ភ្នំពេញ៖ រដ្ឋសភាបានរៀបចំសិក្ខាសាលាមួយនៅព្រឹកថ្ងៃច័ន្ទ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ដើម្បីបញ្ជ្រាបការយល់ដឹងលើខណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈសម្រាប់រៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤។
សិក្ខាសាលានេះរៀបចំនៅវិមានសភាកម្ពុជា ព្រឹកថ្ងៃច័ន្ទនេះ ដឹកនាំដោយអនុប្រធានទី១សភាជាតិ លោក ជាម យៀប តំណាងរបស់សម្តេចសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដោយមានការអញ្ជើញចូលរួមពីឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសហការី អូន ព័ន្ធមុនីរ័ត្ន ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភាលោក ឈាង វុន និងសមាជិកព្រឹទ្ធសភា រដ្ឋសភា រួមទាំងតំណាងអង្គការ និងក្រសួងពាក់ព័ន្ធអញ្ជើញចូលរួម។
សិក្ខាសាលានេះមានគោលបំណងបញ្ជ្រាបការយល់ដឹងជូន សមាជិក សមាជិកា រដ្ឋសភា ព្រឹទ្ធសភា និងសាធារណជនឱ្យយល់ជ្រួតជ្រាបពីការកសាងក្របខ័ណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈសម្រាប់រៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤។
គួរឱ្យដឹងផងដែរថាសេចក្ដីព្រាងច្បាប់ស្ដីពីការហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ ត្រូវបានគណៈរដ្ឋមន្ត្រីប្រជុំអនុម័តកាលពីថ្ងៃទី២៧ ខែតុលា កន្លងទៅ និងត្រូវឆ្លងមកកាន់រដ្ឋសភាជាតិបន្ត។ ក្នុងឆ្នាំ២០២៤កម្ពុជាមានគម្រោងចំណាយប្រមាណ ៣៧ ១១០ ៤០៤លានរៀល ដែលមានស្មើនឹងជាង ៩ ២៧៧លានដុល្លារអាមេរិក៕