កំពង់ចាម៖ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ដែលបានប្រើអំពើហិង្សាវាយសម្លាប់ក្មួយបង្កើតខ្លួនឯង កាលពីថ្ងៃទី៦ ខែវិច្ឆិកា ក្នុងឃុំក្រូច ស្រុកព្រៃឈរ ខេត្តកំពង់ចាម មូលហេតុដោយសារខឹងលួងក្មួយមិនឈប់យំ។
យោងតាមរបាយការណ៍ពីការិយាល័យសង្គមកិច្ចនិងសុខុមាលភាពសង្គមស្រុកព្រៃឈរ ខេត្តកំពង់ចាម បានឱ្យដឹងថា មានករណីនេះកើតឡើងនៅម៉ោង ៩ៈ៣០នាទីយប់ នៅចំណុចភូមិទួលខ្ពស់ ឃុំក្រូច ស្រុកព្រៃឈរ ខេត្តកំពង់ចាម បង្កដោយជនសង្ស័យដែលជាអ៊ំប្រុស ឈ្មោះ សឿង សុភា ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិទួលខ្ពស់ ឃុំក្រូច ស្រុកព្រៃឈរ ខេត្តកំពង់ចាម ជាមុខសញ្ញាបទល្មើសគ្រឿងញៀន ត្រូវបានដោះលែងពីពន្ធនាគារ កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២ កន្លងមក។
របាយការណ៍ឱ្យដឹងទៀតថាមុនឈានទៅដល់ការសម្លាប់ក្មួយប្រុស គឺដោយសារម្តាយកុមាររងគ្រោះឈ្មោះ សឿង ចន្ធូ ភេទស្រី អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ជាស្ត្រីមេម៉ាយ រស់នៅភូមិ ឃុំជាមួយគ្នា បានទៅញាំអាហារនៅផ្ទះមិត្តភក្តិ ក៏ត្រូវកម្លាំងសមត្ថកិច្ចបង្ក្រាបឃាត់ខ្លួនពាក់ព័ន្ធបទល្មើសគ្រឿងញៀន កាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ បញ្ជូនទៅស្នងការនគរបាលខេត្ត ដោយទុកកុមាររងគ្រោះនៅជាមួយជនសង្ស័យ (បងប្រុសបង្កើត) ឱ្យជួយមើលថែទាំ។
ចំពោះមូលហេតុ ដែលធ្វើឱ្យជនសង្ស័យសម្លាប់ក្មួយប្រុស ដោយសារជនសង្ស័យបានផឹកស្រាថ្នាំម្នាក់ឯងអស់ចំនួន ១លីត្រ ប្រើប្រាស់គ្រឿងញៀន និងខឹងលួងក្មួយមិនឈប់យំ ក៏បានប្រើអំពើហឹង្សាធ្ងន់ធ្ងរបំផុត ទៅលើក្មួយប្រុសបង្កើត ឈ្មោះ វីន ម៉េងលាង អាយុ ១៨ខែ រហូតដល់ស្លាប់បាត់បង់ជីវិត។
ក្រោយពេលកើតហេតុភ្លាម សមត្ថកិច្ចជំនាញបានសហការជាមួយកម្លាំងប៉ុស្តិ៍ឃុំក្រូច ចុះដល់កន្លែងកើតហេតុឃាត់ខ្លួនមុខសញ្ញាល្មើសយកមកសាកសួរ និងបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពដូចខាងលើពិតប្រាកដមែន ហើយក៏បានកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យមកស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ភ្លាមៗផងដែរ។
ក្នុងរបាយការណ៍បញ្ជាក់ដែរថា៖ «បច្ចុប្បន្ន ម្តាយកុមាររងគ្រោះត្រូវបាននគរបាលខេត្ត បានដោះលែងវិញ ព្រោះមិនមានការពាក់ព័ន្ធករណីគ្រឿងញៀន»។
បន្ទាប់ពីបានដឹងដំណឹងនេះ នៅរសៀលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ប្រធានមន្ទីរសង្គមកិច្ចខេត្តកំពង់ចាម លោក ទូច វឌ្ឍនា ក៏បានទៅចូលរួមរំលែកមរណទុក្ខជាមួយគ្រួសារសព និងបានចូលរួមបច្ច័យបុណ្យសពចំនួន ២០០ ០០០រៀល ផងដែរ៕