ជាពិសេសជាកម្លាំងចលករនៃការងើបឡើងវិញនៃសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក។
សម្តេចតេជោ ហ៊ុន សែន បានគាំទ្រដល់រដ្ឋាភិបាលនៃប្រទេសទាំងពីរ ចំពោះការកំណត់ឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនរវាងកម្ពុជានិងចិន ហើយសម្តេចជឿជាក់យ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការត្បូងពេជ្យ រួមទាំងកិច្ចសហប្រតិបត្តិការបក្សនិងរដ្ឋក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគីនានា នឹងផ្តល់ប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសទាំងពីរ។
ក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចរីករាយនឹងទទួលយកកិច្ចសហប្រតិបត្តិការនិងឆន្ទៈធ្វើការរួមគ្នា ដើម្បីការផ្លាស់ប្ដូរនិងទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិន កាន់តែស៊ីជម្រៅនៅក្នុងសហគមន៍ជោគវាសនារួម ក្នុងយុគសម័យថ្មីដែលមានគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ ផ្តល់ផលប្រយោជន៍ជាក់ស្តែងដល់ប្រទេស និងប្រជាជនទាំងពីរ៕