រដ្ឋមន្ត្រីការបរទេសជប៉ុន មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា | សហភាពពលកម្មជាតិកម្ពុជាដាក់ញត្តិស្នើឱ្យស្ថានទូតអាមេរិកនៅកម្ពុជាពិនិត្យមើលរបាយការណ៍ញុះញ៉ង់របស់អង្គការសង់ត្រាល់ដែលធ្វើឱ្យខូចប្រយោជន៍កម្មករខ្មែរ | តម្លៃសាំង និងម៉ាស៊ូត ឡើងថ្លៃ ៥០រៀល ចាប់ពីថ្ងៃទី១-១០ ខែកក្កដា | កម្ពុជាបង្កើតក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជាផ្លូវការ |

កម្ពុជានិងចិន បេ្តជ្ញាជំរុញកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងអបអរសាទរឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន

ភ្នំពេញ៖ ប្រទេសកម្ពុជានិងចិន កំពុងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៥ នៃទំនាក់ទំនងការទូត និងឆ្នាំមិត្តភាពកម្ពុជា-ចិន ដោយភាគីទាំងពីរបានបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្ត ក្នុងការពង្រឹងបន្ថែមទៀតនូវក្របខ័ណ្ឌ "កិច្ចសហប្រតិបត្តិការត្បូងពេជ្រ" និងធ្វើឱ្យស៊ីជម្រៅនូវការកសាងសហគមន៍វាសនារួម កម្ពុជា-ចិន ក្នុងយុគសម័យថ្មី។

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក សុខ ចិន្តាសោភា បានទទួលជំនួបសម្តែងការគួរសមពីសំណាក់ លោក ឡូវ ឈីនជៀន សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន និងជាប្រធានគណៈកម្មាធិការកិច្ចការបរទេស នាថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ទីស្ដីការក្រសួង។

ក្នុងជំនួបនោះ ថ្នាក់ដឹកនាំទាំងពីរបានគូសបញ្ជាក់ដោយពេញចិត្តចំពោះការរីកចម្រើន ដ៏គួរឱ្យកត់សម្គាល់ នៃទំនាក់ទំនងកម្ពុជា-ចិន និងកោតសរសើរចំពោះការផ្លាស់ប្តូរទស្សនកិច្ចកម្រិត ខ្ពស់ជាញឹកញាប់រវាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិនៃប្រទេសទាំងពីរ។

ជាមួយគ្នានេះ លោក ឡូវ ឈីនជៀន បានអបអរសាទរកម្ពុជាចំពោះការរៀបចំការបោះឆ្នោតសកលដោយ ជោគជ័យ និងការបង្កើតរដ្ឋសភា និងរាជរដ្ឋាភិបាលថ្មីដោយរលូនក្នុងឆ្នាំនេះ ខណៈលោកបានបង្ហាញនូវ ជំនឿចិត្តថា កម្ពុជានឹងបន្តសម្រេចបាននូវសមិទ្ធផលកាន់តែធំធេងបន្ថែមទៀត ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ទន្ទឹមនោះដែរ លោកសុខ ចិន្តាសោភា បានលើកឡើងថា លោកបានកត់សម្គាល់ អត្រាអ្នកទៅបោះឆ្នោតខ្ពស់ និងការគាំទ្រដ៏ច្រើនលើសលប់ចំពោះរាជរដ្ឋាភិបាលកម្ពុជា គឺដោយសារប្រជាជនមានទំនុកចិត្តលើរាជរដ្ឋាភិបាលក្នុង ការគ្រប់គ្រងជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព និងការធ្វើឱ្យប្រសើរឡើងនូវកម្រិតជីវភាពរបស់ប្រជាជន។ លោកបានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រដល់មិត្តចិន ចំពោះការគាំទ្រ និងជំនួយមិនអាចកាត់ថ្លៃបានដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា រួមទាំងការផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ បានទាន់ពេលវេលា។

រដ្ឋមន្ត្រីការបរទេសបានកោតសរសើរចំពោះសមិទ្ធផលលេចធ្លោនានានៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្រោមគំនិតផ្តួចផ្ដើមខ្សែក្រវាត់និងផ្លូវ ជាពិសេសផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ និងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ។ ភាគីទាំងពីរបានសង្កត់ធ្ងន់អំពីសារៈសំខាន់ នៃការជំរុញការវិនិយោគរបស់ចិនឱ្យបានច្រើននៅកម្ពុជា ជាពិសេសការប្តេជ្ញាចិត្តក្នុងការ ប្រែក្លាយខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។

ដោយរំលឹកពីជំនួបប្រកបដោយផ្លែផ្ការវាងសម្ដេចធិបតី ហ៊ុន ម៉ាណែត និងថ្នាក់ដឹកនាំចិន ជាពិសេស ជាមួយប្រធានាធិបតី ស៊ី ជីនពីង និងឯកឧត្តមនាយករដ្ឋមន្ត្រី លី ឈាង ភាគីទាំង ពីរបានផ្លាស់ប្តូរយោបល់លើការជំរុញ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន» ក្នុងឆ្នាំ២០២៤ ឱ្យក្លាយទៅជាឆ្នាំប្រកបដោយផ្លែផ្កាជាមួយនឹងលទ្ធផលជាក់ស្តែង តាមរយៈការទាក់ទាញភ្ញៀវទេសចរ ចិនបន្ថែមទៀត និងការហោះហើរត្រង់កាន់តែច្រើនពីប្រទេសចិនមកកម្ពុជា ជាពិសេសមកកាន់ខេត្តសៀមរាប។

ភាគីទាំងពីរបានគូសបញ្ជាក់អំពីសារៈសំខាន់ នៃការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកូសង់ស៊ីស ជាយុទ្ធសាស្ត្ររវាងថ្នាក់ដឹកនាំទាំងពីរ រួមទាំងការបង្កើត "ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា" និង “ច្រករបៀងមច្ឆា និងអង្ករ”៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក