បារាំង៖ តាមការចាត់តាំងរបស់ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ឈីវ យីស៊ាង រដ្ឋលេខាធិការ និងជាអ្នកសម្របសម្រួលជាតិអមអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមសន្និសីទថ្នាក់រដ្ឋមន្រ្តីហ្វ្រង់កូហ្វូនី (CMF) លើកទី៤៤ នៅទីក្រុង Yaoundé តបតាមការអញ្ជើញរបស់រដ្ឋាភិបាលកាមេរូន ។
សន្និសីទ CMF នេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព រដ្ឋមន្ត្រីការបរទេសទុយនីស៊ី ដែលជាប្រធាន CMF លើកទី៤៤ និងអគ្គលេខាធិការ អង្គការ OIF និងមានការចូលរួមពីសំណាក់រដ្ឋមន្រ្តីការបរទេស និងគណៈប្រតិភូមកពីប្រទេសសមាជិកអង្គការ OIF ចំនួន៥៤ ព្រមទាំងប្រតិបត្តិករអង្គការហ្វ្រង់កូហ្វូនី និងតំណាងអង្គការអន្តរជាតិ និងតំបន់ជាច្រើនរូប នៅថ្ងៃទី០៤-០៥ ខែវិច្ឆិកា ឆ្នាំ២០២៣។
សន្និសីទ CMF លើកទី៤៤ ក្រោមមូលបទ “អភិបាលកិច្ចល្អ៖ ការធានាស្ថិរភាពនយោបាយ សេដ្ឋកិច្ច និងវប្បធម៌សម្រាប់ប្រជាពលរដ្ឋនិយាយភាសាបារាំង (Bonne gouvernance: Gage de stabilité politique, économique et culturelle pour les citoyens francophones) ដែលបានផ្តោតការពិភាក្សាយ៉ាងផុសផុលជាសំខាន់លើ កត្តាដែលនាំឱ្យមានការធ្លាក់ចុះនូវលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសប្រើប្រាស់ភាសាបារាំង ជាពិសេស នៅក្នុងទ្វីបអាហ្វ្រិក និងស្ថានការណ៍ពិភពលោកគ្របដណ្តប់ដោយវិបត្តិ និងសង្រ្គាមអ៊ុយក្រែន និងមជ្ឈិមបូព៌ា លើតួនាទីរបស់អង្គការ OIF និងរដ្ឋសមាជិកក្នុងស្វែងរកដំណោះស្រាយនិងការស្តារលទ្ធិប្រជាធិបតេយ្យ និង អភិបាលកិច្ចល្អ នៅក្នុងលំហហ្វ្រង់កូហ្វូន ព្រមទាំងកិច្ចសហប្រតិបត្តិការអន្តរជាតិ ពហុភាគីនិយម និងសាមគ្គីភាពប្រកបដោយបរិយាបន្ន តម្លាភាព ដើម្បីបុព្វហេតុសន្តិភាព ស្ថិរភាព ការីកចម្រើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាព។
ក្នុងឱកាសនោះ អង្គប្រជុំបានអនុម័តឯកសារជាច្រើន ជាពិសេស សេចក្តីសម្រេច ទីក្រុង Yaoundé (Résolution de Yaoundé) ដែលផ្តោតសារសំខាន់លើ ការលើកកម្ពស់អភិបាលកិច្ចល្អ សន្តិភាព សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ដែលជាតម្លៃស្នូលរបស់ហ្វ្រង់កូហ្វូនី នៅក្នុងលំហហ្វ្រង់កូហ្វូន ជាពិសេស តាមរយៈការចូលរួមរបស់ស្រ្តីនិងយុវជន សាកលភាវូបនីយកម្មសេដ្ឋកិច្ច ដែលត្រូវបញ្ចូលឱ្យកាន់តែច្រើនឡើង នូវតម្រូវការរបស់ប្រទេសកំពុងអភិវឌ្ឍ ជាពិសេស ប្រទេសហ្វ្រង់ហ្វូននៃទ្វីបអាហ្វ្រិក និងតួនាទីរបស់អង្គការ OIF ក្នុងការបង្កើតលក្ខខណ្ឌដែលអនុញ្ញាតឱ្យប្រទេសទាំងនេះធ្វើសមាហរណកម្មប្រកបដោយជោគជ័យនៅក្នុងប្រព័ន្ធសេដ្ឋកិច្ចពិភពលោក ការរួមចំណែករបស់អង្គការ OIF ក្នុងការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ ជាមួយនឹងអង្គការសហប្រជាជាតិ សារៈសំខាន់ក្នុងលើកតម្កើងការប្រើប្រាស់ភាសាបារាំងនៅក្នុងប្រទេសសមាជិក និង ក្នុងពិភពលោក និងការការពារនិងលើកកម្ពស់ពហុវប្បធម៌ និងពហុភាសាក្នុងបណ្តាប្រទេសហ្វ្រង់កូហ្វូនី។
នៅចុងបញ្ចប់នៃកិច្ចប្រជុំ ប្រទេសបារាំង បានទទួលប្រធាន CMF ពីប្រទេសទុយនីស៊ី និង រៀបចំកិច្ចប្រជុំ CMF លើកទី៤៥ មួយថ្ងៃមុនកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ និង ៥ ខែតុលា ឆ្នាំ២០២៤ នៅ Château de Villers-Cotterêts ទីក្រុងប៉ារីស ក្រោមមូលបទ “បង្កើត ធ្វើនវានុវត្តន៍ និងសហគ្រិនភាព ជាភាសាបារាំង”៕