ឯកអគ្គរដ្ឋទូតអាមេរិកចប់អាណត្តិទទួលបានគ្រឿងឥស្សរិយយសសហមេត្រី ថ្នាក់មហាសិរីវឌ្ឍន៍ ពីនាយករដ្ឋមន្ត្រី | ឯកអគ្គរដ្ឋទូតអាមេរិកថាក្រោមការដឹកនាំរបស់សម្ដេចធិបតីទំនាក់ទំនងកម្ពុជា-អាមេរិកបង្ហាញសញ្ញាវិជ្ជមានកាន់តែច្រើន | ឯកអគ្គរាជទូតកាតាចង់ដឹកនាំអ្នកវិនិយោគកាតាមកស្វែងយល់ពីសក្ដានុពលកម្ពុជា | ទូតកាតាជូនបាល់ World Cup ដល់សម្ដេចតេជោ |

យុវជនអាស៊ានស្វែងរកឱកាសជំរុញកំណើនការអភិវឌ្ឍក្នុងតំបន់ ក្នុងបរិបទពិភពលោកដែលកំពុងវិវត្តយ៉ាងឆាប់រហ័ស

សិង្ហបុរី៖ យុវជនអាស៊ានដែលជាមេដឹកនាំជំនាន់ក្រោយចំនួន ៤០នាក់ មកពីបណ្ដាសមាជិកអាស៊ានទាំង ១០ប្រទេស បានជួបជុំគ្នាក្នុងកម្មវិធីអាហារូបករណ៍យុវជនអាស៊ាន (ASEAN Youth Fellowship) លើកទី៥ ចាប់ពីថ្ងៃទី២៨ ខែតុលា ដល់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅប្រទេសសិង្ហបុរី និងប្រទេសវៀតណាម។ គោលបំណងសំខាន់នៃកម្មវិធីគឺដើម្បីផ្សារភ្ជាប់ទំនាក់ទំនង និងអភិវឌ្ឍយុវជនដែលកំពុងមានសក្ដានុពលនៅក្នុងវិស័យសាធារណៈ ឯកជន និងការចូលរួមក្នុងសហគមន៍។

កម្មវិធីនេះតែងតែត្រូវបានសហការរៀបចំរួមគ្នាជារៀងរាល់ឆ្នាំដោយអង្គការមូលនិធិអន្តរជាតិសិង្ហបុរី (Singapore International Foundation) និងក្រុមប្រឹក្សាយុវជនជាតិសិង្ហបុរី (NYC) ខណៈប្រធានបទសម្រាប់ឆ្នាំនេះ គឺស្របតាមមូលបទ “បញ្ហាស្នូលអាស៊ាន៖ ចំណុចកណ្ដាលនៃកំណើនអភិវឌ្ឍន៍” របស់ប្រទេសឥណ្ឌូណេស៊ីដែលជាប្រធានអាស៊ានក្នុងឆ្នាំ២០២៣នេះ។

កម្មវិធីនេះមានសកម្មភាពចម្បងៗជាច្រើន រួមមានដំណើរទស្សនកិច្ចទៅកាន់ប្រទេសសិង្ហបុរី និងទីក្រុងហាណូយ ប្រទេសវៀតណាម ដែលជាកន្លែងដែលយុវជនអាស៊ានទាំងអស់បានចូលរួមពិភាក្សាអំពីទស្សនវិស័យរបស់អាស៊ាន ការកសាងភាពជាអ្នកដឹកនាំនាពេលអនាគតដ៏រឹងមាំ និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ដើម្បីភាពរីកចម្រើន។

ជាក់ស្ដែង ក្រុមយុវជនអាស៊ានបានមានឱកាសចូលជួបប្រជុំលក្ខណៈបិទទ្វារជាមួយមេដឹកនាំដ៏មានឥទ្ធិពលសំខាន់ៗ រួមមាន លោក ឡរ៉េន វង្ស (Lawrence Wong) ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសិង្ហបុរី និងបានជួបពិភាក្សាជាមួយ លោក ចាវ៉ា រ៉ាតណាម (Jaya Ratnam) ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំនៅប្រទេសវៀតណាម និងលោក ង្វៀន ចុងឡាម (Nguyen Tuong Lam) អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិស្តីពីយុវជនវៀតណាម។

ក្នុងអំឡុងពេលពិភាក្សាជាក្រុម លោកឯកអគ្គរដ្ឋទូត រ៉ាតណាម បានលើកឡើងដោយសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការបណ្ដុះបណ្ដាលជំនាញផ្សេងៗ និងការរៀនសូត្រពេញមួយជីវិត ដើម្បីយុវជនអាចនៅបន្តមានភាពប្រកួតប្រជែង និងទាន់សម័យកាលដែលកំពុងវិវត្តទៅមុខ។

ឯកអគ្គរដ្ឋទូត រ៉ាតណាម បានថ្លែងទៅកាន់យុវជនអាស៊ានទាំងអស់ថា៖ «អាស៊ានមិនមែនសំដៅទៅលើតែមេដឹកនាំ ក្រុមមន្ត្រី និងបណ្ដាមន្ត្រីជាន់ខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែអាស៊ានគឺជាអ្នកទាំងអស់គ្នាដែលមានវត្តមាននៅទីនេះ។ យើងមានភាសារួមមួយសម្រាប់ផ្សារភ្ជាប់ទំនាក់ទំនង កិច្ចសហប្រតិបត្តិការ និងការសហការ ដែលជាកត្តាសំខាន់សម្រាប់ពួកយើងដើម្បីក្លាយជាធនធានរឹងមាំជាមួយគ្នា។ សូមអ្នកទាំងអស់គ្នារក្សាឆន្ទៈ ភាពក្លាហាន និងចំណង់ចំណូលចិត្ត ហើយបន្តពង្រឹងទំនាក់ទំនងឆ្លងដែន និងស្វែងរកឱកាសថ្មីៗសម្រាប់មនុស្សគ្រប់គ្នា»។

ក្នុងរយៈពេល ៨ថ្ងៃនៃកម្មវិធីនេះ យុវជនទាំងអស់បានទទួលបាននូវទស្សនៈថ្មីៗពីដំណើរទស្សនកិច្ចទៅកាន់អង្គការ និងស្ថាប័នសំខាន់ៗដែលពាក់ព័ន្ធនឹងការច្នៃប្រឌិតក្នុងវិស័យសុខាភិបាល សន្តិសុខស្បៀង និរន្តរភាព និងបរិវត្តកម្មឌីជីថលជាដើម។ តួយ៉ាង នៅក្នុងប្រទេសសិង្ហបុរី ពួកគេបានទៅទស្សនកិច្ចស្ថាប័នធំៗចំនួន៥ រួមមាន មជ្ឈមណ្ឌលសម្រាប់ការច្នៃប្រឌិតផ្នែកថែទាំសុខភាព ដែលជាស្ថាប័នធ្វើការលើរឿងជំរុញការផ្លាស់ប្តូរ និងកែលម្អវិធីថែទាំសុខភាពតាមរយៈការច្នៃប្រឌិតរួមគ្នា និងគំនិតក្នុងភាពជាអ្នកដឹកនាំ ក្រុមហ៊ុន Comcrop ដែលជាក្រុមហ៊ុនកសិកម្មលើដំបូលដំបូងគេបង្អស់របស់ប្រទេសសិង្ហបុរី មន្ទីរពិសោធន៍រស់នៅប្រកបដោយនិរន្តរភាព (SL2) ដែលជាមន្ទីរពិគ្រោះយោបល់ និងគំនិតច្នៃប្រឌិត ដោយផ្តោតលើនិរន្តរភាព និងបច្ចេកវិទ្យា សហគមន៍ Repair Kopitiam ដែលជាគម្រោងបង្កើតឡើងដោយ SL2 ដើម្បីបង្រៀនវិធីងាយៗក្នុងការជួសជុលរបស់របរប្រើប្រាស់ក្នុងផ្ទះដើម្បីកាត់បន្ថយកាកសំណល់ និងក្រុមហ៊ុន Changi Airport Group ជាក្រុមហ៊ុនគ្រប់គ្រងព្រលានយន្តហោះឆាងហ្គី (Changi Airport) នៅប្រទេសសិង្ហបុរី ដែលជាមជ្ឈមណ្ឌលអន្តរជាតិដ៏សំខាន់មួយនៅអាស៊ី។

កញ្ញា ពេញលក្ខ ចន្ទ យុវនារីមកពីប្រទេសកម្ពុជាបានលើកឡើងថា៖ «ក្នុងដំណើរទស្សនកិច្ចនៅប្រទេសសិង្ហបុរី ខ្ញុំបានឃើញប្រទេសនេះជាមជ្ឈមណ្ឌលនវានុវត្តន៍របស់អាស៊ាន។ ជំនួសឱ្យការដែលគ្រាន់តែចម្លងគំរូជោគជ័យ ពួកយើងត្រូវបានចោទសួរនូវសំណួរបែបស៊ីជម្រៅសំខាន់ៗ ដោយផ្តោតលើដំណើរការនៃការកំណត់បញ្ហា និងការស្វែងរកដំណោះស្រាយសមស្របសម្រាប់សហគមន៍រៀងៗខ្លួន»

លោក អុប្ផាខន គូផូខាំ (Ophakorn Kouphokham) យុវជនមកពីប្រទេសឡាវបាននិយាយថា៖ «ដំណើរទស្សនកិច្ចនេះបានគូសបញ្ជាក់ពីសារៈសំខាន់សម្រាប់អ្នកគ្រប់គ្នាឱ្យមានគោលដៅរួមមួយ។ គោលការណ៍នេះបានជួយអនុញ្ញាតឱ្យអ្នកពាក់ព័ន្ធមកពីគ្រប់វិស័យធ្វើការរួមគ្នាក្នុងការដោះស្រាយបញ្ហាសង្គម។ សិង្ហបុរីបានបង្ហាញពីសមត្ថភាពខ្លាំងក្នុងការធ្វើកិច្ចការនេះ និងបានរួមបញ្ចូលគោលការណ៍និរន្តរភាពទៅក្នុងដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតរបស់ខ្លួនផងដែរ»

ដោយឡែក នៅទីក្រុងហាណូយ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រុមយុវជនអាស៊ានទាំង ៤០នាក់ ក៏បានទៅទស្សនកិច្ចនៅមជ្ឈមណ្ឌលនវានុវត្តន៍ជាតិហាណូយ ដើម្បីសិក្សាស្វែងយល់អំពីរបៀបដែលមជ្ឈមណ្ឌលនេះ អាចជួយដល់អាជីវកម្មបង្កើតថ្មី និងប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍របស់វៀតណាម។ លើសពីនេះ ពួកគេក៏បានទៅទស្សនកិច្ចសហគ្រាសកូតូ (KOTO) ដែលជាសហគ្រាសសង្គមដែលផ្តល់ការបណ្តុះបណ្តាលផ្នែកបដិសណ្ឋារកិច្ចដល់យុវជនក្រីក្រនៅប្រទេសវៀតណាម។

លោក អង់តូនី ស៊ីម៉ូន (Antony Simon) យុវជនមកពីប្រទេសឥណ្ឌូណេស៊ី បានចែករំលែកការយល់ថា៖«ក្នុងអំឡុងពេលទស្សនកិច្ចរបស់យើងនៅមជ្ឈមណ្ឌលនវានុវត្តន៍ជាតិហាណូយ ពួកយើងបានសិក្សាអំពីវិធានការណ៍ដើម្បីជំរុញការបង្កើតថ្មីនៅវៀតណាម។ ខ្ញុំមានការភ្ញាក់ផ្អើលនៅពេលដែលបានឃើញថា អ្វីដែលវៀតណាមកំពុងធ្វើ គឺស្រដៀងនឹងអ្វីដែលយើងកំពុងធ្វើនៅប្រទេសឥណ្ឌូណេស៊ី។ ដូច្នេះ វាបានធ្វើឱ្យខ្ញុំយល់ឃើញថា យើងមានឱកាសច្រើនសម្រាប់ការសហការគ្នា ជាជាងការប្រកួតប្រជែង»

លោក ដារ៉េន ឡាយឆៃអេន (Darren Lai Chai En) យុវជនមកពីប្រទេសម៉ាឡេស៊ីបានសង្កត់ធ្ងន់ថា៖ «ដោយមើលឃើញពីការលះបង់យ៉ាងមុតមាំរបស់លោក ជីមី ហ្វាម (Jimmy Pham) ដែលជាស្ថាបនិករបស់សហគ្រាស កូតូ (KOTO) នៅប្រទេសវៀតណាម ក្នុងការផ្លាស់ប្តូរជីវិតតាមរយៈសហគ្រាសសង្គមមួយនេះ បានជួយបំផុសគំនិតរបស់ខ្ញុំយ៉ាងខ្លាំង។ ខ្ញុំជឿជាក់ថា គោលការណ៍ "ដឹងមួយ បង្រៀនមួយ" (“Know One, Teach One”) អាចនាំមកនូវការផ្លាស់ប្តូរជាវិជ្ជមានមួយ។ ខ្ញុំនឹងណែនាំកម្មវិធីស្រដៀងគ្នានេះនៅក្នុងរដ្ឋចូហូ (Johor) ប្រទេសម៉ាឡេស៊ី និងប្រទេសអាស៊ានផ្សេងទៀត»

អ្នកស្រី ជីន តាន (Jean Tan) នាយកប្រតិបត្តិនៃអង្គការមូលនិធិអន្តរជាតិសិង្ហបុរី (SIF) បានមានប្រសាសន៍ថា៖«ក្នុងនាមជាអ្នកដឹកនាំវ័យក្មេង ក្រុមយុវជនអាស៊ានអាចផ្តល់នូវទស្សនៈ និងការយល់ឃើញថ្មីៗ ក៏ដូចជាការធ្វើការរួមគ្នា ស្វែងរកដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត ដើម្បីជំរុញអាស៊ានឱ្យឆ្ពោះទៅរកអនាគតប្រកបដោយចីរភាព បរិយាបន្ន និងវិបុលភាព បើទោះបីជាត្រូវប្រឈមមុខនឹងបញ្ហាជាច្រើនក៏ដោយ»។

លោក ដេវីដ ឆួ (David Chua) នាយកប្រតិបត្តិនៃក្រុមប្រឹក្សាយុវជនជាតិសិង្ហបុរី បានលើកឡើងថា៖ «កម្មវិធីអាហារូបករណ៍យុវជនអាស៊ានបានដើរតួយ៉ាងសំខាន់ក្នុងការជំរុញកិច្ចសហការ និងការរីកចម្រើនក្នុងចំណោមមេដឹកនាំវ័យក្មេងឆ្លងព្រំដែន។ ដោយសារតែការកើនឡើងនៃអស្ថិរភាព និងភាពតានតឹងជាសកល វាជារឿងសំខាន់ណាស់សម្រាប់យុវជន ក្នុងការស្វែងយល់អំពីសារៈសំខាន់នៃយុទ្ធសាស្ត្ររក្សាសន្តិភាព និងស្ថិរភាព ដើម្បីឲ្យតំបន់មានភាពរីកចម្រើនជាមួយគ្នា»

កញ្ញា ចូលី ង្វៀន (Jolly Nguyen) យុវនារីមកពីប្រទេសវៀតណាមបានបញ្ជាក់ថា៖ «កម្មវិធីអាហារូបករណ៍យុវជនអាស៊ានបានពង្រីកការយល់ដឹងរបស់ខ្ញុំអំពីវិស័យនិរន្តរភាព និងរបៀបដែលវាអាចផ្សារភ្ជាប់ជាមួយវិស័យផ្សេងទៀតនៅក្នុងអាស៊ានទាំងមូល»

ក្នុងនាមជាស្ថាបនិក និងជាអគ្គនាយកសហគ្រាស EVOL Vietnam ដែលជាសហគ្រាសសង្គមផ្តោតលើការយល់ដឹងអំពីប្លាស្ទិកនៅក្នុងសមុទ្រ កញ្ញាក៏បានណែនាំដល់សហគ្រិនស្ត្រីវ័យក្មេងនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកផងដែរថា ចំណេះដឹងដែលទទួលបានពីដំណើរទស្សនៈកិច្ច ការពិភាក្សាជាក្រុម និងការប្រាស្រ័យទាក់ទងជាមួយយុវជនអាស៊ានជាច្រើន ជាពិសេសអតីតនិស្សិតនៅក្នុងកម្មវិធីអាហារូបករណ៍យុវជនអាស៊ាន នឹងផ្តល់អត្ថប្រយោជន៍ដល់សហគ្រិនដែលមានខ្ញុំជាគ្រូដឹកនាំផងដែរ។

កញ្ញា ដេឡេន ហ្វ៊ូវៃអេន (Delane Foo Wei En) យុវនារីមកពីប្រទេសសិង្ហបុរី បានលើកឡើងថា៖ «កម្មវិធីអាហារូបករណ៍យុវជនអាស៊ានកំពុងប្រមូលផ្ដុំនាំមេដឹកនាំអាស៊ានវ័យក្មេង រួមគ្នាដើម្បីរៀនសូត្រពីគ្នាទៅវិញទៅមក និងបង្កើតទំនាក់ទំនងតាមរយៈការចែករំលែកបទពិសោធន៍។ ទាំងនេះគឺជាការបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការយល់ដឹងពីគ្នា និងការសហការគ្នានៅក្នុងការងារ និងជីវិតរបស់យើង។ វាក៏ជាការរំឭកយើងឱ្យចេះរួបរួមគ្នាក្នុងគោលបំណង និងស្មារតីសាមគ្គី បើទោះបីជាយើងមានភាពខុសៗគ្នាក្នុងតំបន់ក៏ដោយ»

ជាមួយគ្នានេះ អង្គការមូលនិធិអន្តរជាតិសិង្ហបុរី (SIF) បានប្រារព្ធខួប ២៩ឆ្នាំនៃកិច្ចសហប្រតិបត្តិការជាមួយវៀតណាមនៅឯកម្មវិធី SIF Connects! នាទីក្រុងហាណូយ ដោយយុវជនអាស៊ានទាំងអស់ក៏បានចូលរួមកម្មវិធី SIF Connects! នាទីក្រុងហាណូយផងដែរ។

 កម្មវិធីនេះគឺជាវេទិកាផ្សារភ្ជាប់ទំនាក់ទំនងឡើងវិញ និងបន្តទំនាក់ទំនងជាមួយអតីតយុវជនមកពីកម្មវិធីយុវជនអាស៊ានទាំងអស់ និងយុវជនដែលមកពីកម្មវិធីមិត្តរបស់សិង្ហបុរី (FOS) ក្នុងនោះ សមាជិកជាង ១៥០នាក់មកពីសហគមន៍ការទូត កម្មវិធីមិត្តរបស់សិង្ហបុរី និងប្រជាជនសិង្ហបុរីជាច្រើនដែលរស់នៅក្នុងទីក្រុងហាណូយផ្ទាល់ បានចូលរួមក្នុងព្រឹត្តិការណ៍នេះផងដែរ ដែលបានធ្វើនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣។

កញ្ញា ហុង ថៃលី (Hoang Thai Ly) សាស្ត្រាចារ្យនៅសាកលវិទ្យាល័យវិចិត្រសិល្បៈឧស្សាហកម្មនៅទីក្រុងហាណូយបានយល់ឃើញថា៖ «វាមានរយៈពេលមួយឆ្នាំហើយចាប់តាំងពីខ្ញុំបានចូលរួមកម្មវិធីសិល្បៈដើម្បីភាពចម្រើនរបស់អង្គការមូលនិធិអន្តរជាតិសិង្ហ (A4G) ក្នុងឆ្នាំ២០២២។ វាពិតជាល្អណាស់ដែលបានជួបជុំមិត្តភក្ដិចាស់ៗពីជំនាន់របស់ខ្ញុំ និងរាប់អានមិត្តភក្ដិថ្មីនៅជំនាន់ក្រោយនៅក្នុងកម្មវិធីរបស់អង្គការមូលនិធិអន្តរជាតិសិង្ហបុរី (SIF) នេះ»

កញ្ញា យ៉េន ទ្រិញ (Yen Trinh) នាយកគ្រប់គ្រងទូទៅនៃសហគ្រាស ការូណា វៀតណាម (Karuna Vietnam) បានរៀបរាប់ថា៖ «កម្មវិធី SIF Connects! នៅទីក្រុងហាណូយគឺជាឱកាសដ៏ល្អមួយដើម្បីជួបជាមួយអតីតនិស្សិតសហគ្រិនសង្គមវ័យក្មេង (YSE) ហើយបានស្វែងយល់អំពីការរីកចម្រើនរបស់ពួកគេ។ ខ្ញុំក៏មានឱកាសបានជួបមិត្តភក្តិថ្មីៗដែលមានក្តីសង្ឃឹមដូចគ្នាសម្រាប់ពិភពលោកដ៏ល្អប្រសើរ និងចែករំលែកអំពីបទពិសោធសហគ្រាសសង្គមរបស់ខ្ញុំជាមួយពួកគេទាំងអស់គ្នាផងដែរ”។ គួរដឹងដែរថា សហគ្រាសការូណា វៀតណាម ដែលជាសហគ្រាសសង្គមដែលមានឯកទេសខាងផលិតផលដែលទាក់ទងនឹងឃ្មុំប្រកបដោយនិរន្តរភាព ក៏ធ្លាប់បានចូលរួមក្នុងកម្មវិធីសហគ្រិនសង្គមវ័យក្មេងសកល (YSE Global) របស់អង្គការមូលនិធិអន្តរជាតិសិង្ហក្នុងឆ្នាំ២០២២ ផងដែរ»។

គួរឱ្យដឹងដែរថា ចាប់តាំងពីឆ្នាំ១៩៩៤ អង្គការមូលនិធិអន្តរជាតិសិង្ហបុរី (SIF) និងសហគមន៍វៀតណាមបានធ្វើការរួមគ្នាលើការអនុវត្តគម្រោងជាង ១០០គម្រោងនៅទីក្រុងហាណូយ ទីក្រុងហូជីមិញ និងនៅទូទាំងតំបន់អាស៊ីទាំងមូល។ គម្រោងទាំងអស់នោះគ្របដណ្តប់ទៅលើវិស័យដូចជា វិស័យសុខាភិបាល វិស័យអប់រំ សហគ្រិនភាពសង្គម និងសិល្បៈនិងវប្បធម៌។

គួររំឭកថា ដោយសារតែការជំរុញកិច្ចសហប្រតិបត្តិការ និងមិត្តភាពរវាងប្រទេសទាំងពីរ ថ្នាក់ដឹកនាំរបស់អង្គការមូលនិធិអន្តរជាតិសិង្ហបុរី (SIF) បានទទួលមេដាយសន្តិភាព និងមិត្តភាពក្នុងចំណោមប្រជាជាតិនានាកាលពីឆ្នាំ២០២២ ពីសម្ព័ន្ធអង្គការមិត្តភាពវៀតណាម (VUFO) ទៀតផង៕


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក