ព្រះសីហនុ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងអំពីគោលនយោបាយ៣ ដែលធ្វើឲ្យប្រទេសកម្ពុជាអាចទាក់ទាញអ្នកវិនិយោគនិងកាន់តែមានតម្លៃ។
ថ្លែងនៅក្នុងជំនួបជាមួយនឹងកម្មករជាង ១ម៉ឺន ៥ពាន់នាក់នៅក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថាគោលនយោបាយ៣ ដែលកម្ពុជាកំពុងអនុវត្តបានត្រឹមត្រូវគឺ បញ្ចប់សង្គ្រាម សេដ្ឋកិច្ចបើកចំហរ និងការទូតត្រឹមត្រូវ។
សម្ដេចបានពន្យល់ថាការបញ្ចប់នៅសង្គ្រាមធ្វើឲ្យប្រទេសមានសន្តិភាព ខណៈដែលកម្ពុជាព្យាយាមបើកចំហសេដ្ឋកិច្ចរបស់ខ្លួនបន្ថែមទៀតដែលបានទាក់ទាញអ្នកវិនិយោគនិងបើកចំហរទីផ្សារជូនប្រជាពលរដ្ឋ។
សម្ដេចបានបន្ថែមថា គោលនយោបាយមួយទៀតដែលសំខាន់គឺជាគោលនយោបាយការទូតដែលត្រឹមត្រូវដែលប្រទេសកម្ពុជាមិនយកប្រទេសណាមួយជាសត្រូវនោះទេ ភាពត្រឹមត្រូវនៃការទូតនេះហើយធ្វើឲ្យកម្ពុជាអាចនាំចេញនូវផលិតផលទៅបណ្ដាប្រទេសនានាដោយគ្មានការរារាំង។
សម្ដេចថា៖ «គោលនយោបាយការទូតសំខាន់ណាស់! យើងនាំចេញទំនិញទៅអឺរ៉ុប ទៅមជ្ឈឹមបូព៌ា ទៅអាស៊ាន អត់មានយកប្រទេសណាមួយជាសត្រូវទេ។ ទោះជាពលរដ្ឋយើងទៅប្រទេសណាមួយក៏យើងអត់មានយកប្រទេសណាជាសត្រូវដែរ»៕