លោក ឯម ច័ន្ទមករា និងភរិយាចូលរួមអបអរសាទរជូនចំពោះលោកស្រី ពេជ ចន្ទមុន្នី ដែលទទួលបានពានកិត្តិយសថ្នាក់មាសពី FAPW
ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក ឯម ច័ន្ទមករា និងភរិយាបានចូលរួមផ្ញើសារអបអរសាទរជូនចំពោះលោកជំទាវទី១ និងជាអគ្គស្នងការសមាគមកាយឬទ្ធិនារីកម្ពុជា លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងឱកាសដែលលោកស្រីទទួលបានពានកិត្តិយសថ្នាក់មាស និងប្រកាសនីយបត្រថ្នាក់សកលរបស់ OB-PS ពីមិត្តកាយឫទ្ធិនារីតំបន់អាសុីប៉ាសុីហ្វិក។
លោករដ្ឋលេខាធិការ ឯម ច័ន្ទមករា បានលើកឡើងថា ការប្រគល់ពានកិត្តិយសពី FAPW ជូនចំពោះលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី គឺបានបង្ហាញនូវការទទួលស្គាល់ការខិតខំបំពេញកាតព្វកិច្ចដឹកនាំសមាគមកាយឬទ្ធិកម្ពុជារបស់លោកស្រីបណ្ឌិតនូវបេសកកម្មស្របតាមគោលបំណងរបស់សមាគមកាយឫទ្ធិនារីពិភពលោក (WAGGGS) ក្នុងការជួយអភិវឌ្ឍថាមពល កុមារី យុវតី ដើម្បីក្លាយទៅជាពលរដ្ឋល្អ ដែលធ្វើឲ្យកុមារី និងយុវតីកម្ពុជារស់នៅក្នុងសីលធម៌ សេរីភាព សមភាព សេចក្តីថ្លៃថ្នូរ និងមានមោទនភាព ចំពោះវប្បធម៌ និងអត្តសញ្ញាណរបស់ខ្លួន។
គួរឲ្យដឹងផងដែរថា មិត្តកាយឫទ្ធិនារីតំបន់អាសុីប៉ាសុីហ្វិកបានប្រគល់ពានកិត្តិយសថ្នាក់មាស និងប្រកាសនីយបត្រថ្នាក់សកលរបស់ OB-PS ជូនអគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា លោកស្រី ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅព្រឹកថ្ងៃអាទិត្យ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងសន្និបាតមិត្តកាយឫទ្ធិនារីលើកទី៧ ដែលប្រព្រឹត្តទៅនៅក្រុងសៀមរាប ខេត្តសៀមរាប ប្រទេសកម្ពុជា៕