សម្តេចធិបតី ហ៊ុន ម៉ាណែត សម្រេចផ្តល់ក្របខណ្ឌដល់សាច់ញាតិបង្កើតរបស់យោធិនពលីទាំង ២០នាក់ក្នុងហេតុការណ៍ផ្ទុះឃ្លាំងគ្រាប់នៅយោធភូមិភាគទី៣ | ឃាត់ខ្លួនមនុស្សជាង៤០០នាក់ ពាក់ព័ន្ធនឹងបទល្មើសនានាក្នុងសប្តាហ៍កន្លងទៅនេះ | រមណីយដ្ឋានប្រាសាទព្រះវិហារ និងរមណីយដ្ឋានប្រាសាទកោះកេរ ទទួលបានភ្ញៀវទេសចរជាង៣ម៉ឺននាក់ | ៤ខែដើមឆ្នាំ២០២៤ កម្ពុជាលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរបានជាង២០លានដុល្លារ |

ឥណ្ឌាសន្យាជួយលើកកម្ពស់សមត្ថភាព ក្រុមសភាជាតិកម្ពុជានៃអ្នកនយោបាយសភាស្ត្រី និងជំរុញអ្នកទេសចរ អ្នកវិនិយោគមកកម្ពុជា

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា បានសន្យាថាជួយលើកកម្ពស់សមត្ថភាព ក្រុមសភាជាតិកម្ពុជានៃអ្នកនយោបាយសភាស្ត្រី និងជំរុញអ្នកទេសចរ អ្នកវិនិយោគមកកម្ពុជា។

លោកស្រី ដេវីយ៉ានី អ៊ុតាំ ខូប្រាហ្គេត (Devyani Uttam Khobragade)  ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌា ប្រចាំនៅកម្ពុជា លើកឡើងដូចនេះក្នុងឱកាសចូលជួបសម្តែងការគួរសមជាមួយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃអង្គារ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣។

ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌា ប្រចាំនៅកម្ពុជា បានគូសបញ្ជាក់ថា មិនខុសពីអតីតកាលនោះទេ ទៅថ្ងៃអនាគតនិងពេលបច្ចុប្បន្ននេះ ឥណ្ឌានៅតែបន្តជួយគំាទ្រដល់ការអភិវឌ្ឍនៅកម្ពុជា និងសន្យាថា នឹងខិតខំជំរុញ ព្រមទាំងកៀរគរអ្នកទេសចរ អ្នកវិនិយោគឥណ្ឌាមកកម្ពុជាឱ្យបានកាន់តែច្រើនត្បិតអីពលរដ្ឋឥណ្ឌាជាច្រើនចាប់អារម្មណ៍ជាខ្លំាងក្នុងការធ្វើដំណើរមកទស្សនាកម្ពុជា ជាពិសេសសំណង់ប្រាសាទបុរាណនៅកម្ពុជា ដែលជាស្ថាបត្យកម្មបុរាណដ៏ល្អឯក។

ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភា មានក្តីសោមនស្សរីករាយនិងបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌា ដែលបានរួមវិភាគទានដ៏មានតម្លៃ ដល់ការពង្រឹងទំនាក់ទំនងទ្វេភាគីដ៏យូរអង្វែងរវាងប្រទេសទាំងពីរកម្ពុជា-ឥណ្ឌា។

សម្តេចរដ្ឋសភាធិបតី បានធ្វើការវាយតម្លៃថា បេសកកម្មការទូតរបស់ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌា ប្រចាំនៅកម្ពុជា នាពេលនេះ ពិតជាមានសារៈសំខាន់ខ្លាំង ស្របពេលដែលពិភពលោកមានភាពមិនប្រាកដប្រជា ផ្លាស់ប្តូរយ៉ាងឆាប់រហ័ស និងប្រឈមមុខនឹងបញ្ហាជាច្រើនមានជាអាទិ៍ ការប្រែប្រួលអាកាសធាតុ និងការប្រកួតប្រជែងភូមិសាស្រ្តនយោបាយរបស់មហាអំណាច យ៉ាងណាក៏ដោយ ក៏ទំនាក់ទំនងការទូតកម្ពុជានិងឥណ្ឌា នៅតែឈររឹងមាំជាមួយគ្នាគ្រប់កាលៈទេសៈ និងបាននាំមកនូវការរីកចម្រើនលូតលាស់លើគ្រប់វិស័យ ដែលជាផលប្រយោជន៍យ៉ាងច្រើនជូនប្រទេសនិងប្រជាជនទាំងសងខាង។ សមិទ្ធផលជាច្រើនបានកើតចេញពីទំនាក់ទំនងដ៏ស្អិតរមួតរវាងប្រទេសទំាងពីរ រួមមាន សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ វប្បធម៌ អរិយធម៌ សាសនា ការអប់រំ ការពារជាតិ និងការតភ្ជាប់រវាងប្រជាជននិងប្រជាជន។

សម្តេចរដ្ឋសភាធិបតី បានបង្ហាញក្តីរំភើបរីករាយជាខ្លំាង នូវលទ្ធផលនៃជំនួបរវាងលោកជំទាវឯកអគ្គរដ្ឋទូត និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា កាលពីដើមខែតុលា កន្លងទៅថ្មីៗនេះ ជាពិសេសលើការឯកភាពគ្រោងឱ្យមានជើងហោះហើរត្រង់ពីឥណ្ឌាមកកាន់កម្ពុជាក្នុងពេលឆាប់ៗនេះ។

ទន្ទឹមនេះ សម្តេចរដ្ឋសភាធិបតី បានស្នើលោកស្រី ដេវីយ៉ានី អ៊ុតាំ ខូប្រាហ្គេត ជួយជំរុញនិងកៀរគរអ្នកទេសចរ អ្នកវិនិយោគឥណ្ឌា មកទស្សនានិងបណ្តាក់ទុននៅកម្ពុជាឱ្យបានច្រើនឡើង។ ជាមួយគ្នានេះ សម្តេចរដ្ឋសភាធិបតី ក៏បានស្នើដល់ប្រទេសឥណ្ឌាជួយបណ្តុះបណ្តាលផ្នែកព័ត៌មានវិទ្យាដល់សិស្សនិស្សិតកម្ពុជា ក៏ដូចជាមន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជាផងដែរ។

ថ្នាក់ដឹកនាំទាំងពីរ បានវាយតម្លៃខ្ពស់ ចំពោះការរីកចម្រើននៃទំនាក់ទំនងនៃរដ្ឋសភាទំាងពីរ ហើយគូសបញ្ជាក់ផងដែរថា រដ្ឋសភាកម្ពុជា-ឥណ្ឌាក្នុងក្របខ័ណ្ឌពហុភាគីនានា បានគំាទ្រគ្នាទៅវិញទៅមក នៅលើវេទិកាអន្តរសភាជាច្រើន មានដូចជា APPF APF IPU និង AIPA ជាដើម។

គួរឱ្យដឹងដែរថា រដ្ឋសភាកម្ពុជាបានបង្កើតក្រុមមិត្តភាពសភាកម្ពុជា-ឥណ្ឌា ដែលក្រុមមិត្តភាពសភានេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សាភ្ជាប់ទំនាក់ទំនងប្រជាជននិងប្រជាជន ការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ វិស័យការទូតសភា ការចែករំលែកបទពិសោធន៍គ្នាលើការងារនីតិកម្ម និងការគាំទ្រគ្នាទៅវិញទៅមក នៅគ្រប់វេទិកាអន្តរសភាទាំងក្នុងតំបន់ និងសកលលោក៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក