
ក្រសួងបរិស្ថាននិងសមាគមអភិរក្សដំរីខ្មែរអៃរាវត្តាពង្រឹងការផ្សព្វផ្សាយផ្សារភ្ជាប់ដំរីធម្មជាតិ និងជនជាតិដើមដើម្បីជំរុញអេកូទេសចរណ៍ខេត្តរតនគិរី
ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងប្រធានសមាគមអភិរក្សដំរីខ្មែរអៃរាវត្តាជួបពិភាក្សាកិច្ចការពង្រឹងការផ្សព្វផ្សាយផ្សារភ្ជាប់ដំរីធម្មជាតិ និងជនជាតិដើម ក្នុងគោលបំណងលើកកម្ពស់វិស័យអេកូទេសចរណ៍ ខេត្តរតនគិរី។
រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត បានអនុញ្ញាតឱ្យសមាគមអភិរក្សដំរីខ្មែរអៃរាវត្តា ដែលមាន លោកស្រី ក្លេខៃ ចិន្តា ជាប្រធានក្រុមប្រឹក្សាភិបាល និងជាប្រធានសមាគមអភិរក្សដំរីខ្មែរអៃរាវត្តាចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី៧ វិច្ឆិកា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង។
លោកស្រី ក្លេខៃ ចិន្តា ប្រធានក្រុមប្រឹក្សាភិបាល និងជាប្រធានសមាគមអភិរក្សដំរីខ្មែរអៃរាវត្តា បានលើកឡើងពីរបាយការណ៍ដល់រដ្ឋមន្រ្តីបរិស្ថានថា បច្ចុប្បន្នសមាគមអៃរាវត្តាមានដំរីចំនួន ៤ក្បាល ក្នុងនោះរួមមាន ដំរីញី១ក្បាល ឈ្មោល២ក្បាល និងកូនដំរីញី១ក្បាលទៀតឈ្មោះ ណូអែល ទេវី។
ជាមួយគ្នានេះ សមាគមអភិរក្សដំរីខ្មែរអៃរាវត្តាបានស្នើសុំការគាំទ្របន្ថែមទៀតពីក្រសួងបរិស្ថានលើសកម្មភាពអេកូទេសចរណ៍ និងជួយផ្សព្វផ្សាយវិស័យនេះឱ្យកាន់តែទូលំទូលាយថែមទៀត ។
ឆ្លើយតបនឹងការលើកឡើងនេះ រដ្ឋមន្រ្តីបរិស្ថានបានគាំទ្រការអភិវឌ្ឍសកម្មភាពអេកូទេសចរណ៍ និងជួយផ្សព្វផ្សាយវិស័យនេះ ដោយក្រសួងបរិស្ថានគាំទ្រទាំងស្រុង ហើយនឹងរៀបចំពិនិត្យមើលលទ្ធភាព ក្នុងការជួយជំរុញការអភិវឌ្ឍតំបន់ទេសចរណ៍ដោយរបៀបណា ទៅទិសដៅណា ហើយតភ្ជាប់តំបន់ទេសចរណ៍ធម្មជាតិណាខ្លះទៀត ដើម្បីតភ្ជាប់ជារបៀងទេសចរណ៍ធម្មជាតិផង និងបង្កើនវិសាលភាពតំបន់ទេសចរណ៍ធម្មជាតិ ដែលអាចបំពេញឱ្យគ្នាទៅវិញទៅមក ដើម្បីបម្រើឱ្យវិស័យទេសចរណ៍កាន់តែមានភាពទាក់ទាញ។
គួរឱ្យដឹងដែថា សមាគមអភិរក្សដំរីខ្មែរអៃរាវត្តាបង្កើតឡើងក្នុងគោលបំណង លើកកម្ពស់ការងារបរិស្ថាន ធនធានធម្មជាតិ អប់រំស្រាវជ្រាវ វប្បធម៌ប្រពៃណីខ្មែរ ដោយផ្តោតលើការងារសំខាន់ចម្បងចំនួន ៣គឺ ជួយកិច្ចការអភិរក្សដំរីស្រុកនៅកម្ពុជាដែលប្រឈមនឹងការផុតពូជ និងជួយលើកកម្ពស់វិស័យអេកូទេសចរណ៍នៅក្នុងតំបន់ធនធានធម្មជាតិ រួមទាំងបង្កាត់ពូជដំរីស្រុកឱ្យកើតកូនកើតចៅបានកាន់តែច្រើន៕